អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

រដ្ឋា​ភិបាល​អាល្លឺម៉ង់ ប្រកាសបង្ហាញ​ គោលនយោបាយយុទ្ធសាស្រ្ត​ថ្មី ដើម្បី​ឈប់ពឹងផ្អែក​ខ្លាំងលើចិន

កាលពីថ្ងៃព្រហស្បតិ៍​ទី ១៣កក្កដា រដ្ឋាភិបាលអាល្លឺម៉ង់ បានធ្វើការបង្ហាញឯកសារ គោលនយោបាយ​យុទ្ធសាស្ត្រថ្មី ស្តីពីទំនាក់ទំនង​ទ្វេភាគីជាមួយចិន ដែលជាដៃគូរពាណិជ្ជធំបំផុតរបស់អាល្លឺម៉ង់​​។ ខណៈដែល​ចិនកាន់​តែជះឥទ្ធិពលវាតទី រដ្ឋាភិបាលអាល្លឺម៉ង់បាន​​អះអាងថា នឹងប្រឹងប្រែង​រកវិធី ធ្វើឲ្យ​អាល្លឺម៉ង់ ឈប់ពឹងផ្អែកលើ​ចិន​ខ្លាំងពេក​។ ជាយុទ្ធសាស្ត្រថ្មី ដែលអាល្លឺម៉ង់បានដកបទ​ពិសោធន៍ បន្ទាប់ពីបាន​ភ្លឺភ្នែក ក្រោយ​ពេល​រុស្ស៊ី​លើកទ័ព ធ្វើ​សង្គ្រាម​ឈ្លានពាន​​អ៊ុយក្រែន។

លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង​លោក​ស៊ី ជីនពីង ជួបគ្នានៅប៉េកាំង ថ្ងៃទី ៤ វិច្ឆិកា ២០២២
លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង​លោក​ស៊ី ជីនពីង ជួបគ្នានៅប៉េកាំង ថ្ងៃទី ៤ វិច្ឆិកា ២០២២ AP - Kay Nietfeld
ផ្សាយពាណិជ្ជកម្ម

ឯកសារចំនួន៦៤ទំព័រ ស្តី​ពីទំនាក់ទំនងយុទ្ធសាស្ត្រ​ជាមួយចិន ត្រូវបាន​រដ្ឋាភិបាល​អាល្លឺម៉ង់បង្ហាញជាសាធារណៈ បន្ទាប់ពីបានចរចាគ្នា តាក់តែងអស់ជាច្រើនខែ​។ ជាឯកសារយុទ្ធសាស្ត្រជាតិ ដែល​រដ្ឋាភិបាលអាល្លឺម៉ង់​ចាត់ទុកថា ជា​ “ត្រីវិស័យថ្មី” ដើម្បីកំណត់ទិសដៅត្រូវដើរ ទាក់ទិនទំនាក់ទំនងជាមួយចិន​។​

នៅលើបណ្តាញ Twitter លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា កម្មវត្ថុរបស់អាល្លឺម៉ង់ គឺមិនមែន​ទៅ​ផ្តាច់ខ្លួន​ លែងមានទំនាក់ទំនងសោះ ជាមួយនឹងចិននោះទេ។ តែអាល្លឺម៉ង់ នឹងត្រូវតែមានយន្តការ​ កាត់បន្ថយ​ការពឹងផ្អែកខ្លាំងជ្រុលពេក ទៅលើចិន​។ លោក​បន្ថែមថា ឯកសារ ត្រីវិស័យថ្មីរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បង្ហាញថា គោលនយោបាយយុទ្ធសាស្ត្រជាតិ​​របស់អាល្លឺម៉ង់ ​បាន​ផ្លាស់ប្តូរហើយ ដោយសារតែគោលជំហររបស់ចិន កាន់តែប្រឆាំងតទល់ខ្លាំងជាមួយ​ផល​ប្រយោជន៍​អាល្លឺម៉ង់ដែរ​។​ តែយ៉ាងណា លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ចិន នៅតែជាដៃគូរពាណិជ្ជកម្ម​ដ៏សំខាន់បំផុតមួយ របស់អាល្លឺម៉ង់ដដែលទេ តែទន្ទឹមនឹងនេះ ចិនក៏គឺជាគូរប្រជែងយុទ្ធសាស្ត្រមួយដែរ​។

គួរបញ្ជាក់ថា ឯកសារថ្មីស្តីពីទំនាក់ទំនងជាមួយចិននេះ ត្រូវបាន​រដ្ឋាភិបាលអាល្លឺម៉ង់បង្ហាញ បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​ឯកសារទូទៅមួយទៀត ស្តីពីយុទ្ធសាស្ត្រជាតិអាល្លឺម៉ង់ កាលពី​ពាក់កណ្តាលខែ​មិថុនា។ ឯកសារថ្មី​នេះ គឺជាមានកម្មវត្ថុ​ដាស់តឿន ក្រុមហ៊ុនសហគ្រាសទាំងអស់របស់អាល្លឺម៉ង់ ឲ្យ​បង្កើនការប្រុងប្រយ័ត្ន មិនត្រូវពឹងផ្អែកជ្រុលហួសហេតុពេកទៅលើចិននោះទេ។ តែយ៉ាងណា ការផ្តាច់ខ្លួនឈប់ពឹងលើចិន គឺមិនមែនជារឿងងាយធ្វើប៉ុន្មានទេ សម្រាប់ឧស្សហកម្មអាល្លឺម៉ង់។ នៅ​ក្នុង​ឯកសារយុទ្ធសាស្ត្រនេះ អាល្លឺម៉ង់ក៏​បានទទួលស្គាល់ថា ក្នុងសំណុំរឿងធំៗខ្លះ ដូចជាសំណុំរឿងប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ គឺគេត្រូវការចិនជាចាំបាច់ ក្នុងនាមចិន​ជា​ប្រទេសដ៏ធំមួយ​ដែលបញ្ចេញឧស្ម័នកាបូនិក​។

គួរកត់សំគាល់ថា ការផ្លាស់ប្តូរគោលជំហររបស់អាល្លឺម៉ង់នេះ គឺជាលទ្ធផលនៃការដកពិសោធន៍នៃសង្គ្រាម​នៅអ៊ុយក្រែន ដែលបានធ្វើ​ឲ្យ​អាល្លឺម៉ង់បានភ្លឺភ្នែក​។ វាក៏គឺជាបរិបទទូទៅដែរ នៅក្នុងអំឡុងពេលនេះ ដែលប្រទេសជាច្រើននៅអឺរ៉ុប បានចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បី​ការពារខ្លួន បន្ទាប់ពីបានឃើញ​មហាយក្សចិន បញ្ចេញសាច់ដុំកាន់តែខ្លាំង មិនថា​ផ្នែកកងទ័ព និងពាណិជ្ជកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ