អធិការបតីអាល្លឺម៉ង់ទៅចិនពង្រឹងពាណិជ្ជកម្ម ខណៈចិនរងការរិះគន់ពីការប្រកួតប្រជែងមិនស្មោះត្រង់
លោក អូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់ បានអញ្ជើញទៅដល់ប្រទេសចិន នៅថ្ងៃអាទិត្យ ទី១៤ មេសា ដើម្បីរឹតចំណងទាក់ទងពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូរកស៊ីដ៏ធំចម្បងជាងគេរបស់អាល្លឺម៉ង់។ ដំណើរទស្សនកិច្ចទៅស្រុកចិនរបស់ថ្នាក់ដឹកនាំអឺរ៉ុបរូបនេះ ត្រូវរងការរិះគន់ពីអ្នកនយោបាយក្នុងស្រុក ស្របពេលដែលប្រទេសបស្ចិមលោក បានថ្កោលទោសរដ្ឋអំណាចចិនអំពីការប្រកួតប្រជែងមិនស្មោះត្រង់ ជុំវិញការឧបត្ថម្ភធនក្នុងវិស័យឧស្សាហកម្ម ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៨
តាំងពីឡើងកាន់កាប់អំណាចរដ្ឋនៅចុងឆ្នាំ២០២១មក នេះជាលើកទី២ហើយដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ អញ្ជើញបំពេញទស្សនកិច្ចនៅស្រុកចិន។ ជើងមុន លោកបានទស្សនកិច្ចតែក្រុងចិន១ប៉ុណ្ណោះ ព្រោះមានបញ្ហារឹតត្បិតជំងឺកូវីដ១៩។ លើកនេះ ថ្នាក់ដឹកនាំអាល្លឺម៉ង់ នឹងគ្រោងបំពេញទស្សនកិច្ច ចំនួន ៣ ថ្ងៃ នៅ ៣ខេត្តក្រុង។ ផ្តើមជាដំបូង ថ្ងៃអាទិត្យ ទី១៤មេសា នៅ ចុងជីង ខេត្តដ៏ធំនៅប៉ែកនិរតី ហើយបន្ទាប់មក ក្រុងសៀងហៃ ចម្ងាយប្រមាណ ១ ៤០០ គីឡូម៉ែត្រ ពីព្រំដែនខាងកើតប្រទេសចិន ដើម្បីធ្វើទស្សនកិច្ចនៅបណ្តារោងចក្រឧស្សាហកម្មជាច្រើនកន្លែង មុននឹងអញ្ជើញបន្តដំណើរទៅរដ្ឋធានីប៉េកាំង នៅថ្ងៃអង្គារ ដើម្បីជួបសំណេះសំណាលជាមួយនឹងប្រធានាធិបតីចិន ស៊ី ជីនពីង ហើយនិងសមភាគី លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង។
ដំណើរទស្សនកិច្ចទៅស្រុកចិនជាលើកទី២របស់លោក អូឡាហ្វ ស្ហុលស៍ មានអមដោយរដ្ឋមន្ត្រីជាច្រើននាក់ ដូចជារដ្ឋមន្ត្រីបរិស្ថាន ដឹកជញ្ជូន និងកសិកម្ម រួមនិងម្ចាស់ក្រុមហ៊ុនសហគ្រាសអាល្លឺម៉ង់ គ្រាក់ៗ។ អធិការបតីអាល្លឺម៉ង់ បានប្រកាសតាំងពីថ្ងៃសុក្រ ទី១២មេសា មុនចេញដំណើរឆ្ពោះទៅចិន ថា ប្រទេសចិនជាដៃគូសហការរកស៊ីពាណិជ្ជកម្ម ដ៏ធំ សំខាន់ខ្លាំងណាស់សម្រាប់ប្រទេសអាល្លឺម៉ង់។
ទស្សនកិច្ចកិច្ចរបស់ថ្នាក់ដឹកនាំអាល្លឺម៉ង់នៅចិន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅរដ្ឋធានីប៉េកាំង។ រយៈពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងបស្ចិមលោក បានចោទចង្អុរមុខចិនអំពីការប្រកួតប្រជែងមិនស្មោះត្រង់ ជុំវិញការឧបត្ថម្ភធនក្នុងវិស័យឧស្សាហកម្ម ហើយនិងការផលិតរថយន្តអគ្គិសនីច្រើនជ្រុលហួសចំណុះដែលអាចនឹងបង្កវិបត្តិសកល។ ការរិះគន់ចោទមួយទៀត ជុំវិញការរើសរើងនិងការលំបាកក្រុមហ៊ុនបរទេស ក្នុងការជ្រៀតចូលទីផ្សារក្នុងស្រុកចិន។ សមាគមធុរកិច្ចអាល្លឺម៉ង់នៅចិន រំពឹងសង្ឃឹមថា លោក អូឡាហ្វ ស្ហុលស៍ យកសំណុំរឿងទុក្ខព្រួយទាំងនេះ ទៅជជែកពិភាក្សារកដំណោះស្រាយជាមួយថ្នាក់ដឹកនាំចិន ដ្បិតថា ក្រុមហ៊ុនអាល្លឺម៉ង់២ភាគ៣ទៅហើយ នៅចិន កំពុងតែត្អូញត្អែរ។ ជុំវិញវិនិយោគទុនបរទេសនៅចិន អ្នកវិភាគមើលឃើញថា អាល្លឺម៉ង់ អាចនឹងដើរតួវិនិយោគទុន ដោយមានសភាពងាយស្រួលជាងក្រុមហ៊ុនសហរដ្ឋអាមេរិកនិងជប៉ុន។
រដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងដែរថា វត្តមានរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ នៅស្រុកចិន ក៏ដើម្បីជួយនិយាយបញ្ចុះបញ្ចូលចិន ផ្លុំត្រចៀកថ្នាក់ដឹកនាំរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ដ្បិតថា ចិននិងរុស្ស៊ី មានចំណងទាក់ទងយ៉ាងស្និទ្ធល្មួត ដូច្នេះ អាល្លឺម៉ង់ រំពឹងលើឥទ្ធិពលក្រុងប៉េកាំង ដើម្បីផ្ញើសារទៅម៉ូស្គូ។ ក្នុងបរិបទភូមិសាស្ត្រនយោបាយ ចិនមិនដែលរិះគន់ថ្កោលទោសរុស្ស៊ី ដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយចិនមិនញញើតនឹងគំរាមវាយសង្គ្រប់ដោយកម្លាំងបាយ បង្រួបបង្រួម យកកោះតៃវ៉ាន់។ ប្រភពស្និទ្ធនឹងអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា រាល់ការដោះស្រាយវិបត្តិអន្តរជាតិអ្វីនីមួយៗ គេពុំអាចនឹងមើលរំលងចិនបានសោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ