ទស្សនកិច្ចលោកស៊ី ជីនពីងនៅបារាំង វិលវល់ជុំវិញសង្គ្រាមអ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្ម
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស កាលពីរសៀលថ្ងៃអាទិត្យទី៥ឧសភា ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃនៅបារាំង។ នៅថ្ងៃចន្ទទី៦ឧសភា លោកស៊ី ជីនពីង ត្រូវជួបប្រជុំ ជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកស្រីប្រធានគណៈកម្មការអឺរ៉ុប។ សំណុំរឿងធំៗពីរ ដែលថ្នាក់ដឹកនាំទាំង៣ នឹងត្រូវលើកមកនិយាយគ្នា គឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងរឿងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:៣៣
ចុះពីយន្តហោះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងភរិយា ត្រូវបានទទួលស្វាគមន៍ ដោយលោកហ្កាប្រ៊ីយែល អាតាល់ នាយករដ្ឋមន្ត្រីបារាំង កាលពីរសៀលថ្ងៃអាទិត្យទី៥ឧសភា។ នៅថ្ងៃចន្ទ លោកស៊ី ជីនពីង បានទៅដល់វិមានអេលីហ្សេ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិសេសមួយ ជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង និងលោកស្រី អៀរស៊ូឡា វុនដឹឡេយេន។ វត្តមានរបស់លោកស្រីប្រធានគណៈកម្មាអឺរ៉ុបនេះ គឺសបញ្ជាក់ថា ការប្រជុំពិភាក្សាជាមួយលោកប្រធានាធិបតីចិន គឺបារាំងរៀបចំធ្វើនៅក្នុងបរិបទអឺរ៉ុបទាំងមូល។
បញ្ហាសង្គ្រាម២ជាសំណុំរឿងធំៗ ដែលអឺរ៉ុបត្រូវនិយាយជាមួយលោកប្រធានាធិបតីចិន នោះគឺសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យកាសែត La Tribune dimanche លោកប្រធានាធិបតីម៉ាក្រុងបានទទួលស្គាល់ ថាប្រទេសអឺរ៉ុបមានការយល់ឃើញមិនដូចគ្នាទេ ទាក់ទិននឹងបញ្ហាពាណិជ្ជកម្មជាមួយចិន។ ប្រទេសខ្លះគិតឃើញត្រឹមថា ចិនជាទីផ្សារដ៏ធំនិងសំបូរឱកាសជំនួញ។ លោកម៉ាក្រុងបានបន្ថែមថា តែទន្ទឹមនឹងនេះ ចូរកុំភ្លេចថាចិន កំពុងតែសំរុកនាំចូលទំនិញមកជន់ជោរពេញអឺរ៉ុប ឯអឺរ៉ុបវិញត្រូវបិទរោងចក្រ ពឹងផ្អែកលើទំនិញចិន។ ដូច្នេះ អឺរ៉ុបត្រូវតែរកវិធីការពារខ្លួន ការពារសន្តិសុខ និងផលប្រយោជន៍ ហើយទាមទារឲ្យមានភាពយុត្តិធម៌ សមភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។
ដូចគ្នាដែរ មុនពេលចូលប្រជុំព្រឹកថ្ងៃចន្ទ លោកស្រី អៀរស៊ូឡា វុនដឹឡេយេន បានលើកឡើងថា តាងនាមឲ្យសហភាពអឺរ៉ុប គឺលោកស្រីនឹងនិយាយដោយត្រង់ៗ ដើម្បីឲ្យភាគីចិនធានាឲ្យបាននូវការប្រកួតប្រជែងពាណិជ្ជកម្ម ប្រកបដោយភាពស្មោះត្រង់ និងមានសមភាព។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា បច្ចុប្បន្នរដ្ឋចិនបានចំណាយប្រាក់ជួយឧបត្ថម្ភដល់ការផលិតទំនិញយុទ្ធសាស្ត្រមួយចំនួន ជាក់ស្តែងរថយន្តអគ្គីសនី និងដែកថែប ដើម្បីសំរុកយកមកលក់នៅអឺរ៉ុបក្នុងតម្លៃថោក។ ទង្វើបែបនេះ វាគឺជាការធ្វើពាណិជ្ជកម្មបែបមិនស្មោះត្រង់។
ទាក់ទិនបញ្ហាសង្គ្រាមនៅអ៊ុយក្រែនវិញ បើផ្អែកតាមវិមានប្រធានាធិបតីបារាំង គឺលោកម៉ាក្រុង មានចេតនាបញ្ចុះបញ្ចូលលោកស៊ី ជីនពីង ក្នុងនាមជាមហាមិត្តរបស់លោកពូទីន ឲ្យទៅនិយាយជាមួយភាគីរុស្ស៊ី ដើម្បីរកច្រកផ្លូវបិទបញ្ចប់សង្គ្រាម។ លោកស៊ី ជីនពីង បានផ្តល់បទសម្ភាសន៍ឲ្យកាសែតបារាំង Le Figaro ដោយលោកបានលើកថា ចិនពិតជាចង់ចូលរួមធ្វើឲ្យស្ថិរភាព និងសន្តិភាពត្រលប់មកវិញនៅអឺរ៉ុប។ លោកស៊ី ជីនពីងបន្តថា ចិននឹងចាប់ដៃគ្នាជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាស្វែងរកច្រកផ្លូវ ឈានទៅដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
សូមបញ្ជាក់ថា តាមការគ្រោងទុក ចេញពីប៉ារីស នៅថ្ងៃអង្គារទី៧ឧសភា លោកម៉ាក្រុងនិងលោកស៊ី ជីនពីង នឹងធ្វើដំណើរទៅតំបន់ភ្នំ Pyrénées ភាគនិរតីបារាំង។ គូស្វាមីភរិយានៃប្រធានាធិបតីទាំង២ នឹងពិសារអាហារថ្ងៃត្រង់ជុំគ្នា ដែលជាឱកាសបង្កើតភាពស្និទ្ធស្នាល ជាលក្ខណៈឯកជន។ នេះក៏ជាឱកាសដ៏ល្អ ដើម្បីឲ្យលោកម៉ាក្រុង អាចនិយាយដោះដូរយោបល់ដោយត្រង់ៗ ទាក់ទិននឹងបញ្ហាសង្គ្រាមអ៊ុយក្រែន។
គួរកត់សំគាល់ដែរថា ស្របពេលដែលលោកស៊ី ជីនពីង ធ្វើដំណើរមកដល់ទីក្រុងប៉ារីស ក្រុមសកម្មជនជាច្រើននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅទីក្រុងប៉ារីស ដើម្បីបរិហារអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅចិន ធ្វើឡើងក្រោមអំណាចកណ្តាប់ដៃដែករបស់ស៊ី ជីនពីង។ ក្បួនបាតុកម្មបានស្រែកទាមទារសិទ្ធិសេរីភាព ជូនប្រជាជនអ៊ុយហ្កួរក្នុងខេត្តស៊ីនជាំង និងប្រជាជនទីបេ ដែលត្រូវអាជ្ញាធរចិនកៀបសង្កត់ បំបាត់ប្រពៃណីវប្បធម៌បន្តិចម្តងៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ