អានតួអត្ថបទ
បារាំង-ជប៉ុន

បារាំងរឹតចំណងយោធាជាមួយជប៉ុន នៅ​២ថ្ងៃមុនទទួល​ប្រធានាធិបតី​ចិន នៅប៉ារីស

បារាំង និង​ជប៉ុនបាន​ព្រមព្រៀង​គ្នា​ដើម្បីបើកការចរចា​ជាផ្លូវការ​ស្តីពីការ​ចូលទៅប្រើព័ត៌មានកងទ័ពគ្នាទៅវិញ ទៅមក។ នេះបើតាម​ការប្រកាស​របស់​វិមានប្រធានាធិបតីបារាំង នៅបន្ទាប់ពី​លោកប្រធានាធិបតី​បារាំង លោកម៉ាក្រុង​ទទួល​ជួបនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ២​ឧសភា នៅ​វិមានអេលីហ្សេ។ មានដែនដីកោះរបស់ខ្លួន​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បារាំង​បានដៅពង្រឹង​តួនាទីរបស់ខ្លួន នៅ​អាស៊ីប៉ាស៊ីហ្វិក ដោយ​​ខិតចូលទៅ​ជិត​​ជប៉ុន តាមរយៈ​ការធ្វើសមយុទ្ធរួមគ្នា​ជាច្រើនលើក។ បារាំងទទួលនាយករដ្ឋមន្រ្តី​ជប៉ុន និង​ប្រកាស​រឹតចំណងមិត្តភាពជាមួយ​ជប៉ុន ក្នុងវិស័យយោធា នៅតែ ៣ថ្ងៃ​មុន​ដែលបារាំង​ត្រូវ​ទទួល​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ដែលត្រូវ​ធ្វើទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​បារាំង ចាប់ពីថ្ងៃចន្ទទី ៦​ឧសភា។

លោកប្រធានាធិបតី​បារាំង លោកម៉ាក្រុង​ទទួល​ជួបនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ២​ឧសភា នៅ​វិមានអេលីហ្សេ
លោកប្រធានាធិបតី​បារាំង លោកម៉ាក្រុង​ទទួល​ជួបនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ២​ឧសភា នៅ​វិមានអេលីហ្សេ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបរិបទ​ដែលភាពតានតឹង​ កាន់តែមានច្រើន នៅ​តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក បារាំងត្រូវការ​រឹតចំណងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​នៅក្នុងតំបន់។ ជាក់ស្តែង នៅក្នុង​ពេល​ទទួលជួប​​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ហ្វូមីអូ គីស៊ីដា នៅទីក្រុង​ប៉ារីស កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​បារាំង​បញ្ចុះបញ្ចូល​បានសម្រេច​ឲ្យ​ភាគី​ជប៉ុន​យល់ព្រម​បើកការចរចា​ដើម្បី​ឲ្យ​កងទ័ពរបស់​ប្រទេស​ទាំងពីរ​អាច​ចូលទៅ​ប្រើប្រាស់​ព័ត៌មានគ្នាទៅវិញ ទៅមក។

យោងតាម​ការប្រកាស​របស់​វិមាន​ប្រធានាធិបតីបារាំង និង​រដ្ឋាភិបាល​ជប៉ុន នៅក្រោយ​ជំនួប​រវាង​ប្រធានាធិបតីបារាំង​ម៉ាក្រុង និង​លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា ជប៉ុននិង​បារាំង​បានយល់ព្រមព្រៀងគ្នាថា នឹង​បើកការពិភាក្សា​ដើម្បីឈាន​ទៅ​ចុះកិច្ច​ព្រមព្រៀង​ស្តីពីការចូល​ប្រើប្រាស់ទៅវិញ ទៅមក ឬជាភាសាអង់គ្លេសថា Reciprocal Access Agreement។

គួរបញ្ជាក់ថា ទោះបារាំងធ្លាប់ចូលរួម​ធ្វើសមយុទ្ធយោធាជាមួយ​ជប៉ុន ក្នុង​ទម្រង់ ទ្វេភាគី ឬ​ច្រើនប្រទេស​ នៅប៉ុន្មាន​ឆ្នាំមកនេះ ហើយនិង​ការទាមទារ​របស់​​បារាំងនៅ១ឆ្នាំនេះ ប៉ុន្តែ ជប៉ុន​នៅមិនទាន់​យល់​ព្រម​ចុះកិច្ចព្រមព្រៀងកងទ័ព​ស្តីពីការចូលប្រើប្រាស់គ្នាទៅវិញ ទៅមក​ជាមួយបារាំង។

ទើបតែ​នៅក្នុងទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី គីស៊ីដានៅទីក្រុង​ប៉ារីស កាលពីថ្ងៃ​ព្រហស្បតិ៍ ដែល​ភាគីទាំងពីរ​ប្រកាស​ថា ភាគីទាំងពីរ​នឹង​បើកការចរចា ដែលអាច​ត្រូវការពេលវេលា​ដល់ទៅ​១ឆ្នាំ ទម្រាំ​បង្កើតចេញ​កិច្ចព្រមព្រៀងស្តីពីការរឹតចំណងយោធា​រវាង​ប្រទេស​ទាំងពីរ។

សព្វថ្ងៃនេះ មាន​ប្រទេស​បី គឺ​អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលបាន​​ចុះកិច្ចព្រមព្រៀង ស្តីពី​ចូលទៅប្រើប្រាស់ទៅវិញ ទៅមក ជាមួយជប៉ុន នៅក្នុង​គោលដៅ​រឹតចំណងយោធា​រវាងគ្នា​ដើម្បីទប់ទល់​នឹង​ការពង្រីកឥទ្ធិពល​របស់​ចិនដែល​ចេះតែកើនឡើង​ខ្លាំង​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀង Reciprocal Access Agreement (RAA) របស់ជប៉ុន ជាមួយ​អូស្ត្រាលីមាននិយាយ​ពីការសម្រួល​ដល់​ការដាក់ពង្រាយកងកម្លាំងទ័ពស្វ័យការពារ​របស់ជប៉ុន និង​ទាហាន​អូស្ត្រាលី។ កិច្ចព្រមព្រៀង​នេះ​ស្រដៀងគ្នា​នឹង​កិច្ចព្រមព្រៀងជប៉ុន អាមេរិកដែល​ផ្តោតសំខាន់​លើ​ការសម្រួល​ការដឹកជញ្ជូន និងផ្គត់ផ្គង់​អាវុធដើម្បីធ្វើសមយុទ្ធរួមគ្នា និងប្រតិបត្តិការរួមគ្នា​ក្នុងពេល​មាន​គ្រោះមហន្តរាយ។

មានមូលដ្ឋានទ័ពអាមេរិក ជាមួយវត្តមានទ័ពអាមេរិក​ជាង ៥៤០០០នាក់ ជប៉ុន​​បានស្វះស្វែង​ រឹតចំណងយោធាជាមួយបណ្តា​ប្រទេសដែលមានក្តីបារម្ភដូចជប៉ុន នោះគឺការពង្រីកឥទ្ធិពល​របស់​ចិន​នៅឥណ្ឌូប៉ាស៊ីហ្វិក។ ការគំរាមរបស់​ចិន​ទៅលើ​កោះតៃវ៉ាន់ និងជម្លោះ​ដណ្តើមដីកោះជាមួយ​ចិន ជា​ហេតុផល​ចំបង​ដែលធ្វើឲ្យជប៉ុន​បំប៉ោង​កញ្ចប់ថវិកាយោធា និង​ចង់ដោះដៃ​បន្តិចម្តងៗ ពី​រដ្ឋធម្មនុញ្ញសន្តិភាព ដែលបានចាប់ចងដៃ​កងទ័ពជប៉ុន​តាំង​ពីជប៉ុន​ចាញ់សង្រ្គាមលោកលើកទី២។ ងាយមកនិយាយពីបារាំងដែលមានដីកោះរបស់ខ្លួន​នៅ​ឥណ្ឌូប៉ាស៊ីហ្វិកដែរ បារាំង​ត្រូវ​ការជប៉ុន​ដើម្បីពង្រឹង​វត្តមាននៅក្នុងតំបន់ និង​ចង់សហការជាមួយ​ជប៉ុន​នៅក្នុង​វិស័យឧស្សាហកម្ម​យោធា។ បារាំងចាប់ផ្តើម​សេដ្ឋកិច្ច​សង្រ្គាម និងនាំមុខគេ អំពាវនាវ​ឲ្យពង្រឹងកងទ័ពអឺរ៉ុប នៅចំពោះមុខ​ការគំរាមកំហែងរបស់ រុស្ស៊ីដែលកំពុងធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន៕

  ​

  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ