ហេតុអ្វីមន្រ្តីយោធាអង់គ្លេសថា អ៊ុយក្រែនអាចចាញ់សង្រ្គាមនៅឆ្នាំនេះ?
នៅអ៊ុយក្រែន ស្ថានការណ៍នៅសមរភូមិខាងកើតកាន់តែធ្លាក់ចុះអាក្រក់ ដោយសាររុស្ស៊ីបង្កើនការវាយប្រហាររឹតតែសន្ធឹកទៅលើកងទ័ពអ៊ុយក្រែន។ នៅក្នុងសារតេឡេក្រាមកាលពីថ្ងៃសៅរ៍ទី១៣មេសា មេបញ្ជាការកងទ័ពអ៊ុយក្រែន ទទួលស្គាល់ថា ស្ថានការណ៍នៅសមរភូមិមុខកាន់តែយ៉ាប់យ៉ឺន នៅពេលកងទ័ពរុស្ស៊ីបើកការវាយប្រហារទាំងផ្លូវអាកាស និងផ្លូវគោក។ នៅក្នុងបទសម្ផាសន៍ជាមួយទូរទស្សន៍អង់គ្លេសBBC អតីតមេបញ្ជាការកងទ័ពអង់គ្លេសម្នាក់និយាយថា អ៊ុយក្រែនអាចចាញ់សង្រ្គាមនៅឆ្នាំនេះ បើសិនអ៊ុយក្រែននៅតែចាញ់ប្រៀបរុស្ស៊ី ទាំងរឿងអាវុធទំនើប និងចំនួនកងទ័ព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:៤៩
រុស្ស៊ីបានបង្កើនការវាយប្រហារ ទៅលើអ៊ុយក្រែន នៅគ្រប់មុខព្រួញ។ ក្រៅពីវាយប្រហារផ្លូវអាកាស បាញ់គ្រាប់មីស៊ីលបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗរបស់អ៊ុយក្រែន នៅក្នុងសមរភូមិឯណោះវិញ កងទ័ពរុស្ស៊ីបានបោះជំហានរុលទៅមុខ វាយដណ្តើមយកបានជាបន្តបន្ទាប់ ភូមិក្រុងនៅភាគខាងកើតអ៊ុយក្រែន។
នៅក្នុងសារតេឡេក្រាមកាលពីថ្ងៃសៅរ៍ មេបញ្ជាការកងទ័ពអ៊ុយក្រែន ទទួលស្គាល់ថា ស្ថានការណ៍នៅសមរភូមិខាងកើតធ្លាក់ចុះអាក្រក់យ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារកាន់តែសន្ធឹក នៅក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅខែមីនា។ បើតាមមេបញ្ជាការអ៊ុយក្រែន លោក Oleksandre Syrsky កងទ័ពរុស្ស៊ីវាយប្រហារលើទីតាំងរបស់អ៊ុយក្រែន នៅទីក្រុង Lyman និង Bakhmout។ អាកាសធាតុក្តៅស្ងួត មេឃស្រឡះ ហុចឱកាសឲ្យកងទ័ពរុស្ស៊ីអាចប្រើកាំភ្លើងធំបាញ់ប្លោង និងរថក្រោះវាយលុក បោះជំហានកាន់តែលឿនទៅមុខ ក្នុងសមរភូមិ។ បើតាមមេទ័ពអ៊ុយក្រែនដដែល នៅតាមជួរសមរភូមិខ្លះ ប្រើរថក្រោះវាយបំបែកខ្សែប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីបើកផ្លូវឲ្យរថយន្តដឹកទ័ពថ្មើរជើងចូលទៅកាន់កាប់ភូមិអ៊ុយក្រែន។
បើតាមការប៉ាន់ប្រមាណទុករបស់អ្នកជំនាញយោធា រុស្ស៊ីទំនងសម្រុកវាយប្រហារទ្រង់ទ្រាយធំនៅក្នុងរដូវក្តៅ ប៉ុន្មានខែខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេសBBC អតីតមេបញ្ជាការកងទ័ពអង់គ្លេស លោក Richard Barrons និយាយថា អ៊ុយក្រែនអាចនឹងចាញ់សង្រ្គាមនៅឆ្នាំនេះ។
មូលហេតុ មកពីប្រជាជនអ៊ុយក្រែនអាចនឹងមានអារម្មណ៍ថា ពួកគេមិនអាចឈ្នះសង្រ្គាម។ តើវាមានន័យអ្វីដែលត្រូវធ្វើសង្រ្គាមដែលមិនអាចការពារប្រទេសជាតិនោះ។ បើតាមអតីតមេបញ្ជាការទ័ពអង់គ្លេស អ៊ុយក្រែននៅមិនទាន់ឈានដល់ដំណាក់កាលនោះនៅឡើយទេ។ ប៉ុន្តែ នៅក្នុងសមរភូមិជាក់ស្តែង អ៊ុយក្រែនសព្វថ្ងៃនេះ ចាញ់ប្រៀបរុស្ស៊ី ទាំងចំនួនកងទ័ព និងអាវុធ។ មេបញ្ជាការទ័ពអ៊ុយក្រែនវាយតម្លៃថា នៅសមរភូមិភាគខាងកើត កងទ័ពរុស្ស៊ីមានចំនួនច្រើនជាងកងទ័ពអ៊ុយក្រែន ពី៧ ទៅ១០ដង។ មួយវិញទៀត នៅពេលរុស្ស៊ីសំបូរអាវុធសុទ្ធតែទំនើបៗ មីស៊ីលអ៊ីពែសូនិក មីស៊ីលបញ្ជា និងគ្រាប់ផ្ទុះទម្ងន់១៥០០គីឡូក្រាម ដើម្បីវាយប្រហារអ៊ុយក្រែន កងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិវិញ កាន់តែខើច អស់គ្រាប់ដើម្បីប្រយុទ្ធទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។ អ៊ុយក្រែនបានទទូចសុំសព្វាវុធពីសម្ព័ន្ធមិត្តលោកខាងលិច ប៉ុន្តែ ការផ្តល់ជំនួយនៅតែយឺតយ៉ាវ។ ម្យ៉ាង ជំនួយយោធាធំបំផុតសម្រាប់អ៊ុយក្រែន ទំហំ ៦០ពាន់លានដុល្លារនៅតែជាប់គាំងនៅ ព្រឹទ្ធសភាអាមេរិក។
អ៊ុយក្រែនកាន់តែខ្សត់ខ្សោយអាវុធជារឿងមួយ។ ប៉ុន្តែ យោងតាមមេទ័ពអ៊ុយក្រែន កងទ័ពអ៊ុយក្រែននៅត្រូវការបណ្តុះបណ្តាលដើម្បីប្រើប្រាស់សព្វាវុធរបស់លោកខាងលិច ជាពិសេសយន្តហោះចម្បាំង និងរថក្រោះរបស់អាមេរិក។ ឧបសគ្គធំមួយទៀតរបស់អ៊ុយក្រែន គឺការកេណ្ឌទ័ព។ ដោយសារខ្វះទ័ព នៅសប្តាហ៍នេះ សភាអ៊ុយក្រែនបានអនុម័តច្បាប់រើសបញ្ចូលទ័ពដ៏ចម្រូងចម្រាស ដែលផ្តោតសំខាន់លើការដាក់ពិន័យអ្នកជាប់កាតព្វកិច្ចយោធាទាំងឡាយណា ដែលបដិសេធមិនចូលបម្រើទ័ព។ ទាហាន និងក្រុមគ្រួសាររបស់ទាហានអ៊ុយក្រែនប្រឆាំងនឹងច្បាប់ថ្មី ព្រោះវាគ្មានចែងការបិទបញ្ចប់កាតព្វកិច្ចយោធាសម្រាប់អ្នកដែលបានចូលធ្វើទាហាន៣ឆ្នាំ។ អ្នកដែលចូលសមរភូមិជាង២ឆ្នាំមកនេះ ខ្លាចថា ជាមួយច្បាប់ថ្មី បូកផ្សំនឹងអំពើពុករលួយ និងភាពអយុត្តិធម៌ ពួកគេនឹងត្រូវស្ថិតនៅក្នុងសមរភូមិប្រយុទ្ធ គ្មានកាលកំណត់។
សង្រ្គាមជាង២ឆ្នាំមកនេះបានធ្វើឲ្យប្រជាជនអ៊ុយក្រែនមួយចំនួននឿយណាយ បាក់ទឹកចិត្ត លែងចង់ស្ម័គ្រចូលបម្រើកងទ័ពដែលខ្វះអាវុធ ពោលគឺមិនខុសពីចូលទៅធ្វើជាផ្ទាំងស៊ីបវាយប្រហាររបស់កងទ័ពរុស្ស៊ី ដែលមានចំនួនច្រើន និងបំពាក់ដោយសព្វាវុធទំនើបៗនោះទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ