អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

អាល្លឺម៉ង់​ចាប់ខ្លួន​ចារបុរសរុស្ស៊ី​ ២នាក់ ​​សង្ស័យ​ប្រុង​កម្ទេចមូលដ្ឋាន​យោធាអាមេរិក

ចារបុរសរុស្ស៊ី​ ២នាក់ ត្រូវ​នគរបាល​​អាល្លឺម៉ង់ចាប់ខ្លួន​ ព្រោះតែ​​​​ប្រុងរៀបចំ​គម្រោងបំផ្ទុះ​​​កម្ទេច​រចនាសម្ព័ន្ធយោធា​អាល្លឺម៉ង់ ហើយ​និងមូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក នៅលើទឹកដី​អាល្លឺម៉ង់​។ រដ្ឋអាជ្ញាប្រឆាំងអំពើ​ភេរវកម្ម​ បាន​ចោទប្រកាន់ពួក​គេ​ទាំង២ ​តាម​ផ្លូវ​ច្បាប់​ពី​បទល្មើស​ភេរវកម្ម​ ដែល​អាច​នឹង​ត្រូវ​ទទួល​ទោស​ជាប់ពន្ធានាគារ ប្រមាណ ១ ទសវត្សរ៍។​​ ​

យោធា​រុស្ស៊ីម្នាក់ នៅ​ក្រុង Saint-Pétersbourg ខែកុម្ភៈ​ ២០២៤។ រូបភាព​តំណាង
យោធា​រុស្ស៊ីម្នាក់ នៅ​ក្រុង Saint-Pétersbourg ខែកុម្ភៈ​ ២០២៤។ រូបភាព​តំណាង AP - Dmitri Lovetsky
ផ្សាយពាណិជ្ជកម្ម

ចារបុរស​រុស្ស៊ី ២នាក់ ត្រូវ​នគរបាល​អាល្លឺម៉ង់​ចាប់ឃុំ​ខ្លួន ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧មេសា​ នៅក្រុង​ Grafenwöhr ប៉ែក​អាគ្នេយ៍ ប្រទេស​អាល្លឺម៉ង់​។ ជនទាំងទ្វេ ត្រូវ​រដ្ឋអាជ្ញា​បង្ហើប​ឈ្មោះថា Dieter S. និង Alexander J.​ ធ្លាប់បាន​​​រស់​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ប្រមាណ​ជា​ ១០ ឆ្នាំមុន ហើយ​និង​ត្រូវ​គេ​ស្គាល់​ច្បាស់​ថា ជា​ក្រុម​ជនបះបោរ​​ផ្តាច់​ខ្លួន​នៅ​តំបន់​ដូណេត្ក៍ គាំទ្រ​រុស្ស៊ី​។

​បើតាម​ប្រភពពី​ Der Spiegel ទិន្នានុប្បវត្តិ​ប្រចាំ​សប្តាហ៍អាល្លឺម៉ង់​​ដ៏ល្បី​ល្បាញ, ​ចារបុរសរុស្ស៊ី​ ទាំង​២នាក់​នេះ​ ត្រូវ​សង្ស័យ​ថា​ប្រុង​រៀបចំ​គម្រោង​វាយប្រហារ​សំដៅលើ​មូលដ្ឋាន​យោធា​អាមេរិក នៅ​លើដី​អាល្លឺម៉ង់។ ​មូលដ្ឋាន​យោធាអាមេរិកដែល​ជាប់​ចូល​ក្នុង​ផ្ទាំង​ស៊ីបរបស់​ក្រុ​មអមិត្ត​​​នោះ ជាកន្លែង​​សម្រាប់​បង្ហាត់​បង្រៀន​កងទ័ពអ៊ុយក្រែន ឲ្យ​ចេះ​ប្រើប្រាស់​រថគ្រោះ​ចម្បាំង Abrams ​​ដ៏​ទំនើប របស់​​អាមេរិក​។

​​សេចក្តី​ថ្លែងការណ៍​របស់ ​រដ្ឋអាជ្ញាប្រឆាំងអំពើភេរវនិយម បាន​ឲ្យដឹងថា ក្នុង​ចំណោម​ចារជន​ទាំង២នាក់នោះ​ មាន​ម្នាក់ធ្លាប់​បាន​លួច​ផ្តល់​ឲ្យ​ព័ត៌មាន​សម្ងាត់​ទៅឲ្យ​រុស្ស៊ី​ នៅ​ខែតុលា​ ឆ្នាំ២០២៣​ ហើយ​និង​រៀបចំ​គម្រោង​ធ្វើ​ភេរវកម្ម​នៅពេល​នេះ។ ម្នាក់ទៀតបាន​ចូលរួម​ឃុប​ឃិត​ក្នុង​គម្រោង​ភេរវកម្ម​គ្រា​​នេះ ចាប់ពី​ចុងខែមីនា​ ឆ្នាំ២០២៤។ ​តំណាង​អយ្យការ​អាល្លឺម៉ង់ បាន​ចោទប្រកាន់ជាផ្លូវការ ​ប្រឆាំងនឹង​ចារជន​ទាំង​ទ្វេ អំពីបទចូលដៃ​​ឃុបឃិត​នឹង​ក្រុម​អង្គការ​ភេរវកម្មនិយម​បរទេស ហើយ​ដែល ពួក​គេ​​ទាំង២រូប ​អាច​ប្រឈម​មុខ​នឹងត្រូវ​ផ្តន្ទាទោស​ រហូត​ដល់ ១០ឆ្នាំ ក្រោយ​ចម្រឹង​ដែក​។​

គួរ​ជ្រាបថា ចារបុរស​រុស្ស៊ី​ទាំងពីរនាក់ក៏​មាន​សញ្ជាតិអាល្លឺម៉ង់​ដែរ។ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោកស្រី Nancy Faeser បា​នអបអរ​សាទរ​និងកោតសរសើរ​​ដល់​ភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់ ដែល​អាច​បញ្ជៀស​​អំពើ​​​ភេរវកម្ម​​បំផ្ទុះ​បំផ្លិច​បំផ្លាញគម្រោង​ជំនួយ​យោធា​ជួយ​ដល់​អ៊ុយក្រែន។ រដ្ឋមន្ត្រី​មហាផ្ទៃអាល្លឺម៉ង់ ថែមទាំងបាន​រិះគន់​ថ្កោលទោស​​របបដឹកនាំ​របស់ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន ដែល​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​នៅលើទឹកដីបរទេស។​​ ​ លើសពីនេះ លោកស្រី Annalena Baerbock រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ ក៏បាន​កោះ​ហៅ​ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​ប៊ែរឡាំង ទៅ​សួរ​ដេញដោល ទៀត​ផង​។

តាំងពី​ផ្ទុះ​សង្គ្រាមឈ្លាន​ពានរុស្ស៊ី​​នៅ​អ៊ុយក្រែន​មក តុលាការ​ទីក្រុង​ប៊ែរឡាំងក៏​បាន​កាត់ទោស​មន្ត្រី​ភ្នាក់ងារ​សម្ងាត់​អាល្លឺម៉ង់ ម្តងជាពីរ​ដង​រួចមកហើយ ដែល​បាន​លួច​ចូលដៃ​ជាមួយរបបក្រុង​ម៉ូស្គូ​​ ផ្តល់​ព័ត៌មាន​ដល់​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី FSB ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ