អានតួអត្ថបទ
តួកគី

តួកគី​ព្រមាន​ពី​ការ​វាយប្រហារ​ផលប្រយោជន៍​បស្ចិមលោក​នៅ​តួកគី​ពី​ពួកជីហាត

នៅ​ក្នុង​ប្រទេស​តួកគី ក្រសួង​ស៊ើបការណ៍សម្ងាត់​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍ ទី១៧ មករា​ដោយ​បញ្ចាក់​ថា មាន​មនុស្ស​ប្រមាណ​ជា ៣ ០០០នាក់​រស់នៅ​ក្នុង​ប្រទេស​តួកគី​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។ នៅ​ក្នុង​របាយការណ៍​ដដែល ក្រសួង​ស៊ើបការណ៍សម្ងាត់​ក៏​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​វាយប្រហារ​ប្រឆំាង​នឹង​ផលប្រយោជន៍​របស់​លោកខាងលិច​នៅ​ក្នុង​ប្រទេស​តួកគី។ គួរ​ជម្រាប​ជូន​ថា តួកគី​តែងតែ​ទទួល​ការ​ចោទ​ប្រកាន់​ពី​បស្ចិមលោក​ពី​បទ​មិន​បាន​ចូលរួម​ឲ្យ​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ពួក​ជីហាត​ដែល​ឆ្លង​កាត់​តាម​ទឹកដី​ខ្លួន។

លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី
លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នៅ​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជា ៣ ០០០នាក់​ដែល​ក្រសួង​ស៊ើបការណ៍​សម្ងាត់​តួកគី​បាន​លើក​ឡើង​ថា​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នោះ មាន​ជនជាតិ​អ្វី​ខ្លះ មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​យ៉ាង​ម៉េច និង​ដែល​ពួក​គេ​ម្នាក់​កំពុង​រៀបចំ​ធ្វើ​អ្វី​ខ្លះ​ទេ​នៅ​ក្នុង​ប្រទេស​តួកគី។ អ្វី​ដែល​គេ​ដឹង ក្រសួង​ស៊ើបការណ៍​សម្ងាត់​តួកគី​បាន​ទាញ​សញ្ញាអាសន្ន​ប្រាប់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​ឲ្យ​ប្រុង​ជើងការ និង​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​វាយប្រហារ​ប្រឆំាង​ផលប្រយោជន៍​របស់​បស្ចិមលោក​ក្នុង​ប្រទេស​តួកគី។ យោង​តាម​របាយការណ៍​ដដែល ប្រជាជន​ស្បែក ស និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អង្គការ​អូតង់ គឺ​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ស៊ើបការណ៍សម្ងាត់​តួកគី​ក៏​បាន​ទាញ​សញ្ញា​អាសន្ន​ពី​ការ​វាយប្រហារ​ចោល​គ្រាប់បែក​នៅ​ពេល​ណា​ក៏​បាន និង​នៅ​ទីណា​ក៏​បាន​ក្នុង​ទឹកដី​តួកគី។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​តួកគី​បាន​ថ្លែង​ថា មាន​ប្រជាជន​តួកគី​រហូត​ដល់​ទៅ ៧០០នាក់​បាន​ចេញ​ទៅ​ចូល​រួម​ជាមួយ​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ដែល​ពួក​នេះ​ឯង​អាច​នឹង​បង្ក​ភេរវកម្ម​ក្នុង​ប្រទេស​តួកគី​​នៅ​ពេល​វិល​ត្រលប់​ចូល​ស្រុកកំណើត​វិញ។ រូប​លោក​ប្រមុខ​ការទូត​តួកគី​ក៏​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ធ្លាប់​បាន​ហាម​ឃាត់​មនុស្ស​ប្រមាណ​ជា ៧ ២៥០នាក់​មិន​ឲ្យ​ចូល​ទឹកដី​តួកគី ដោយ​ពួក​នេះ​ជាប់​សង្ស័យ​ពី​បទ​បាន​ទៅ​ចូលរួម​ជាមួយ​ពួក​ជីហាត​នៅ​ស៊ីរី និង​ក៏​បាន​បណ្តេញ​ជន​សង្ស័យ​ចេញ​ពី​តួកគី​ចំនួន ១ ១៦០នាក់​ដែរ។ ដោយឡែក​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ លោក​ប្រមុខ​ការទូត​តួកគី​បាន​អះអាង​ថា ស្រ្តី​ឈ្មោះ Hayat Boumeddienne ដែល​ជា​ប្រពន្ធ​របស់​សព​អ្នក​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​នៅ​ប៉ារីស​បាន​ទៅ​ដល់​ស៊ីរី​កាល​ពី​ថ្ងៃទី៨ មករា​ដោយ​ឆ្លង​កាត់​ប្រទេស​តួកគី។

គួរ​ជម្រាប​ជូន​ថា ជានិច្ចកាល ក្រុមប្រទេស​លោកខាងលិច​តែងតែ​ចោទ​តួកគី​ពី​បទ​មិន​បាន​រួម​សហការណ៍​ឲ្យ​បាន​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ពួក​ជីហាត​ដែល​ឆ្លង​កាត់​តាម​ទឹកដី​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ