អានតួអត្ថបទ
ចិន-បារាំង

បារាំង៖ ចិនធ្វើចារកម្មលួច​យកការណ៍​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទូទាំង​ពិភពលោក

រដ្ឋអំណាច​ចិន ធ្វើចារកម្មលួច​យកការណ៍​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទ្រង់ទ្រាយ​ធំ ទូទាំង​ពិភពលោក​។ នេះជា​ការ​ចោទប្រកាន់ជាថ្មី​របស់​បណ្តាអ្នក​តំណាងរាស្ត្រ​និង​ព្រឹទ្ធសមាជិកបារាំង ក្នុង​សេចក្តីដូចគ្នានឹង​ការ​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិកនិង​ប្រទេស​អឺរ៉ុប​ផ្សេងទៀតដែរ​​។ ក្រៅពី​បាន​ប្រកាស​អាសន្នឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចោរព័ត៌មាន​វិទ្យា​ចិន, ​អ្នក​តំណាងរាស្ត្រ​បារាំងក៏បានស្តីបន្ទោស​រដ្ឋាភិបាល​បារាំងខ្លួនឯង​​ដែល​មិនព្រមចាត់វិធានការ​ឲ្យ​ធ្ងន់ធ្ងរ​ចំពោះ​«សកម្ម​ភាព​បង្ក​សង្គ្រាម»របស់ចិន។ ការព្រមាន​​យ៉ាងដូច្នេះ​ ធ្វើឡើង​តែ២​ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​មក​ដល់​របស់ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ទីក្រុង​ប៉ារីស​។​​ ​

​ចិនធ្វើចារកម្មលួច​យកការណ៍​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទ្រង់ទ្រាយ​ធំទូទាំង​ពិភពលោក​។
​ចិនធ្វើចារកម្មលួច​យកការណ៍​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទ្រង់ទ្រាយ​ធំទូទាំង​ពិភពលោក​។ © Edgar Su, Reuters
ផ្សាយពាណិជ្ជកម្ម

«យើងប្រឈម​ការ​វាយ​ប្រហារជ្រៀតជ្រែកឈ្លបចូលលួចស៊ើបការណ៍​​​ ពីសំណាក់​ក្រុម​​ចោរ​ព័ត៌មានវិទ្យា​​របស់​ចិន។»​ នេះបើតាម​ការ​ប្រកាស​​របស់​សមាជិក​ព្រឹទ្ធសភា​បារាំង លោក​ Olivier Cadic ដែល​ជា​មនុស្ស​ម្នាក់​​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​បារាំង ៦ នាក់ ​រងគ្រោះ​ព្រោះតែ​សកម្មភាព​លួច​ស៊ើបយកការណ៍​តាម​ប្រព័ន្ធ​​អ៊ីន​ធ័រ​នែត​។ ​ប្រតិកម្ម​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បារាំងដូច្នេះ ​បាន​ធ្វើឡើង ​មុន​តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ ដែល​ ប្រមុខរដ្ឋចិន​លោក ស៊ី ជីនពីង​ នឹងត្រូវ​មកទាន់​ដីបារាំង ដើម្បី​រឹត​ចំណង​ទាក់ទងទ្វេភាគី​។

ដើមហេតុ​ដំបូង ក្នុង​ឆ្នាំ២០២១ ក្រុម​ចោរព័ត៌មាន​វិទ្យា​ចិន ​​ក្រោម​ឈ្មោះថា APT31 បាន​ផ្ញើ​សារសំបុត្រ​អេឡិច​ត្រូនិច​​​ទៅ​អ៊ីម៉ែលផ្ទាល់ខ្លួន​របស់​អ្នក​តំណាងរាស្ត្រ​និង​ព្រឹទ្ធសមាជិក​បារាំង ដោយ​មាន​ផ្ទុក​មេរោគ​មួយ​ឈ្មោះ​ថា Cheval de Troie។ កាលណោះ ប្រព័ន្ធរក្សាសុវត្ថិភាព​សន្តិ​សុខ​​​អ៊ីនធ័រនែត របស់រដ្ឋសភា និង​ព្រឹទ្ធសភា​បារាំង ក៏បាន​ប្រកាស​អាសន្ន​ឲ្យ​ប្រុងប្រយ័ត្ន​ដែរ។​ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៤ ទើប​អ្នក​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​បារាំង ដឹងខ្លួន​ថា​បាន​ធ្លាក់​ចូល​ក្នុង​បញ្ជី​ជនគ្រោះ។ នេះក៏ព្រោះតែ​របាយការណ៍​ស៊ើប​អង្កេត​របស់​សហរដ្ឋអាមេរិក ដែល​ទើប​តែ​ទម្លាយ​ចេញ​ថ្មីៗ។​

ផ្នែក​តាម​ការ​ស៊ើប​អង្កេត​របស់​​​សហរដ្ឋ​អាមេរិក, ក្រុម​ចោរព័ត៌មាន​វិទ្យា​ចិន ​APT31 បាន​ផ្ញើ​សារសំបុត្រ​​អេឡិចត្រូនិក​ ជាង ​១០ ០០០ ដែល​មាន​ផ្ទុកកម្មវិធី​​មេរោគស៊ើបឆ្មកយកការណ៍ ទៅកាន់​បណ្តា​ក្រុម​ហ៊ុន​​គោលដៅស៊ីប, ផ្ញើ​ទៅកាន់​អ្នក​នយោបាយ ហើយនិង បេក្ខជនឈរឈ្មោះ​​បោះឆ្នោត​ ព្រមទាំង​អ្នកកាសែត​ ដែល​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​គោលដៅ​វាយប្រហារ​សំខាន់ៗ​ផ្សេងទៀត​​។ ករណី​វាយប្រហារ​អ៊ីនធ័រនែត​ចំពោះ​សភាបារាំង​ ក៏ព្រោះតែ​កាលពីអំលុង​ឆ្នាំ​២០២០-២០២១ ពួកសមាជិក​​សភាព​បារាំង​កំពុងតែដុត​ដៃដុត​ជើង​​បើក​អង្កេត​សំណុំរឿងជំងឺកូវីដ១៩, ការ​រឹតត្បិត​សិទ្ធមនុស្ស​លើជនជាតិ​ភាគតិច​អ៊ុយហ្គួរ និង​ករណី​​បាតុកម្ម​នៅហុងកុង។

ការប្រើ​អ៊ីម៉ែលផ្ទុកកម្មវិធី​​មេរោគស៊ើបឆ្មកយកការណ៍ពី​ចិន​បែបនេះ សមាជិកសភា​នៃ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត តួយ៉ាង​ អង់គ្លេស បែលហ្ស៊ិក កាណាដា អាល្លឺម៉ង់ និង​ដាណឺម៉ាក ​ ក៏បាន​អះអាង​ថា មា​នទម្រង់​សំបុត្រ​អេឡិចត្រូនិក​បែបនោះ​ផ្ញើមក​កាន់ខ្លួន​ដែរ ហើយអ្នក​តំណាងរាស្ត្រ​អឺរ៉ុប​ក៏​បាន​​សម្តែង​ក្តីបារម្ភ​យល់​ឃើញ​ដូចគ្នា​នឹង​សមាជិក​សភា​បារាំង​ពេល​នេះ​​ដែរ​​។​

ក្នុង​សំណុំរឿងនេះ ​សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុប​​បច្ចិម​លោកចោទប្រកាន់ថា ការ​ធ្វើ​ប្រតិបត្តិការ​លួច​ស៊ើប​យក​ការណ៍​តាម​ប្រព័ន្ធអ៊ីនធ័រនែត​ ត្រូវ​រដ្ឋ​អំណាច​ចិន​ប្រើ​ជាមធ្យោបាយ​ទ្រង់ទ្រាយ​ធំ​ នៅទូទាំង​ពិភពលោក។ ​រដ្ឋបាល​ក្រុង​ប៉េកាំង​បដិសេធ​ច្រាន​ចោល និង​ចាត់ទុកថា​​ ការ​ចោទប្រកាន់គ្មាន​មូលដ្ឋានអ្វីសោះ។ ​​​ ចិន​បាន​ចោទបកថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោនទៅវិញទេ ដែល​ជា​មេឃ្លោង​ធំ​ខាងលួច​​ស៊ើប​យក​ការណ៍​​​តាម​ប្រព័​ន្ធ​អ៊ីន​ធ័រ​នែត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ