អឺរ៉ុបនៅទន់ខ្សោយមិនទាន់ត្រៀមខ្លួន នៅចំពោះមុខការវាយលុករបស់ក្រុមចារកម្មចិន
នៅសប្តាហ៍នេះ ប្រទេសនៅអឺរ៉ុបចំនួន ២ គឺអាល្លឺម៉ង់ និងអង់គ្លេសបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ចារបុរសចិន និងជនជាតិរបស់ខ្លួនដែលលួចយកការណ៍ ទៅប្រគល់ឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់ចិន។ នៅថ្ងៃសុក្រទី ២៦ មេសា តុលាការអង់គ្លេសទើបចោទប្រកាន់ជនជាតិអង់គ្លេស២នាក់ នៅក្នុងបទលួចលក់ព័ត៌មានទៅឱ្យរដ្ឋបរទេស។ ករណីចាប់ខ្លួនអ្នកលួចយកការណ៍ទៅឲ្យចិន នៅក្នុងទឹកដីអាល្លឺម៉ង់ ឬអង់គ្លេស ឆ្លុះបញ្ចាំងពីការលូកដៃចូលកាន់តែជ្រៅរបស់បណ្តាញចារកម្មចិននៅទឹកដីអឺរ៉ុប ខណៈពេលអឺរ៉ុបខ្លួនឯងនៅទន់ខ្សោយ មិនទាន់ត្រៀមលក្ខណៈការពារខ្លួន នៅចំពោះមុខបណ្តាញស៊ើបការណ៍សម្ងាត់ចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:៤២
នៅតុលាការទីក្រុងឡុងដ៍ ជនជាតិអង់គ្លេស២នាក់ ដែល១នាក់ធ្វើការជាអ្នកស្រាវជ្រាវនៅក្នុងសភាអង់គ្លេស បានចូលទៅបង្ហាញខ្លួន នៅបន្ទាប់ពីរងបទចោទប្រកាន់ថា បានលក់អត្ថបទ កំណត់ត្រា ឯកសារទៅឱ្យរដ្ឋបរទេស។ បុរសទាំងពីរនាក់ត្រូវប៉ូលិសអង់គ្លេសចាប់ខ្លួន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពោលគឺថ្ងៃតែមួយដែលអាជ្ញាធរអាល្លឺម៉ង់បានចាប់ឃុំជនជាតិអាល្លឺម៉ង់៣នាក់ ដែលគេសង្ស័យថា បានលួចបញ្ជូនព័ត៌មានស្តីពីបច្ចេកវិទ្យាជើងទឹកទៅឲ្យទីក្រុងប៉េកាំង។ នៅថ្ងៃចន្ទដដែល ប៉ូលិសអាល្លឺម៉ង់ក៏បានចាប់ខ្លួនចារបុរសចិនម្នាក់ដែរបន្លំខ្លួនធ្វើការជំនួយការរបស់អ្នកតំណាងរាស្រ្តអាល្លឺម៉ង់ នៅសភាអឺរ៉ុប។
ករណីចាប់ខ្លួនជាបន្តបន្ទាប់ ចារបុរសចិន និងអ្នកដែលលួចយកការណ៍សម្ងាត់នៅទឹកដីអឺរ៉ុប ទៅលក់ឲ្យចិន ជាការបញ្ជាក់ក្តីបារម្ភរបស់ប្រទេសលោកខាងលិច ពីសកម្មភាពធ្វើចារកម្មដ៏កម្រោលរបស់ចិន។ តាមអ្នកវិភាគមួយចំនួន ជាមួយការរីកចម្រើនរហូតក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ និងមានសក្តានុពលយោធា ចិនក៏បានអភិវឌ្ឍ ក្លាយខ្លួនយ៉ាងឆាប់រហ័ស ជាប្រទេសដែលមានភ្នាក់ងារស៊ើបការណ៍សម្ងាត់ដ៏មានកម្លាំងខ្លាំងក្លានៅក្នុងពិភពលោក។ នៅទឹកដីអឺរ៉ុប ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិនបានប្រើគ្រប់មធ្យោបាយដើម្បីមានបណ្តាញអ្នកលួចយកការណ៍ឲ្យខ្លួន មិនថា អ្នកទាំងនោះជាជនជាតិអឺរ៉ុប ឬអ្នកមានដើមកំណើតចិន។
លោកAlexandre Papaemmanuelអ្នកជំនាញខាងចារកម្មនៅទីក្រុងប៉ារីសបានពន្យល់ថា តាំងពីដើមរៀងមក ចិនបានជាប់ឈ្មោះថា បានជួលមនុស្សឲ្យលួចយកព័ត៌មានសម្ងាត់ទាក់ទងនឹងធនធាន អាជ្ញាប័ណ្ណ ឬយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអឺរ៉ុប។ ប៉ុន្តែ អឺរ៉ុបបានបិទភ្នែក មិនយកចិត្តទុកដាក់។ បើតាមអ្នកជំនាញខាងលើ ម្យ៉ាងអឺរ៉ុបអាចនៅឆោតល្ងង់ ដោយគិត ជឿទុកចិត្តខ្លាំងពេកទៅលើសកលភាវូបនីយកម្ម។
ជាក់ស្តែង នៅពេលសហរដ្ឋអាមេរិកចាប់ប្រើយុទ្ធសាស្រ្តសន្តិសុខសេដ្ឋកិច្ចជាឧបករណ៍ដើម្បីស្ថិតនៅនាំមុខគេក្នុងពិភពលោក សហភាពអឺរ៉ុបឯណេះវិញ គ្មានបានគិតគូរដល់យុទ្ធសាស្រ្តអ្វីទាំងអស់។ អឺរ៉ុបនៅតែបន្តគោលការណ៍របស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មសេរី និងពហុភាគី ដូចជានៅបន្តចាប់ដៃជាមួយចិន ដោយគ្មានបារម្ភពីការចូលលួចបង្កប់ខ្លួនរបស់ក្រុមចារកិច្ចចិន។
បើតាមលោកPaul Charon អ្នកជំនាញប្រទេសចិន នៅវិទ្យាស្ថានសម្រាប់ស្រាវជ្រាវយុទ្ធសាស្រ្តក្នុងទីក្រុងប៉ារីស បណ្តាញស៊ើបការណ៍សម្ងាត់ចិនអាចបង្កគ្រោះថ្នាក់ដ៏ធំដល់អឺរ៉ុប ដោយមើលទៅលើទំហំ និងតួនាទីដ៏សំខាន់របស់វានៅក្នុងបក្សកុម្មុយនិស្តចិន។ តាមការប៉ាន់ស្មានរបស់លោកCharon ក្រសួងសន្តិសុខសាធារណៈ និងក្រសួងសន្តិសុខរដ្ឋចិនដែលជាអ្នកដឹកនាំសកម្មភាពស៊ើបការណ៍សម្ងាត់ មានបុគ្គលិកធ្វើការពី ៨ម៉ឺន ទៅ ១សែននាក់។ ប្រភពផ្សេងទៀតវាយតម្លៃថា ក្រសួងសន្តិសុខរដ្ឋចិនតែមួយ មានចារបុរសដល់ទៅ១សែននាក់ ប៉ុន្តែ តួលេខពិតប្រាកដនៃសមាជិក ភ្នាក់ងារស៊ើបការណ៍របស់ចិន អាចច្រើនជាងនេះ។
គណៈកម្មការសភាអង់គ្លេសទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ធ្លាប់អះអាងថា ចិនជាប្រទេសដែលមានបណ្តាញស៊ើបការណ៍សម្ងាត់ធំ សំខាន់ជាងគេនៅក្នុងពិភពលោក ពោលគឺមានប្រៀប មានកម្លាំងខ្លាំង ដែលនឹងធ្វើឲ្យទីភ្នាក់ងារចារកម្មអង់គ្លេសពិបាកនឹងវាយទម្លុះ ចូលទៅយកការណ៍ពីចិន។
បណ្តាញចារកម្មចិននៅតែអាថ៌កំបាំង ពិបាកឲ្យគេប៉ាន់ស្មានពីទំហំពិតប្រាកដជារឿងមួយ។ ប៉ុន្តែ បរិបទសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដែលជាលទ្ធផលនៃចំហាយអស្ថិរភាពនៅដើមបូព៌ា បានធ្វើឲ្យអឺរ៉ុបចុះខ្សោយ ខ្វះធនធានដើម្បីពង្រឹងបណ្តាញចារកម្មរបស់ខ្លួន ក៏ដូចជាកំផែងទប់ស្កាត់ការវាយប្រហាររបស់ក្រុមចោរអ៊ីនធ័រនែត និងក្រុមចារកិច្ចចិន ដែលចូលលួចយកការណ៍គ្រប់រឿង មិនថារឿងសន្តិសុខ យុទ្ធសាស្រ្តយោធា ឬបច្ចេកវិទ្យាសេដ្ឋកិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ