អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

អាល្លឺម៉ង់ចាត់ទុកថា​ចិន កំពុងធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍ និងតម្លៃរបស់អាល្លឺម៉ង់

ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេ ​របស់អាល្លឺម៉ង់។ តែទន្ទឹមនឹងនេះ ចិនបាននិងកំពុងតែធ្វើសកម្មភាព ដ៏គ្រោះថ្នាក់ ប្រឆាំង​មកលើ​ផលប្រយោជន៍ ក៏ដូចជា​​តម្លៃ​​របស់​អាល្លឺម៉ង់។ នេះគឺជាការលើកឡើង នៅក្នុងឯកសារ​យុទ្ធសាស្ត្រមួយ ចេញផ្សាយ​ដោយ​រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី​១៤មិថុនាម្សិលមិញ។ នៅសប្តាហ៍​ក្រោយនេះ គណៈប្រតិភូចិនដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី លី ឈាំង នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង។

លោកអធិការបតី Olaf Scholz នឹងសមាជិករដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងពេល​បង្ហាញឯកសារ យុទ្ធសាស្ត្រសន្តិសុខជាតិ ប្រាប់ទៅអ្នកកាសែត។ ប៊ែរឡាំង ថ្ងៃទី១៤ មិថុនា ២០២៣
លោកអធិការបតី Olaf Scholz នឹងសមាជិករដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងពេល​បង្ហាញឯកសារ យុទ្ធសាស្ត្រសន្តិសុខជាតិ ប្រាប់ទៅអ្នកកាសែត។ ប៊ែរឡាំង ថ្ងៃទី១៤ មិថុនា ២០២៣ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការជជែកដេញដោលគ្នា រវាងសមាជិករដ្ឋាភិបាល​អាល្លឺម៉ង់ ទីបំផុតឯកសារ​យុទ្ធសាស្ត្រសន្តិសុខជាតិអាល្លឺម៉ង់ ត្រូវបាន​បង្ហាញ​ជាផ្លូវការ។ ឯកសារដែលមាន​កម្រាសជិត​​៨០ទំព័រនេះ បាន​រៀបរាប់លំអិត អំពី​បញ្ហាប្រឈមធំៗ ទាំងឡាយទាំងពួង ដែលកំពុងចោទឡើងមកលើសន្តិសុខជាតិអាល្លឺម៉ង់ ដោយរាប់ទាំង​ ការគំរាមពីសំណាក់​រុស្ស៊ី  បញ្ហា​សន្តិសុខព័ត៌មានវិទ្យា ព្រមទាំង​វិបត្តិអាកាសធាតុជាដើម។

តែអ្វីដែល​ហាក់ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ផ្តោតការយកទុកដាក់បំផុតនោះ គឺការគំរាមពីសំណាក់ចិន។ ឯកសារបាន​លើកឡើងថា ចិនបានប្រើគ្រប់មធ្យោបាយ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច ដើម្បីធ្វើឲ្យ​ប្រែប្រួលដល់សណ្តាប់ធ្នាប់ពិភពលោក ព្រមទាំងច្បាប់អន្តរជាតិ។ ជាសកម្មភាព ដែលចិនធ្វើ​ ដោយ​ប្រឆាំងនឹងផលប្រយោជន៍ ព្រមទាំងតម្លៃមនសិកា របស់​អាល្លឺម៉ង់។

ជាការពិត សម្រាប់អាល្លឺម៉ង់ ចិនគឺជាដៃគូ ប្រកួតប្រជែង ដោយ​មិនអាចចៀសផុត ហើយធាតុផ្សំ​នៃការប្រកួតប្រជែងនេះ មានកាន់តែច្រើនឡើង នៅរវាងប៉ុន្មានឆ្នាំចុងក្រោយ​។ ក៏ប៉ុន្តែអាល្លឺម៉ង់យល់ឃើញថា​ បច្ចុប្បន្ននេះ ស្ថិរភាពតំបន់ ព្រមទាំងសន្តិសុខ​អន្តរជាតិ កំពុងទទួលរងសំពាធកាន់តែខ្លាំងឡើង ដោយសារតែសកម្មភាព​វាតទីរបស់ចិន។ ជាមួយគ្នានេះ សិទ្ធិមនុស្ស​ក៏កាន់តែត្រូវគេរំលោភបំពាន។ ចិនបាន​​ប្រើប្រាស់​អាវុធពាណិជ្ជកម្ម សេដ្ឋកិច្ច ដើម្បីឈាន​ទៅ​សម្រេចកម្មវត្ថុមហិច្ឆតា របស់ខ្លួន​។

ឆ្លើយទៅកាន់អ្នកកាសែត ក្នុងពេល​ធ្វើបទបង្ហាញឯកសារយុទ្ធសាស្ត្រនេះ លោក​ អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាន​លើកឡើងថា ទោះជាយ៉ាងណា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត​របស់អាល្លឺម៉ង់ ហើយសំណុំរឿងធំៗរបស់ពិភពលោក មិនអាចត្រូវបានដោះស្រាយចេញទេ ប្រសិនបើគ្មានចិន​ចូលរួម​ជាមួយ​ទេនោះ​។ ដូច្នេះ អាល្លឺម៉ង់ នឹងមិនទៅរារាំងការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន​ ព្រមទាំងសមាហរណ្ណកម្ម​ក្នុងស្ថាប័នអន្តរជាតិនោះទេ។ តែទន្ទឹមគ្នានេះ អាល្លឺម៉ង់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ទាក់ទិននឹង​បញ្ហាសន្តិសុខជាតិ​។

គួរកត់សំគាល់ថា ប្រមាណជាង១ឆ្នាំមកនេះ អាល្លឺម៉ង់ហាក់បាន​ពង្រឹងគោលជំហររឹងរូសដាក់ចិន បើទោះបីជានៅតែធានាថាចិនគឺជាដៃគូពាណិជ្ជកម្ម​។ សមាជិករដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ ដែលមកពីគណបក្ស​បរិស្ថាននិយម បានទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវតែមានជំហរម៉ឺងម៉ាត់ កុំចុះញ៉មនឹងចិន តួយ៉ាងទាក់ទិននឹងសំណុំរឿងកោះតៃវ៉ាន់ ព្រមទាំងសំណុំរឿងរំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំងជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ