អានតួអត្ថបទ
ចិន-បារាំង

លោក​ស៊ី ជីនពីង មក​ទស្សនកិច្ច​នៅបារាំង ក្នុងបរិបទនៃភាពតានតឹងរវាងចិននិងអឺរ៉ុប

តាមការគ្រោងទុក លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវធ្វើដំណើរមក​ដល់​ទីក្រុងប៉ារីសប្រទេសបារាំង នៅរសៀលថ្ងៃអាទិត្យ​ ទី​៥ឧសភា។ ទស្សនកិច្ចនៅបារាំង របស់​លោក​ស៊ី ជីនពីង គឺធ្វើឡើង​ក្នុងឱកាសខួប​៦០ឆ្នាំ​ នៃទំនាក់ទំនងការទូត​ រវាង​​បារាំងនិងចិន។ បើគិតពីឆ្នាំ​២០១៩មក ពោល​គឺមុន​វិបត្តិកូវីដ​១៩ គឺនេះជាលើកទី​១ហើយ ដែល​ហើយ​ ដែល​លោកស៊ី ជីនពីង ធ្វើដំណើរ​មកទស្សនកិច្ចនៅអឺរ៉ុប។ មានសំណុំរឿងជាច្រើន ដែល​ចិននិងអឺរ៉ុប ត្រូវនិយាយគ្នា ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្ស​នៅចិន ហើយជាពិសេសនោះ គឺសំណុំរឿង​សង្គ្រាមនៅអ៊ុយក្រែន ដែលគ្រប់គ្នាដឹងច្បាស់​ ថាចិនគឺជា​សម្ព័ន្ធមិត្តជួយ​រុស្ស៊ីពីក្រោយ​។

លោក​ម៉ាក្រុង និង​លោកស៊ី ជិនពីង ចាប់ដៃគ្នាក្នុងពេល​ជួបគ្នានៅប៉េកាំង ថ្ងៃទី៦មេសា២០២៣
លោក​ម៉ាក្រុង និង​លោកស៊ី ជិនពីង ចាប់ដៃគ្នាក្នុងពេល​ជួបគ្នានៅប៉េកាំង ថ្ងៃទី៦មេសា២០២៣ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

បញ្ហារកាំរកូសមុនលោកស៊ី ជីនពីងមកដល់ប៉ារីស​

តាមពិតទស្សនកិច្ចរបស់​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅបារាំង គឺធ្វើឡើងក្នុងឱកាស​បុណ្យគម្រប់ខួប​៦០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូត រវាងបារាំង និងសាធារណរដ្ឋប្រជាមានិតចិន​។ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ចង់ឆក់ឱកាសនេះទទួលលោក​ស៊ី ជីនពីង ឲ្យ​បានអធិកអធំ​បំផុត​។ តែទន្ទឹមគ្នានេះ លោកម៉ាក្រុង ​ស្ថិតនៅក្នុងត្រង់ចំណុចមួយដែល​លំបាក ព្រោះថាមានសំណុំរឿងច្រើនណាស់ ដែលបារាំងត្រូវនិយាយជាមួយ​ចិនដោយត្រង់ៗ​ ហើយសុទ្ធតែជាសំណុំរឿងរសើបៗ តួយ៉ាង ដូចជា​បញ្ហាសិទ្ធិមនុស្ស​បញ្ហា​ពាណិជ្ជកម្ម និងជាពិសេសគឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន​។

បញ្ហារកាំរកូសមួយចំនួន​ទៀត​បានកើតឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ មុនពេល​លោក​ស៊ី ជីនពីងចុះយន្តហោះដល់ប៉ារីស។ កាលពីថ្ងៃ៣០មេសា មានកម្មវិធីបំពាក់មេដាយ​មួយ​ ត្រូវបាន​ធ្វើឡើងនៅ​ឯវិមាន​ប្រធានាធិបតីបារាំង ក្រោម​​អធិបតីរបស់​លោក ប្រធានាធិបតី​ម៉ាក្រុង។ ហើយ​ឱកាសនោះ ក៏មានវត្តមាន​របស់​លោក Penpa Tsering ប្រធានរដ្ឋាភិបាល​ភៀសខ្លួនក្រៅប្រទេសរបស់ទីបេដែរ​។ លោក​ម៉ាក្រុងបានថែមទាំងចាប់ដៃសំណេះសំណាល ជាមួយ​លោក Penpa Tsering ថែមទៀត។ ទង្វើនេះបានធ្វើ​ភាគីចិន​ខឹងខ្លាំងណាស់ ព្រោះរដ្ឋាភិបាលចិន ចាត់ទុករដ្ឋាភិបាលភៀសខ្លួនក្រៅប្រទេសរបស់ទីបេ ជាអង្គភាព​បះបោរបំបែកទឹកដី​។

បន្ទាប់មកទៀត នៅថ្ងៃទី​២ឧសភា កម្មវិធី​ទូរទស្សន៍​បារាំងមួយឈ្មោះ Envoyé Spécial បានផ្សព្វផ្សាយ​រូបភាព បង្ហាញអំពីសកម្មភាព​ ចាប់បញ្ជូន​សកម្មជនប្រឆាំងចិនដែល​ភៀសខ្លួន​មករស់នៅបារាំង យកទៅស្រុកចិនវិញ។ ជាសកម្មភាព​ដែល​ធ្វើឡើង ដោយ​មានការចូលរួម​ពីមន្ត្រីទូតចិន​ប្រចាំនៅបារាំងថែមទៀតផង។ ផ្អែកតាម​ការផ្សាយនេះ គឺអាជ្ញាធរចិនមិនត្រឹមតែបំបិទមាត់និងសំឡេងប្រឆាំងក្នុងស្រុកប៉ុណ្ណោះទេ តែអាជ្ញាធរចិនបានថែមទាំងរៀបចំផែនការ​ជាប្រព័ន្ធ ដើម្បីចាប់បញ្ជូន​សកម្មជនប្រឆាំងដែលនៅក្រៅប្រទេស យកទៅដាក់ឃុំក្នុងស្រុកចិនថែមទៀតផង។ បើគិតពីឆ្នាំ​២០១៤មក អាជ្ញាធរចិនបានចាប់បញ្ជូន​សកម្មជនប្រឆាំងនៅបរទេស ចំនួន​យ៉ាងហោច១២០០០នាក់ យកទៅស្រុកចិនវិញ ដើម្បី​កុំឲ្យ​ពួកគេធ្វើសកម្មភាពស្រែកតវ៉ារិះគន់ចិននៅក្រៅប្រទេស​។

បន្ថែមពីនេះទៀត មានដំណឹងពី​សមាជិកព្រឹទ្ធសភាបារាំងម្នាក់ ឈ្មោះOlivier Cadic ដែលបានអះអាងថាលោកត្រូវបាន​កម្លាំងចារកិច្ច​ចិន លួចឈ្លបយកការណ៍​តាមប្រព័ន្ធបច្ចេកវិទ្យា​។ ទីភ្នាក់ងារ FBI បាន​ជូនដំណឹង​នេះ​មកកាន់​លោក​ Olivier Cadic ថាលោកគឺជាជនរងគ្រោះម្នាក់ក្នុងចំណោម​សមាជិកសភាទាំងអស់ ១១៦នាក់ នៅតាមបណ្តាប្រទេសធំៗ ដែលត្រូវចារកិច្ចចិនឈ្លបយកការណ៍ ប្រមូលទិន្នន័យកាលពីឆ្នាំ​២០២១។ លោក Olivier Cadic បានយកបញ្ហានេះទៅថ្លែងនៅមុខអង្គប្រជុំព្រឹទ្ធសភា នឹងបានទាមទារឲ្យរដ្ឋាភិបាលបារាំង ត្រូវតែ​ធ្វើអ្វីម្យ៉ាង ដើម្បីថ្កោលទោសចិន។

សំណុំរឿងសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង

នៅថ្ងៃអាទិត្យនេះ ស្របពេលដែល​លោកស៊ី ជីនពីងមកដល់ នៅប៉ារីសគឺមានបាតុកម្ម​ប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្ស​ ធ្វើឡើងទៅលើប្រជាជនអ៊ុយហ្កួរនៅខេត្តស៊ីនជាំង។ លោកស្រី Dilnur Reyhan ស្ថាបនិក​វិទ្យាស្ថានអ៊ុយហ្កួរបារាំង បានថ្លែងនៅ​ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី​៣ឧសភា ថាសហគមន៍ជនជាតិអ៊ុយហ្កួរសូម​ប្រឆាំងដាច់ខាត ដែល​លោក​ម៉ាក្រុងទទួល​ប្រធានាធិបតី​ចិនបែបនេះ ព្រោះថាគឺលោកស៊ី ជីនពីងដែលជាអ្នកបញ្ជា ឲ្យ​មានអំពើប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិអ៊ុយហ្គួរ និង​អ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀតនៅខេត្តស៊ីនជាំង​។ ស្ត្រីសកម្មជនអ៊ុយហ្កួររូបនេះ ថ្លែងថា ទង្វើដែល​លោក​ម៉ាក្រុងទទួលឃាតករសម្លាប់ប្រជាជនអ៊ុយហ្កួរ វាប្រៀបបីដូចជាការទះកំផ្លៀង​មកលើ​​ប្រជាជនអ៊ុយហ្គួរដូច្នោះដែរ។

ដោយឡែក អង្គការ Amnesty International បានចេញលិខិតប្រកាសមួយកាលពីថ្ងៃទី​២ឧសភា ដោយ​បានអំពាវនាវ ឲ្យ​លោក​ម៉ាក្រុង ត្រូវតែកុំភ្លេចនូវគោលជំហរ ក៏ដូចជាការសន្យា​កន្លងមករបស់បារាំង នៅក្នុង​ការទាមទារការគោរពសិទ្ធិមនុស្សនៅចិន​។ Amnesty International អំពាវនាវឲ្យ​លោក​ម៉ាក្រុង ត្រូវតែដាក់កំហិត​ទៅលើលោកស៊ី ជីនពីង ឲ្យដោះលែងបញ្ញវន្តអ៊ុយហ្កួរដ៏សំខាន់​មួយរូប គឺលោក Ilham Tohti ព្រមទាំងអ្នកទោសនយោបាយ​ផ្សេងទៀតនៅស៊ីនជាំង ហើយត្រូវតែទាមទារឲ្យចិនបិទបញ្ចប់​ គោលនយោបាយ​ធ្វើទុក្ខបុកម្នេញ​ សម្លាប់ចាប់ចង ប្រជាជនអ៊ុយហ្កួរ និង​កាហ្សាក់រាប់ម៉ឺននាក់​។ អង្គការនេះ ទាមទារផងដែរ ឲ្យ​បារាំងដាក់សំពាធ ឲ្យចិន​លុបចោលវិញ នូវច្បាប់សន្តិសុខជាតិ​ ដែលមានកម្មវត្ថុបំបិទសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិបញ្ចេញមតិនៅហុងកុង។

សកម្មជនអង្គការ​​ Amnesty International លើកបដាសរសេរថា៖  "ទស្សនកិច្ចស៊ី ជីនពីង : សិទ្ធិមនុស្សជាអាទិភាព" ។ ប៉ារីស ថ្ងៃទី​៤ ឧសភា ២០២៤
សកម្មជនអង្គការ​​ Amnesty International លើកបដាសរសេរថា៖ "ទស្សនកិច្ចស៊ី ជីនពីង : សិទ្ធិមនុស្សជាអាទិភាព" ។ ប៉ារីស ថ្ងៃទី​៤ ឧសភា ២០២៤ AFP - GEOFFROY VAN DER HASSELT

សំណុំរឿងសិទ្ធិមនុស្ស គឺជាចំណុចរសើបខ្លាំងណាស់ ហើយដែលបារាំងតែងតែព្យាយាមប្រកាន់គោលជំហរការពារ​។​ តែទន្ទឹមគ្នានេះ ដូចយើងដឹងហើយ ចិនមិន​អនុញ្ញាតឲ្យ​នរណារិះគន់ខ្លួនជាដាច់ខាត ដោយ​លើកឡើងថា កុំមកលូកដៃកិច្ចការផ្ទៃក្នុងរបស់ចិន​។ ប្រការនេះ បង្ហាញឲ្យឃើញថា លោក​ម៉ាក្រុង ច្បាស់ជា​តឹងតែងក្នុងចិត្តមិនតិចទេ ប្រសិនបើត្រូវលើកយករឿងសិទ្ធិមនុស្ស ទៅនិយាយជាមួយ​លោក​ស៊ី ជីនពីង នៅក្នុងពេលទស្សនកិច្ចនេះ​។

លោក​ម៉ាក្រុងចង់ពឹងលោកស៊ី ជីនពីង​​ឲ្យ​ទៅនិយាយជាមួយលោកពូទីន​​

សំណុំរឿងសង្គ្រាម​នៅ​​អ៊ុយក្រែនសំខាន់ខ្លាំងណាស់ ព្រោះវាប៉ះពាល់ដោយ​ផ្ទាល់ ទៅលើសន្តិសុខ​របស់បារាំង និងរបស់អឺរ៉ុបទាំងមូល​។ នៅថ្ងៃចន្ទស្អែកនេះ កិច្ចប្រជុំពិសេសមួយ នឹងត្រូវរៀបចំនៅប៉ារីស រវាងលោក​ម៉ាក្រុង និង​លោកស៊ី ជីនពីង និង​ដោយ​មានវត្តមានរបស់​លោកស្រី អៀរស៊ូឡា វុន ឌឹឡេយេន ប្រធាន​គណៈកម្មការអឺរ៉ុប ចូលរួម​ដែរ​។ ប្រភពពីវិមាន​ប្រធានាធិបតីបារាំង គឺលោកម៉ាក្រុង​បានអញ្ជើញលោក​អូឡាហ្វ ស្ហុល ឲ្យចូលរួមប្រជុំដែរ ព្រោះថាបារាំងនិង​អាល្លឺម៉ង់ គឺជាកម្លាំងចលករក្បាលម៉ាស៊ីនអឺរ៉ុប មិនថាលើបញ្ហា​សន្តិសុខ និងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម​។ តែលោក​អធិកាបតីអាល្លឺម៉ង់ មិន​អាច​មកបាន​ដោយត្រូវធ្វើដំណើរទៅលីទុយអានី និងឡេតូនី​។

លោក​ម៉ាក្រុង ដឹងច្បាស់ណាស់ ថា​ចិនគឺជាដៃគូសហការរបស់រុស្ស៊ី ហើយចិនបាន​បន្តជួយរុស្ស៊ីជាប់រហូត ដោយ​មិនខ្វល់ពី​ទណ្ឌកម្មដែលសហគមន៍អន្តរជាតិបានដាក់ទៅលើរុស្ស៊ីទេ។ ក្នុងបរិបទនេះ​យោងតាមវិមានអេលីហ្សេ​ លោក​ម៉ាក្រុង មានបំណងចង់​បញ្ចុះបញ្ចូលលោកស៊ី ជីនពីង​ ឲ្យប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានទៅលើរុស្ស៊ី ដើម្បី​និយាយជាមួយ​លោកពូទីន រកច្រកផ្លូវបញ្ចប់សង្គ្រាម​។ យ៉ាងណាមិញ កាលពីឆ្នាំមុន នៅពេល​លោកម៉ាក្រុងនិយាយជាមួយ​លោក​ស៊ី ជីនពីងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ស្រាប់តែលោក​ស៊ី ជីនពីង បានទូរស័ព្ទទៅនិយាយជាមួយ​លោកហ្សេឡេនស្គីភ្លាមដែរ។

តែយ៉ាងណា បើផ្អែកតាមការវិភាគរបស់​លោកស្រី Valérie Niquet អ្នកវិភាគនៅ​មូលនិធិដើម្បីការស្រាវជ្រាវយុទ្ធសាស្ត្រ FRS គឺលោក​ស៊ី ជីនពីង ប្រហែលជានឹងមិនដូរគោលជំហរទេ ទាក់ទិននឹងសំណុំរឿងអ៊ុយក្រែន​។ ពោលគឺចិនប្រកាន់ជំហរអព្យាក្រិត្យជាផ្លូវការ តែនៅពីក្រោយ​គឺចិន​ជួយរុស្ស៊ីតាមរយៈការមិនថ្កោលទោសរុស្ស៊ី មិនដាក់ទណ្ឌកម្មរុស្ស៊ី។ នៅក្នុងខែឧសភានេះដែរ លោក​ពូទីននឹងទៅទស្សនកិច្ចនៅប៉េកាំងជួបលោក​ស៊ី ជីនពីង ដែលនេះវាកាន់តែសបង្ហាញថាចិននៅខាងណា​។ ដូចគ្នាដែរ យោងតាមលោក ​Ding Chun នាយក​មជ្ឈមណ្ឌល​សិក្សាអឺរ៉ុបនៅសកលវិទ្យាល័យ Fudan សៀងហៃ គឺគេសង្ឃឹមតិចណាស់ ដែល​ចិននឹងមកចូលរួមជាមួយអឺរ៉ុបនឹង​អាមេរិក ក្នុងការដាក់ទណ្ឌកម្មធ្វើបាបរុស្ស៊ី​។

លោកពូទីន និង​លោកស៊ី ជីនពីង ជល់កែវសំឡឹងភ្នែកគ្នា នៅម៉ូស្គូ ថ្ងៃទី ២១ មីនា ២០២៣
លោកពូទីន និង​លោកស៊ី ជីនពីង ជល់កែវសំឡឹងភ្នែកគ្នា នៅម៉ូស្គូ ថ្ងៃទី ២១ មីនា ២០២៣ AFP - PAVEL BYRKIN

ចេញពីបារាំង លោកស៊ី ជីនពីង នឹងបន្តដំណើរទៅ​ហុងគ្រី និងស៊ែប៊ី ដែលសុទ្ធតែជាប្រទេសមានទំនោរងាកទៅរុស្ស៊ីទៀត។ ហើយ​នៅស៊ែប៊ី ទស្សនកិច្ចរបស់​លោកស៊ីជីនពីង វាជួនចំឱកាស​បុណហយ​ខួប​គម្រប់​២៥ឆ្នាំ នៃការទំលាក់គ្រាប់បែក​របស់អូតង់ ទៅលើស្ថានទូតចិននៅ​ក្រុងប៊ែលហ្ក្រាដ ឆ្នាំ​១៩៩៩។ យោងតាមការវិភាគរបស់​លោក​ Wang Yiwei នាយកមជ្ឈមណ្ឌលសិក្សាអឺរ៉ុបនៅសកលវិទ្យាល័យ Renmin នេះវាអាចជាសារមួយដែរ ដែលលោក​ស៊ី ជីនពីងចង់ផ្ញើរទៅកាន់ក្រុមប្រទេសលោកខាងលិច ថាសម្រាប់ចិន អូតង់គឺជាគ្រោះថ្នាក់​គំរាមសន្តិសុខអន្តរជាតិ​។

ការវិភាគប្រហាក់ប្រហែលគ្នានេះដែរ ពីលោក Marc Julienne នៅវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិបារាំង គឺ​លោកស៊ី ជីនពីង នឹងមិនធ្វើជាអ្នកនាំសារពីអឺរ៉ុបប្រាប់ទៅលោកពូទីននោះទេ។ ផ្ទុយទៅវិញ បើមើលទំនោរទៅ គឺធាតុពិត លោកស៊ី ជីនពីង កំពុងតែនាំសារពី​លោកពូទីន មកប្រាប់អឺរ៉ុបទៅវិញទេ តាមរយៈទស្សនកិច្ចនៅបារាំងនាពេលនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ