អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី

អនុប្រធានចារកិច្ចអ៊ុយក្រែនថា ដល់ពេលមួយ អ៊ុយក្រែនត្រូវចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាម

កងទ័ពរុស្ស៊ី​បាន​អះអាងថា វាយដណ្តើម​យកភូមិអ៊ុយក្រែនជាបន្តបន្ទាប់នៅក្នុងតំបន់ភាគខាងកើត។ នៅ ថ្ងៃទី ៣​ឧសភា រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី លោក​សេហ្គេយ ស្ហ័ហ្គូ និយាយ​នៅក្នុងកិច្ចប្រជុំក្នុង​ទីក្រុង​ម៉ូស្គូថា គិតចាប់តាំងពី​ដើមឆ្នាំនេះ កងទ័ពរុស្ស៊ី​វាយយកបានដីអ៊ុយក្រែន ប្រមាណ ៥៤៧​គីឡូម៉ែត្រ​ការ៉េ។  ដោយសារ​ការវាយប្រហារដ៏សន្ធប់​របស់​រុស្ស៊ី ទៅលើ​ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ​របស់អ៊ុយក្រែន និង​ការបោះជំហាន រុលទៅមុខ​របស់​រុស្ស៊ី​ក្នុងសមភូមិប្រយុទ្ធ អនុប្រធាន​ក្រុមស៊ើបការណ៍សម្ងាត់​អ៊ុយក្រែន លោក​វ៉ាឌីម ស្គីប៊ីតស្គី​បាននិយាយប្រាប់​ទស្សនាវដ្តីThe Economist ថា នៅពេលណាមួយ អ៊ុយក្រែនត្រូវ​ចរចាជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្រ្គាម​ជាង២ឆ្នាំ​មក​នេះ។

អនុប្រធានចារកិច្ចអ៊ុយក្រែនថា ដល់ពេលមួយ អ៊ុយក្រែនត្រូវចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាម
អនុប្រធានចារកិច្ចអ៊ុយក្រែនថា ដល់ពេលមួយ អ៊ុយក្រែនត្រូវចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាម AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ចាញ់ប្រៀបរុស្ស៊ី ទាំងចំនួនកងទ័ព និងសព្វាវុធ ដោយសារ​សម្ព័ន្ធមិត្តអាមេរិក និងអឺរ៉ុប​មិនបាន​ប្រគល់​តាមចំនួន​សន្យា អ៊ុយក្រែនកំពុង​ស្ថិតនៅលើ​ផ្លូវមួយដ៏ពិបាក។ ដោយសារ​ការវាយដ៏សន្ធប់​របស់រុស្ស៊ី តាម​ផ្លូវអាកាស និងផ្លូវគោក នៅ​សមរភូមិមុខ កងទ័ពអ៊ុយក្រែនចាំតែទប់ទល់​ ការពារខ្សែប្រយុទ្ធ ប៉ុន្តែ មិនអាច​វាយរុញច្រានកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន។

នៅក្នុង​កិច្ចប្រជុំ​នៅទីក្រុង​ម៉ូស្គូ ប្រមុខការពារ​ជាតិ​រុស្ស៊ី​​លោក Sergei Shoigu បានអះអាងថា កងទ័ពអ៊ុយក្រែន​ព្យាយាម​ទប់ទល់នៅខ្សែការពារ ប៉ុន្តែ ដោយសារ​កម្លាំងខ្លាំងក្លា​របស់​កងទ័ពរុស្ស៊ី​ ទាហាន​អ៊ុយក្រែន​បោះបង់ចោល​ទីតាំង និងដកថយ​នៅគ្រប់សមភូមិនៅតាមបណ្តោយ ​ខ្សែប្រយុទ្ធពីជើង​ទៅ​ត្បូង នៅតំបន់​ភាគខាងកើត។ បើតាម​រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី នៅ៤ខែ​មកនេះ កងទ័ពរុស្ស៊ីវាយយកបាន​ដីអ៊ុយក្រែន ប្រមាណ​៥៤៧​គីឡូម៉ែត្រ​ការ៉េបន្ថែមទៀត។

ដោយសារ​សមរភូមិប្រយុទ្ធកាន់តែស្មុគស្មាញ ពិបាកយកប្រៀប​លើ​កម្លាំងទ័ពរុស្ស៊ី អនុប្រធានក្រុមស៊ើបការណ៍សម្ងាត់​របស់អ៊ុយក្រែន លោក​​ ​វ៉ាឌីម ស្គីប៊ីតស្គី បាននិយាយថា នៅពេលណាមួយ អ៊ុយក្រែន​ត្រូវ​ចរចា​ជាមួយ​រុស្ស៊ីដើម្បីបិទបញ្ចប់​សង្រ្គាមបង្ហូរឈាម ជាង​២ឆ្នាំមកនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយ​ទស្សនាវដ្តីអង់គ្លេស The Economist អ្នកទទួលខុសត្រូវ​ស៊ើបការណ៍​សម្ងាត់អ៊ុយក្រែនបញ្ជាក់ថា ការចរចាគឺជារឿងចាំបាច់ដែលត្រូវតែមាន ដូចនៅ​ក្នុង​សង្រ្គាមដទៃទៀត។ បើតាមមតិផ្ទាល់របស់​​អនុប្រធានក្រុមស៊ើបការណ៍សម្ងាត់អ៊ុយក្រែន លោក​មិនឃើញផ្លូវដែលអ៊ុយក្រែនឈ្នះសង្រ្គាមនៅក្នុង​សមរភូមិ។ ទោះជាកងទ័ពអ៊ុយក្រែន​អាច​វាយរុញច្រានរុស្ស៊ី​ទៅដល់​ព្រំដែន​ដូចដើម (​ក្តីសង្ឃឹមដែល​មានពន្លឺកាន់តែតូច) ​ក៏វាមិនអាច​បញ្ចប់សង្រ្គាមបានដែរ។ នេះបើតាម​ការចុះផ្សាយ​របស់​ទស្សនាវដ្តីអង់គ្លេស The Economist។

គ្រប់សង្រ្គាមនឹង​​ត្រូវ​បញ្ចប់ដោយ​សន្ធិសញ្ញាណាមួយ។ ប៉ុន្តែ ក្នុងដំណាក់កាលសព្វថ្ងៃនេះ ភាគីទាំងពីរ អ៊ុយក្រែន និង​រុស្ស៊ី ប្រឹង​ប្រយុទ្ធរៀងៗខ្លួន ដើម្បី​មានកម្លាំង មាន​ប្រៀប​នៅក្នុងពេលចរចា។ បើតាម​ការវាយតម្លៃរបស់​អនុប្រធានក្រុមស៊ើបការណ៍សម្ងាត់​អ៊ុយក្រែន ការចរចា​ពិតប្រាកដ​ រុស្ស៊ី អ៊ុយក្រែន​នឹងអាច​ចាប់ផ្តើម ​នៅ​ឆមាសទី២នៅ ២០២៥ ឬអាច​លឿនជាងនេះ។

ការលើកឡើង​របស់​អនុប្រធាន​ស៊ើបការណ៍សម្ងាត់​អ៊ុយក្រែន ហាក់ផ្ទុយនឹង​ជំហរ​របស់​លោកប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេឡិនស្គីដែល​បានទាត់ចោល​ជាច្រើនសារ ការចរចាណាមួយជាមួយ​រុស្ស៊ី។ នៅ​ឆ្នាំ ២០២២ ប្រធានាធិបតី​អ៊ុយក្រែន​នៅបាន​ចេញក្រឹត្យ​ជាផ្លូវការ បិទផ្លូវចរចាជាមួយរុស្ស៊ី។

ប៉ុន្តែ នៅ​មុន​សន្និសីទស្តីពីសន្តិភាព​នៅអ៊ុយក្រែន ដែលនឹងរៀបចំធ្វើនៅ​ប្រទេស​ស៊្វីសនៅ​ខែ​មិថុនា រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន​ពន្លយឲ្យដឹងថា សន្និសីទ​មានគោលដៅប្រមូលផ្តុំ​ប្រទេស​ដែល​មាន​គោលការណ៍ គោលជំហរ​ដូចគ្នា​នឹង​អ៊ុយក្រែន។ បន្ទាប់មក គេអាច​ទាក់ទង​ជាមួយ​រុស្ស៊ី​​ដើម្បី​ឲ្យរុស្ស៊ី​អាច​ចូលរួម​ក្នុងតុការចរចា។ ព្រោះថា ដូចគ្រប់គ្នា​បាន​ដឹង នៅចុងបញ្ចប់ទៅ គេមិនអាច​បិទបញ្ចប់​សង្រ្គាមមួយ ដោយគ្មានការចូលរួម​ពីភាគីជម្លោះនោះទេ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ