អានតួអត្ថបទ
តួកគី-ស៊ីរី

តួកគី​បញ្ជន​ទ័ព​ចូល​ទឹកដី​ស៊ីរី​ដើម្បី​ជម្លៀស​ឆ្មាំ​យាម​​ផ្នូរបុរាណ​អូតូម៉ង់

នៅ​យប់ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ តួកគី​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំមួយ នៅ​ក្នុង​ទឹកដី​ស៊ីរី ដើម្បី​ជម្លៀស​ផ្នូរបុរាណ​នៃ​អតីត​ចក្រភព​អូតូម៉ង់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ​កងទ័ព​តួកគី​បាន​ជម្លៀស​ចេញ​ពី​​ផ្នូរ​បុរាណ​នូវ​សាកសព​ឥស្សរជន​អូតូម៉ង់ រួម​ជាមួយ​នឹង​ទាហានតួកគី ៤០នាក់ ដែល​នៅ​​យាម​ផ្នូរ​បុរាណ​នេះ​​។

លោក Ahmet Davutoglu នាយករដ្ឋមន្រ្តី​តួកគី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​អាទិត្យ ២២កុម្ភៈ ២០១៥
លោក Ahmet Davutoglu នាយករដ្ឋមន្រ្តី​តួកគី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​អាទិត្យ ២២កុម្ភៈ ២០១៥ REUTERS/Hakan Goktepe/Prime
ផ្សាយពាណិជ្ជកម្ម

 

ទាហាន​តួកគី​ជិត​ ៦០០នាក់​ អមដោយ​រថក្រោះ​ និង​រថពាសដែក​ប្រមាណ​ជា ១០០គ្រឿង បាន​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី នៅម៉ោង​ ៩យប់​ថ្ងៃ​សៅរ៍ (ម៉ោង​ក្នុងស្រុក) ហើយ​បញ្ចប់​ប្រតិបត្តិការ​នៅ​ព្រឹកថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​អះអាង​របស់​​លោក Ahmet Davutoglu នាយករដ្ឋមន្រ្តី​តួកគី​ ដែល​បាន​បញ្ជាក់ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​កងទ័ព​តួកគី​មិន​បាន​ប៉ះប្រយុទ្ធ​នឹង​កងកម្លាំង​​ណាមួយ​នោះទេ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អម​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការពារជាតិ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ លោក​នាយករដ្ឋមន្រ្តី​តួកគី​បាន​ឲ្យដឹង​ថា តួកគី​សម្រេច​បើក​ប្រតិបត្តិការ​ជម្លៀស​ផ្នូរ​បុរាណ​នេះ គឺ​ដោយសារ​តែ​តួកគី​មាន​ការ​ព្រួយបារម្ភ​អំពីបញ្ហា​សន្តិសុខ ដែល​កំពុង​ចោទឡើង​កាន់តែ​ខ្លាំង នៅ​ក្នុង​តំបន់​ជុំវិញ​ផ្នូរបុរាណ។

គួរបញ្ជាក់ថា ផ្នូរបុរាណ​​ដែល​កងទ័ព​តួកគី​ចូល​ទៅ​ជម្លៀស​ចេញ​ពី​ស៊ីរី​នេះ គឺ​ជា​ផ្នូរ​ Souleiman Shah ដែល​ត្រូវ​ជា​ជីតា​របស់​អធិរាជ​ដំបូង​បង្អស់​នៃ​ចក្រភព​អូតូម៉ង់។ ផ្នូរបុរាណ​នេះ​ស្ថិត​នៅ​ប៉ែក​ខាងជើង​ប្រទេស​ស៊ីរី ក៏ប៉ុន្តែ ​​បរិវេណ​នៃ​ផ្នូរ​បុរាណ​នេះ​​ត្រូវ​បាន​គេ​កំណត់​ នៅ​ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩២១ថា​ជា​ទឹកដី​ដែល​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​តួកគី។

កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៤​កន្លងទៅ ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ធ្លាប់​បាន​ព្រមាន​ថា​នឹង​បើក​ការ​វាយប្រហារ​លើ​ផ្នូរបុរាណ​របស់​អូតូម៉ង់​នេះ ប្រសិនបើ​តួកគី​មិន​ដក​ទាហាន​យាម​ផ្នូរ​ចេញ​ក្នុង​រយៈពេល​៣ថ្ងៃ។ ក៏ប៉ុន្តែ ទី​ចុងបំផុត​ទៅ​ការវាយប្រហារ​របស់​ក្រុម​ជីហាត​មិនបាន​កើតឡើង​ដូចការ​ព្រមាន​នេះ​ទេ បើ​ទោះបី​ជា​តួកគី​បដិសេធ​មិន​ដក​ទ័ព​ក៏ដោយ។ ប្រមុខដឹកនាំ​តួកគី​ធ្លាប់​បាន​ព្រមាន​ថា ការ​វាយប្រហារ​ទៅលើ​ទីតាំង​ផ្នូរ​បុរាណ​នេះ​នឹង​ត្រូវ​ចាត់ទុក​ថា​ជា​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅលើ​ទឹកដី​តួកគី ពោលគឺ​ជា​ការ​វាយប្រហារ​ទៅលើ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ