អានតួអត្ថបទ
តួកគី

អូតង់​ពង្រាយ​គ្រាប់មីស្ស៊ីល Patriot ក្នុង​ប្រទេស​តួកគី​ដើម្បី​ទប់​នឹង​ការ​គំរាមកំហែង​ពី​ប្រទេស​ស៊ីរី

នៅ​ថ្ងៃសុក្រ ទី៤ មករា​ម្សិលមិញ អូតង់​បាន​ដាក់​ពង្រាយ​គ្រាប់មីស្ស៊ីល Patriot ក្នុង​ប្រទេស​តួកគី។ គោលដៅ គឺ​ដើម្បី​ការពារ​ទឹកដី​តួកគី​ប្រឆំាង​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​ប្រទេស​ស៊ីរី។ ការ​ដាក់ពង្រាយ​គ្រាប់មីស្ស៊ីល Patriot ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​អង់ការ៉ា​បាន​ធ្វើ​សំណើ​ទៅ​អង្គការ​អូតង់​កាល​ពី​ថ្ងៃទី ២១ វិច្ឆិកា ឆ្នំា ២០១២។ យ៉ាង​ណា​ក៏​ដោយ​គេ​ត្រូវ​រង់ចំា​រហូត​ដល់​ដើម​ខែ​កុម្ភៈ​ទើប​អាច​ដាក់​ឲ្យ​ដំណើរ​នូវ​គ្រាប់មីស្ស៊ីល Patriot នេះ។

ទីតំាង​តម្កល់កំាជ្រួចមីស៊ីល Patriot នៅ​ប៉ែក​ខាងត្បូង​ប្រទេស​តួកគី
ទីតំាង​តម្កល់កំាជ្រួចមីស៊ីល Patriot នៅ​ប៉ែក​ខាងត្បូង​ប្រទេស​តួកគី AFP PHOTO / MEHDI FEDOUACH
ផ្សាយពាណិជ្ជកម្ម

ជា​សរុប មាន​ទីតំាង​ដាក់​តម្កល់​គ្រាប់មីស្ស៊ីល Patriot ចំនួន ៦កន្លែង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​តួកគី។ ២ កន្លែង​ជា​របស់​ប្រទេស​ហូឡង់ ២កន្លែង​ជា​របស់​ប្រទេស​អាល្លឺម៉ង់ និង​២កន្លែង​ទៀត​ជា​របស់​សហរដ្ឋអាមេរិក។ ប្រទេស​ទំាង៣​ខាង​លើ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​បោះ​ទីតំាង​កន្លែង​ដាក់​គ្រាប់មីស្ស៊ីល Patriot មុន​គេ។ ទាហាន​អាមេរិកំាង​ចំនួន ២៧នាក់​បាន​ទៅ​ដល់​មូលដ្ឋានទ័ពអាកាស Incirlik ក្បែរ Adana ជាមួយ​នឹង​គ្រឿងបរិក្ខារ​មួយ​ចំនួន​សម្រាប់​បោះទីតំាង​លើក​ដំបូង។ គ្រឿងបរិក្ខារ​ខ្លះ​ត្រូវ​តម្លើង​នៅ​មូលដ្ឋានទ័ពអាកាស Incirlik ដោយ​មាន​ការ​ជួយ​ការពារ​ពី​សំណាក់​ទាហាន​អូតង់។ ចំណែក​គ្រឿងបរិក្ខារ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​យក​ទៅ​តម្លើង​នៅ​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី។

ចំណែក​គ្រឿងបរិក្ខារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូច​យ៉ាង​គ្រាប់មីស្ស៊ីល Patriot នឹង​ត្រូវ​ទៅ​ដល់​ប្រទេស​តួកគី​តាម​កប៉ាល់​នៅ​ចុង​ខែ​មករា​នេះ។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចំា​យ៉ាង​តិច​រហូត​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ ទើប​គេ​អាច​ដាក់​ឲ្យ​ដំណើរ​នូវ​គ្រាប់មីស្ស៊ីល Patriot នេះ​បាន ពោល​គឺ​ក្រោយ​ពេល​រដ្ឋសភា​តួកគី​បោះឆ្នោត​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ទាហាន​បរទេស​លើ​ទឹកដី​របស់​ខ្លួន។

ម្យ៉ាង​ទៀត ដើម្បី​អាច​នឹង​តម្លើង​ប្រព័ន្ធ​គ្រាប់មីស្ស៊ីល Patriot ឲ្យ​ចប់​សព្វ​គ្រប់​បាន ប្រទេស​អ្នកផ្តល់​គ្រាប់មីស្ស៊ីល Patriot ទំាង ៣ប្រទេស​ត្រូវ​បញ្ជូន​ទាហាន​ចំនួន ៤០០នាក់​ក្នុង​មួយ​ប្រទេស។ សំណួរ​ដែល​ចោទ​នោះ​គឺ​ថា តើ​ជា​មួយ​នឹង​ការ​ដាក់​ពង្រាយ​គ្រាប់មីស្ស៊ីល Patriot នៅ​ពេល​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​តួកគី​ទទួល​បាន​ការ​កក់ក្តៅ លែង​បារម្ភ​ពី​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​ប្រទេស​ស៊ីរី​ដែរ ឬ​ទេ ?

សូម​ជម្រាប​ជូន​ថា អ្វី​ដែល​ជា​ក្តីបារម្ភ​ធំ​បំផុត​នោះ គឺ​ប្រសិទ្ធិភាព​របស់​ គ្រាប់មីស្ស៊ីល Patriot ព្រោះ​ថា​កន្លង​មក បទពិសោធន៍​នៅ​ក្នុង​អតីតកាល ពិសេស​សង្រ្គាម​នៅ​ឈូងសមុទ្រពែក្ស​​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណុច​ខ្សោយ​របស់​គ្រាប់មីស្ស៊ីល Patriot ប្រឈម​នឹង​គ្រាប់មីស្ស៊ីល Scud។ មួយ​វិញ​ទៀត បច្ចុប្បន្ន​នេះ ប្រទេស​ស៊ីរី​មាន​បំពាក់​ទៅ​ដោយ​គ្រាប់មីស្ស៊ីល​រុស្ស៊ី​ប្រភេទ SAM-៣០០ ដែល​មាន​ឥទ្ធិពល​ខ្លំាង​ជាង​គ្រាប់មីស្ស៊ីល Patriot ឆ្ងាយ​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ