អានតួអត្ថបទ

លោកពូទីន ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី

ម៉ូស្គូចាត់វិធានការ ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី។ ចំពោះម៉ូស្គូ ចំណាត់ការរបស់រុស្ស៊ីជាចម្លើយតបទៅនឹងការដាក់សម្ពាធ ទណ្ឌកម្ម​ពីខាងប្រទេសខាងលិចមកលើ​បណ្តាក្រុមហ៊ុនរុស្ស៊ី។ ចំណែក បស្ចិម លោក និង សហគ្រាសខ្លះនៃប្រទេសខាងលិច នាំគ្នាបរិហារវិធានការរបស់រុស្ស៊ី ថាជា” ការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់ប្រទេសដទៃ”។

ក្រឹត្យរុស្ស៊ីសម្រេច ផ្ទេរក្រុមហ៊ុនអ៊ីតាលី ទៅក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន GazpromHouseholdSystems ដែលជាសាខានៃក្រុមហ៊ុនយក្សរបស់រដ្ឋរុស្ស៊ី Gazprom
ក្រឹត្យរុស្ស៊ីសម្រេច ផ្ទេរក្រុមហ៊ុនអ៊ីតាលី ទៅក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន GazpromHouseholdSystems ដែលជាសាខានៃក្រុមហ៊ុនយក្សរបស់រដ្ឋរុស្ស៊ី Gazprom AP - PIER PAOLO CITO
ផ្សាយពាណិជ្ជកម្ម

ស្របនឹងក្រឹត្យរុស្ស៊ី ចុះហត្ថលេខាថ្ងៃព្រហស្បតិ៍ទី ២៥ មេសា ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន សាខារបស់ក្រុមហ៊ុន Aristona ចាប់ពីអំណើះតទៅត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋរុស្ស៊ី។ ក្រឹត្យនេះ ផ្ទេរទៅក្រុមហ៊ុន GazpromHouseholdSystems ដែលជាសាខានៃក្រុមហ៊ុនយក្សរបស់រដ្ឋរុស្ស៊ី Gazprom គឺ ការត្រួតត្រា ក្នុងទំហំ ១០០% លើហ៊ុនរបស់សហគ្រាសរុស្ស៊ី Aristona Thermo Rus  ដែលជា កម្មសិទ្ធិរបស់ Aristona Holding NV និង ការត្រួតត្រា ១០០% លើភាគហ៊ុន របស់ក្រុមហ៊ុនរុស្ស៊ី BSH HouseholdAppliances ដែលស្ថិតនៅក្នុងដៃក្រុមហ៊ុនអាល្លឺម៉ង់ BSH HausgerateGmbH ។

នៅថ្ងៃសៅរ៍ទី ២៧ មេសា ក្រសួងការបរទេសអ៊ីតាលី បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ក្រោយពីម៉ូស្គូ បានប្រកាសដាក់សាខា បណ្តុំក្រុមហ៊ុន Aristona Thermo Group នៅក្រោម”ការត្រួតត្រាបណ្តោះអាសន្ន” នៃក្រុមហ៊ុនថាមពល យក្សរុស្ស៊ី Gazprom។ ចំណែក សាខាក្រុមហ៊ុនអាល្លឺម៉ង់ Bosch ក៏ជួបជោគវាសនានេះដែរ។ នេះបើតាមសេចក្តីថ្លែង​របស់​ប្រមុខការទូតអ៊ីតាលី លោក Antonio Tajani ។  នៅលើបណ្តាញសង្គម X លោក Tajani បានប្រតិកម្មជាអាទិ៍ ៖ នៅក្រុងរ៉ូម “រដ្ឋាភិបាលទាមទារឲ្យបំភ្លឺដាច់ខាត ជុំវិញរឿងរុស្ស៊ីធ្វើជាតូបនីយកម្មក្រុមហ៊ុន Aristona Thermo  Group ដែលជា សហគ្រាស​អ៊ីតាលីមានឯកទេសកម្មខាងផ្គត់ផ្គង់កំដៅក្នុងអគាររស់នៅ និងខាងផលិតទឹកក្តៅ ។

តបនឹងសំនួរ AFP ជុំវិញដំណឹងនេះ ក្រុមហ៊ុន BSH HausgerateGmbH និយាយថា “ខ្លួន កំពុងទាក់ទងជាមួយ ភាគីដែលចាត់តាំងឲ្យគ្រប់គ្រង គឺក្រុមហ៊ុនរុស្ស៊ី Gazprom HauseholdSystems ។ សហគ្រាស អាល្លឺម៉ង់ សារភាពថា មិនអាច​ធ្វើអត្ថាធិប្បាយ​អ្វីផ្សេងឡើយ ក្នុងដំណាក់កាលឥឡូវនេះ។

ពីចំណែកខ្លួន អ្នកនាំពាក្យសហភាពអឺរ៉ុប បានថ្លែងថ្កោលទោស វិធានការនេះ ដែលជាសក្ខីកម្មថ្មីនៃ ការមាក់ងាយរបស់រុស្ស៊ី ចំពោះច្បាប់ស្តីពីសណ្តាប់ធ្នាប់អន្តរជាតិ។ ភាគីអឺរ៉ុបបានអំពាវនាវម៉ូស្គូ ឲ្យពិនិត្យឡើងវិញ សេចក្តីសម្រេចរបស់ខ្លួន។

តាំងពីពេលលុកលុយចូលអ៊ុយក្រែនមក ម៉ូស្គូ បានដណ្តើមយកសាខានានានៃ ក្រុមហ៊ុនជាច្រើន របស់ប្រទេសខាងលិច បែបយ៉ាង ក្រុមហ៊ុន Danone , ក្រុមហ៊ុនដាណឺម៉ាក Carlsberg ខាងផលិត ស្រាបៀរ ដោយដាក់សាខាទាំងនោះទៅនៅក្រោមអ្វី ដែលរុស្ស៊ី ហៅថា “ ការត្រួតត្រាបណ្តោះអាសន្ន “៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ