អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

រដ្ឋមន្ត្រីការពារជាតិបារាំងនិងអាល្លឺម៉ង់ ប្រជុំចែកការងារគ្នា ដើម្បី​​​​ផលិត​​រថក្រោះទំនើប MGCS

លោក​ម៉ាក្រុងបាន​លើកឡើងថា ដើ​ម្បី​ពង្រឹងសមត្ថភាព​ការពារខ្លួនដោយ​ខ្លួនឯង គឺអឺរ៉ុបត្រូវតែមានប្រព័ន្ធការពារជាតិរួម​គ្នា និងមានអាវុធទំនើបដូចគ្នា ផលិតដោយខ្លួនឯង​ ដោយ​មិនចាំបាច់ពឹងផ្អែក តែ​លើអាវុធ​ដែលទិញពីបរទេស​​។​ គឺក្នុង​ក្របខណ្ឌទស្សនវិស័យនេះហើយ បារាំងនិងអាល្លឺម៉ង់បានផ្តួចផ្តើម​គម្រោង​ រួមគ្នា​​ផលិត​រថក្រោះដ៏​​ទំនើប​បំផុតមួយ​ ឈ្មោះថា MGCS ។ យ៉ាងណាមិញ នៅថ្ងៃ​សុក្រទី​២៦មេសា​នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនិងអាល្លឺម៉ង់ បានចាប់ផ្តើម​ការប្រជុំពិសេសមួយ ដើម្បី​បែងចែកការងារគ្នា ទៅ​ឲ្យ​ក្រុមហ៊ុន​​ឧស្សាហកម្ម​សព្វាវុធទាំងសងខាង ដើម្បីសម្រេច​ផែនការ​នេះ​។

លោករដ្ឋមន្ត្រី​ការពារជាតិបារាំង​ Sebastien Lecornu និងលោក​រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដឹកនាំក្រុមការងារប្រជុំ ស្តីពីគម្រោងផលិតរថក្រោះរួមគ្នា MGCS។ ប៉ារីស ថ្ងៃទី២៦ មេសា ២០២៤
លោករដ្ឋមន្ត្រី​ការពារជាតិបារាំង​ Sebastien Lecornu និងលោក​រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដឹកនាំក្រុមការងារប្រជុំ ស្តីពីគម្រោងផលិតរថក្រោះរួមគ្នា MGCS។ ប៉ារីស ថ្ងៃទី២៦ មេសា ២០២៤ via REUTERS - Thomas Samson
ផ្សាយពាណិជ្ជកម្ម

ជាយូរមកហើយ ដែល​វិស័យ​ឧស្សាហកម្មផលិត​សព្វាវុធអាល្លឺម៉ង់ និង​បារាំង មានការប្រជែងគ្នា មិនសហការគ្នា។ នៅបារាំង មាន​រថក្រោះទំនើបឈ្មោះ Leclerc ចំណែកនៅអាល្លឺម៉ង់វិញ មានរថក្រោះទំនើបឈ្មោះ Leopard។ រថក្រោះទំនើបទាំង២នេះ​ ធ្លាប់បានប្រជែងដណ្តើមទីផ្សារគ្នានៅអឺរ៉ុប អ្នកខ្លះទិញរបស់បារាំងយកទៅប្រើ អ្នកខ្លះទៀតទិញ​របស់អាល្លឺម៉ង់​។

តែទំព័រថ្មីកំពុងតែចាប់ផ្តើមបើក នៅពេលនេះ ជាមួយ​នឹងគម្រោង​ផលិត​រថក្រោះទំនើបបំផុត ដែល​បារាំងនិងអាល្លឺម៉ង់ នឹងសហការរួមគ្នាផលិត ដើម្បីធ្វើ​ឲ្យ​វិស័យសព្វាវុធអឺរ៉ុប មានលក្ខណៈស្រប​ដើរទន្ទឹមគ្នា។ អនាគតរថក្រោះទំនើបថ្មីនេះ មានឈ្មោះថា MGCS (Main Ground Combat System)។

លោក​Boris Pistorius រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូមកប្រជុំជាមួយ​រដ្ឋមន្ត្រី​ការពារជាតិបារាំង លោក Sébastien Lecornu នៅថ្ងៃទី​២៦មេសា ដើម្បី​រៀបចំ​គូសវាសផែនការលំអិត។ ភាគីទាំង២ នឹងបែកចែក​ការងារគ្នា មានចំណែក​ពាក់​កណ្តាល់ម្នាក់ ហើយហុចទៅឲ្យ​ក្រុមហ៊ុនឧស្សាហកម្មសព្វាវុធទាំងសងខាង។

សូមបញ្ជាក់ថា បារាំងនិងអាល្លឺម៉ង់​ បាន​ចុះកិច្ចព្រមព្រៀងជាមួយគ្នា ដោយ​បានកំណត់ បែងចែក​សរសរគ្រិះចំនួន​៨ ព្រមទាំងកំណត់​ជ្រើសយក​ក្រុមហ៊ុន​ឧស្សាហកម្ម ដែល​នឹងមកសម្រេចគម្រោង ផលិត​រថក្រោះ MGCS។ លោករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ធ្លាប់បានលើកឡើងថា គម្រោងថ្មីនេះគឺមិនមែនមានន័យថាបារាំងនឹងអាល្លឺម៉ង់ នឹងមក​រួមគ្នា​ផលិត​រថក្រោះ​ Leclerc ឬ Leopard ថ្មីនោះទេ។ តែបារាំងអាល្លឺម៉ង់ នឹង​ផលិតរថក្រោះមួយថ្មីទំនើប ដែលមិនធ្លាប់​​មានពីមុនមក​។

ដូចគ្នាដែរ លោក​រដ្ឋមន្ត្រីការពារជាតិបារាំង បាន​អះអាងថា MGCS គឺជាសព្វាវុធទំនើបនៃអនាគត ដែលបារាំងនិង​អាល្លឺម៉ង់បាន​គិតគូរ​រួម​គ្នា​។ លោក​ Sébastien Lecornu បានលើកឡើងថា គម្រោង​រថក្រោះ MGCS មានលក្ខណៈឈានមុខនឹងទំនើបជាងគេបំផុត ព្រោះថារាល់ថ្ងៃនេះ សូម្បីតែអាមេរិកក៏មិនទាន់បានគិតគូរ​ផលិត​រថក្រោះថ្មីមកជំនួសរថក្រោះ​Abrams ដែរ ហើយរុស្ស៊ីវិញ បានបរាជ័យហើយជាមួយនឹងគម្រោងរថក្រោះ T-14 Armata។ ផ្អែកតាមលោករដ្ឋមន្ត្រីបារាំងរូបនេះ រថក្រោះ MGCS គឺជាប្រព័ន្ធអាវុធ បំពាក់ដោយ​បច្ចេកវិទ្យាទំនើប មានទាំងបញ្ញាសិប្បនិម្មិត ដ្រូនការពារ អាវុធ​បញ្ជាគោលដៅបាន និង​ប្រព័ន្ធ​ប្រយុទ្ធ​អេឡិចត្រូនិក​។

គួរបញ្ជាក់ដែរថា តាមការគ្រោងទុក រថក្រោះ MGCS នឹងមកជំនួសរថក្រោះបារាំង​ Leclerc និង រថក្រោះអាល្លឺម៉ង់​​ Leopard នៅរវាងឆ្នាំ​២០៤០។ រថក្រោះគម្រូ Prototype ក្នុង​ដំណាក់កាលដំបូង1A នឹងត្រូវផលិតឲ្យ​បាននៅ​ឆ្នាំ​២០២៩ ដោយចំណាយ​ប្រាក់ចំនួន​ ​ជាង​១០០លានអឺរ៉ូ។ គឺ​ក្រុមហ៊ុនបារាំង​​ KNDS និង​ក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall ដែលនឹងទទួល​បន្ទុកការងារ​ ផលិត​អនគតរថក្រោះទំនើប MGCS។ ការផលិតរថក្រោះរួមគ្នារវាងបារាំងនិងអាល្លឺម៉ង់នេះ គឺជាផ្នែកមួយនៃការសម្រេចផែន​ការ​ទស្សនវិស័យយូរអង្វែង ដែលលោក​ម៉ាក្រុងបានផ្តល់សន្ទុះ ដើម្បី​ឲ្យ​អឺរ៉ុបមានសមត្ថភាពការពារខ្លួនដោយខ្លួនឯង ឈប់ពឹងផ្អែកទៅលើសព្វាវុធរបស់អាមេរិក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ