អានតួអត្ថបទ

ជំនួប​កំពូល​ស្តីពី​សមុទ្ទ​ ប្រមូល​ជំនួយ​បាន​ជាង​១១,៥​ពាន់​លាន​សម្រាប់​ថែមហាសាគរ

ជំនួប​កំពូល​អន្តរជាតិ​ស្តីពី​សមុទ្ទ​បាន​បិទ​បញ្ចប់​នៅថ្ងៃពុធ​ ទី ១៧​មេសា នៅ​ប្រទេសក្រិក ជាមួយ​នឹង​ការ​សន្យា​ផ្តល់​ជំនួយ​ជាង​១១លាន​៥សែន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ក្រិក ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​ប្រចាំ​ឆ្នាំ។ តើ​អន្តរជាតិ​នឹង​សន្យា​ជួយ​សមុទ្ទ​យ៉ាង​ណា​ខ្លះ?

ជំនួប​កំពូល​ស្តីពី​សមុទ្ទ​ ប្រមូល​ជំនួយ​បាន​ជាង​១១,៥​ពាន់​លាន​សម្រាប់​ថែមហាសាគរ
ជំនួប​កំពូល​ស្តីពី​សមុទ្ទ​ ប្រមូល​ជំនួយ​បាន​ជាង​១១,៥​ពាន់​លាន​សម្រាប់​ថែមហាសាគរ © OurOceanGreece
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​តែ​មួយ​គត់​ទាក់ទង​នឹង​​សមុទ្ទ​បាន​រៀប​ចំ​ធ្វើ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤ និង​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្តង។ កាលណោះ ជំនួប​កំពូល​ប្រមូល​ថវិកា​ជំនួយ​​សម្រាប់​ធ្វើ​វិនិយោគ​ការ​អភិរក្ស​សមុទ្ទ​ បាន​ជាង​​១៣០ពាន់​លាន​ដុល្លារ។ នៅ​ឆ្នាំ​នេះ សន្និសីទអន្តរជាតិ​ប្រព្រឹត្ត​ទៅ​ប្រទេស​ក្រិក រយៈ​ពេល​បី​ថ្ងៃ ដោយមាន​ការ​ចូល​រួម​ពី​១៣០ប្រទេស​និង​ស្ថាប័ន​អង្គការអន្តរជាតិ​នានា បាន​​បិទ​បញ្ចប់​នៅថ្ងៃ​ពុធ​ទី ១៧មេសា។

​ជា​ឱកាស​ជជែក​ពិភាក្សា​អំពី​គ្រប់​បញ្ហា​ទាក់ទង​នឹងមហាសាគរ ជំនួប​កំពូល​សមុទ្ទឆ្នាំ​នេះ សម្រួច​ចំណាប់​អារម្មណ៍​ជាពិសេស​ទៅ​លើចីរភាព​​នៃ​វិស័យ​ទេសចរណ៍​​ នៅ​តាម​តំបន់​ឆ្នេរ តំបន់​កោះ​ និង​វិស័យ​ដឹក​ជញ្ជូន​តាម​សមុទ្ទ ដោយ​គោរព​បរិស្ថាន និង​ការ​កាត់​បន្ថយ​ប្លាស្ទិក មីក្រូប្លាស្ទិក ព្រមទាំង​ការ​ធ្វើ​អន្តរកាលបៃតង​​សមុទ្ទ​មេឌីទែរ៉ាណេ។ ជា​លទ្ធផល អ្នក​ចូលរួមក្នុង​​សន្និសីទ​ទាំងអស់​បាន​សន្យា​បញ្ចេញ​សកម្មភាព​ ដោយ​រៀប​គម្រោងដែល​មាន​កម្មវត្ថុ​ថែរក្សា​ការពារ​សមុទ្ទ​​ប្រមាណ​៥០០គម្រោង ជាមួយ​ទឹក​ប្រាក់​សរុប​ជាង​១១ពាន់​លាន​កន្លះ​ដុល្លារ​។

សហភាព​អឺរ៉ុប​ប្រកាស​កាន់​គម្រោង​ចំនួន​៤០​ សម្រាប់​ឆ្នាំ​២០២៤​នេះ ដែល​មាន​ទំហំ​៣ពាន់​៥រយ​លាន​អឺរ៉ូ។ ជា​គម្រោង​ទឹក​ប្រាក់​ដ៏​ធំ​សម្បើម​មិនធ្លាប់​មាន​ទេ​សម្រាប់​សហភាព​អឺរ៉ុប​គិត​ចាប់​តាំង​ពី​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សមុទ្ទ​បាន​បង្កើត​ឡើង។ កាលពី​ឆ្នាំ​ទៅ​អឺរ៉ុប​ចំណាយ​តែ​ប្រមាណ​ជាង​៨១៦​,៥​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ ក្នុង​គម្រោង​ទាក់ទង​នឹង​សមុទ្ទ។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ បាន​ប្រកាស​សន្យា​ផ្តល់​ជំនួយ​ជាង​កន្លះពាន់​លាន ក្នុង​ការ​ជួយ​ថែរក្សា​ជីវៈចម្រុះ​ក្រោម​សមុទ្ទ សម្រាប់​តាម​ដាន​សង្កេត​សមុទ្ទ និង​សម្រាប់​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​ជា​មុន​ដល់​បណ្តាសហគមន៍​​ប្រទេស​កូន​កោះ។ ក្រិក​ជា​ម្ចាស់​ផ្ទះ ក៏​បាន​ប្រកាស​ផ្តួច​ផ្តើម២១​​គម្រោង​ គិត​ជាង​ទឹក​ប្រាក់​៧៨០​លាន​អឺរូ សម្រាប់​ការពារ​ជីវៈ​ចម្រុះ​ក្រោម​សមុទ្ទ​ដែរ។ រដ្ឋាភិបាល​ក្រិក​ចង់​បង្កើត​​ឧទ្យានជាតិ​ថ្មី​ពីរ នៅ​ក្នុង​សមុទ្ទ​Egée សម្រាប់​អភិរក្ស​សត្វ​ស្លាប​សមុទ្ទ និង​នៅក្នុង​សមុទ្ទ​ Ionienne សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​និង​អណ្តើក។ តែ​គម្រោង​ត្រូវ​រង​ការ​ប្រឆាំង​ដោយ​តួកគី​ជិត​ខាង ដែល​ចោទ​ក្រិក​ថា​ចង់យក​លេស​ការពារ​បរិស្ថាន​សម្រាប់​កេង​ចំណេញ​ដែន​ទឹក​ក្នុង​សមុទ្ទEgée​ជាប់​ជម្លោះ​ជាមួយ​តួកគី។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​ទៅ​សន្និសីទ​សមុទ្ទយើង នៅ​ប្រទេស​ប៉ាណាម៉ា ប្រមូល​បាន​ថវិកា​ចំនួន​១៩ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សម្រេចគម្រោង​ការ​ពារ​បរិស្ថាន​សមុទ្ទ ដូច​ជា​​ធានា​ឱ្យ​មាន​ការ​នេសាទ​បែប​ចីរភាព គ្មាន​ការ​បំពុល​បរិស្ថាន​សមុទ្ទ​ សន្តិសុខ​ចរាចរណ៍​ផ្លូវ​សមុទ្ទ និង​តំបន់​អភិរក្ស។ ​​​ឆ្នាំ​ក្រោយជំនួប​​នឹងរៀប​ចំធ្វើ​នៅ​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ