អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

អាមេរិកចោទប្រកាន់​រុស្ស៊ីពី​ការ​ប្រើ​​អាវុធ​​គីមី​ហាមឃាត់ លើទ័ព​អ៊ុយក្រែន

រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោននិងក្រុង​ម៉ូស្កូ បន្ត​មើលមុខ​គ្នា​មិន​ចំ​។ ថ្ងៃម្សិលមិញនេះ​​ សហរដ្ឋអាមេរិក​ បាន​អង្អុលមុខ​ចោទប្រកាន់​រុស្ស៊ី ដែល​បាន​​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ចំពោះ​ទាហាន​អ៊ុយក្រែន​។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន បាន​សម្រេច​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម ចំពោះ​ក្រុមហ៊ុន​រុស្ស៊ី និង​ភាគីទាំងឡាយ​ដែល​ជ្រោម​ជ្រែង​វិមានក្រេមឡាំង ឲ្យ​ទទួល​បាន​សារធាតុគីមី​ហាមឃាត់​ទាំងនោះ​។ ទណ្ឌកម្ម​ថ្មីបន្ថែម​នេះ ត្រូវ​ក្រសួង​ការបរទេស​អា​មេរិក ប្រកាស​​ឲ្យដឹង ​នៅថ្ងៃទី១ឧសភា​​។​ 

ទាហាន​អ៊ុយក្រែនម្នាក់​ នៅ​សមរភូមិ ដូណេត។
ទាហាន​អ៊ុយក្រែនម្នាក់​ នៅ​សមរភូមិ ដូណេត។ REUTERS - Stringer
ផ្សាយពាណិជ្ជកម្ម

ដោយ​ចេតនាចង់​ឈ្នះ​សង្គ្រាម​​ ទ័ព​រុស្ស៊ី បាន​​​ប្រើប្រាស់​សារធាតុ​គីមី ​ក្លរូពីក្រីន ទៅ​លើទ័ព​អ៊ុយក្រែន។ ​ក្លរូពីក្រីន ជា​សារធាតុ​គីមីហាម​ឃាត់​ មានចែង​ក្នុង​ អនុសញ្ញាស្តីពីការ​ប្រើប្រាស់អាវុធ​​គីមី​ហាម​ឃាត់(CIAC)។  វា​ជា​សារ​ធាតុ​ពុល​ខ្លាំង ហើយ​ធ្លាប់​ត្រូវ​គេប្រើប្រាស់ ជា​អាវុធឧស្ម័ន​​គីមី​ នៅក្នុង​សង្គ្រាម​លោកលើកទី១​។ នេះ​បើ​ផ្នែកតាម​ការ​បញ្ជាក់​របស់ ​​វិទ្យាស្ថាន​ជាតិ​សុខភាព​អាមេរិក ហើយ​និង​ បណ្ណាល័យ​ជាតិ​វេជ្ជសាស្ត្រ​អាមេរិក​។​

ក្រៅពី​ចោទប្រកាន់ ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ​បញ្ជាក់ថារុស្ស៊ីប្រើសារធាតុ​គីមី​នេះ ជា​យុទ្ធសាស្ត្រ​នៅ​សមរភូមិ​ឈាន​​ពាននិង​ដេកទ័ព​​អ៊ុយក្រែន​​ ដើម្បី​ឲ្យ​ទ័ព​រុស្ស៊ី​អាច​រុល​បង្ខិត​ទៅមុខ​។  ផ្ទុយទៅវិញ វិមាន​ក្រេមឡាំង ច្រានទាត់ចោល និង​ទាម​ទារ​​ឲ្យ​អាមេរិក​បង្ហាញ​​តម្លាភាព។​

ទោះជា​ម្តេច វ៉ាស៊ីនតោន នៅតែអះអាងថា​ ការ​ប្រើប្រាស់​ធាតុ​គីមីពុលពីសំណាក់​រុស្ស៊ីចំពោះ​ទាហាន​អ៊ុយក្រែន ពុំមែនជាឧក្រិដ្ឋ​កម្ម​ដាច់ដោយឡែ​ក​តែមួយករណី​ទេ។ មាន​ករណី​ច្រើន​ទៀត ដែល​គេស្គាល់​កន្លង​មករួច​ស្រេច​ហើយ។ តួយ៉ាង​ ការ​ប្រើ​សារធាតុ​គីមីបំពុលសម្លាប់​​មេ​ប្រឆាំងរុស្ស៊ី លោក អាឡិកសី​ ណាវ៉ាល់​នី​ ក្នុង​ពន្ធនាគារ កាលពីពាក់កណ្តាលខែ​កុម្ភៈ និងការ​​បំពុល​អតីត​ចារបុរស​ ស៊ែកហ្គី ស្គ្រីបប៉ាល់ និងកូនស្រី កាលពី ឆ្នាំ២០១៨ នៅអង់គ្លេស។​ នេះបើតាម​ក្រសួង​ការបរទេស​អាមេរិក។​

អាស្រ័យ​ហេតុនេះ ថ្ងៃពុធ ទី១ ឧសភា រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន​ សម្រេច​ចាត់វិធានការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​បន្ថែម​ទៀត ​ចំពោះ​ក្រុមហ៊ុន​បរទេសទាំងឡាយ​ទាំងពួង​ ដែលរកស៊ី​និង​ផ្គត់​ផ្គង់​គ្រឿង​បង្គំ ព្រមទាំង​​សារធាតុ​ផ្សំផ្សេងៗ ជ្រោម​​ជ្រែង​ដល់​ឧស្សាហកម្ម​ផលិត​អាវុធ​រុស្ស៊ី។​ បើតាមទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុអាមេរិក, ​ ក្រុម​ហ៊ុនបរទេស​ទាំង​នោះ ដែល​ជាប់​ទណ្ឌកម្មថ្មី​ មាន​យ៉ាង​ហោច ១៦ ជាក្រុមហ៊ុន​ចិន​និង​ហុងកុង​  បាន​ផ្ទេរ​​ផ្តល់​ឲ្យ​រុស្ស៊ី នូវ​គ្រឿង​បង្គំ​ដែល​ត្រូវ​គេ​ហាម​ឃាត់ ហើយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចិន​ហុងកុង​នោះ មា​ន២​ក្រុម​ហ៊ុន ​​បាន​ផ្តល់ឲ្យ​រុស្ស៊ី នូវប្រភេទ​​លោហៈ​ប្រើ​សម្រាប់​ផលិត​គ្រាប់​ផ្ទុះ​។​

នៅលើកនេះ ទណ្ឌកម្មអាមេរិក មិនត្រឹម​តែ​ចំពោះ​ក្រុមហ៊ុន​ចិនទេ។ ពោល​គឺ​មាន​ ​៥ ប្រទេស ផ្សេងទៀត ដែល​ពាក់​ព័ន្ធ​ ជាអាទិ៍​ អេមីរ៉ាត​អារ៉ាប់​រួម តួកគី អាហ្សែកបៃហ្សង់​ ហើយ​និង​ប្រទេស ​២ ទៀត ជា​រដ្ឋសមាជិក​សហភាព​អឺរ៉ុប គឺ​ បែល​ហ្ស៊ិក និង​ស្លូវ៉ាគី។​

តាំងពីផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​នៅ​អ៊ុយក្រែន ជាង​២ឆ្នាំ, ក្រុម​ហ៊ុន​រុស្ស៊ីរាប់​រយ ​ត្រូវ​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្មហាមឃាត់​​របស់​អាមេរិក​ ក្នុងនោះ ក្រុមហ៊ុន​រុស្ស៊ី ជាង​ ២០០ ដែល​រកស៊ីក្នុង​វិស័យ​ការពារជាតិ វិស័យ​ដឹកជញ្ជូន និង​បច្ចេកវិទ្យា។ ទណ្ឌកម្ម​អាមេរិក ក៏មិន​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​ឬ​ពលរដ្ឋអាមេរិក​ រកស៊ី​ជាមួយ​រុស្ស៊ី​ដែរ ក្នុង​វិស័យ​ហាម​ឃាត់។​ ទណ្ឌកម្ម​ថ្មី​ចុងក្រោយ​ ពាក់ព័ន្ធ​ជាពិសេស​ដល់​វិស័យ​រ៉ែ តួយ៉ាង​រ៉ែ​អាលុយមីញ៉ូម ទង់ដែង និង​នីកែល​។​ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុអាមេរិក, លោកស្រីរដ្ឋមន្រ្តី​ ចានែត យេលែន បញ្ជាក់ថា ទណ្ឌកម្ម​អាមេរិកដែល​ដាក់​ចេញ​​លើកនេះ នឹង​ធ្វើឲ្យ​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​អន់ថយចុះ​ខ្សោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ