អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

លោកហ្សេឡេនស្គីពោលថា អ៊ុយក្រែននឹងចាញ់សង្គ្រាម ប្រសិនបើគ្មានជំនួយពីអាមេរិក

ស្ថានភាពសមរភូមិ​នៅអ៊ុយក្រែន កំពុងតែ​ដុនដាបខ្លាំង​ ដោយសារតែ​កងទ័ពអ៊ុយក្រែន គ្មាន​គ្រឿងសព្វាវុធគ្រប់គ្រាន់ ដើម្បី​ទប់ទល់ទៅនឹងកម្លាំង​ដ៏ខ្លាំងរបស់កងទ័ពរុស្ស៊ី​។ ជាថ្មីម្តងទៀត លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បាន​ថ្លែងយ៉ាងទទូច ថាអ៊ុយក្រែនត្រូវការ​នូវ​ជំនួយ​យោធាយ៉ាងចាំបាច់បំផុត ពីសំណាក់សហរដ្ឋអាមេរិក​​​។ បើគ្មានជំនួយ​ពីអាមេរិក​ទេ នោះអ៊ុយក្រែននឹងចាញ់សង្គ្រាម​។​

លោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងពេលធ្វើសន្និសីទកាសែតជាមួយលោក​ចូ បៃដិន នៅ​សេតវិមាន ថ្ងៃទី ១២ ធ្នូ ២០២៣
លោក​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងពេលធ្វើសន្និសីទកាសែតជាមួយលោក​ចូ បៃដិន នៅ​សេតវិមាន ថ្ងៃទី ១២ ធ្នូ ២០២៣ AFP - MANDEL NGAN
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុង​ទឹកមុខយ៉ាងមុតមាំ លោក​ហ្សេឡេនស្គី បាន​លើកឡើងថា “ប្រសិនបើសភាខុនហ្ក្រេសអាមេរិក មិនជួយអ៊ុយក្រែននៅពេល អ៊ុយក្រែន​នឹងចាញ់សង្គ្រាម”។​ ពាក្យ​សំដីនេះ គឺលោក​ប្រធានាធិបតី​អ៊ុយក្រែន បានប្រាប់ទៅ​តំណាងអង្គទូតសមាជិក​នៃ​វេទិកា​ប្រមូលថវិការជួយអ៊ុយក្រែន United24 នៅក្នុង​កម្មវិធី​​​ពិភាក្សាដោះដូរយោបល់ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ កាលពីថ្ងៃអាទិត្យទី​៧មេសា​។

លោក​ហ្សេឡេនស្គី បន្ថែមថា បើគ្មាន​ការជួយគាំទ្រពី​សភាខុនហ្ក្រេស នោះអ៊ុយក្រែនប្រាកដជាជួបការលំបាកខ្លាំងណាស់ មិនអាចឈ្នះ​បានទេ ហើយ​ក៏​ប្រហែលជា​មិនអាច​រស់រួចជីវិត ក្នុងនាមជា​ប្រទេស​មួយដែរ​។ លោក​ហ្សេឡេនស្គីបន្តថា ប្រសិនបើ​អ៊ុយក្រែន​ចាញ់សង្គ្រាម នោះ​ប្រទេស​ជិតខាតអ៊ុយក្រែន​នឹងត្រូវរុស្ស៊ីឈ្លាន​ពាន​ជាបន្តបន្ទាប់ ដោយ​មិនអាច​ចៀស​ផុតឡើយ ព្រោះរុស្ស៊ី​នឹងមិនឈប់ត្រឹមនេះទេ។ ទន្ទឹមគ្នានេះ រុស្ស៊ីកំពុងតែប្រើយុទ្ធសាស្ត្រ​ “សង្រ្គាម​នុយក្លេអ៊ែរ” ដើម្បី​គំរាម បន្លាច​​បណ្តាប្រទេសលោកខាងលិចទាំងអស់​។​

គួរបញ្ជាក់ថា កញ្ចប់ជំនួយថវិកាជួយអ៊ុយក្រែន​​ ចំនួន​៦ម៉ឺនលានដុល្លារ ដែល​បានស្នើដោយរដ្ឋាភិបាល​លោក​ចូ បៃដិន កំពុងជាប់គាំង​នៅ​សភាខុនហ្ក្រេស តាំងតែពីឆ្នាំមុន ដោយសារតែ​សមាជិកសភា បក្សសាធារណរដ្ឋ​ និង​បក្ស​ប្រជាធិបតេយ្យ​មានការខ្វែងគំនិតគ្នាខ្លាំង​។ ក្រុមសមាជិក​សភាបក្សសាធារណរដ្ឋដែល​គាំទ្រលោកដូណាល់ ត្រាំ បានធ្វើផ្គរធ្វើភ្លៀង រារាំងមិន​ឲ្យ​មាន​ការអនុម័ត​យល់ព្រមកញ្ចប់ថវិកានេះ ដោយ​បានទាមទារ​ឲ្យ​រដ្ឋភិបាល​លោក​ចូ បៃដិន ត្រូវ​ធ្វើតាមខ្លួន ទាក់ទិននឹង​ការរឹតបន្តឹងច្បាប់​អន្តោប្រវេសន៍​។

នៅថ្ងៃចន្ទទី​៨មេសា​នេះ តាមការគ្រោងទុក សមាជិក​សភាខុសហ្រ្កេសអាមេរិក​ ត្រូវចាប់ផ្តើមចូលធ្វើការ​វិញ បន្ទាប់ពី​ឈប់សម្រាក​មួយសប្តាហ៍។ គេ​សង្ឃឹមថា ការប្រជុំចរចាគ្នាស្តីពីកញ្ចប់ថវិកាដ៏ចាំបាច់ ដើម្បីជួយអ៊ុយក្រែននេះ នឹងត្រូវគេប្រញាប់ប្រញាល់ជជែក។ តែយ៉ាងណា ក្នុងបរិបទ​នៃការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនាពេលនះ ធ្វើឲ្យគេពិបាកសង្ឃឹមណាស់ ថា​ក្រុមបក្សពួករបស់​លោក​ដូណាល់ ត្រាំ នឹងយល់ព្រមធ្វើសម្បទាន​ឲ្យ​គណបក្សប្រជាធិបតេយ្យ​​។

គួរកត់សំគាល់ថា ដោយសារតែ​ខ្វះខាតខ្លាំង កងទ័ពអ៊ុយក្រែនត្រូវ​បង្ខំចិត្ត សន្សំសំចៃគ្រាប់ និងប្រឹងប្រែងទប់កងទ័ពរុស្ស៊ីយ៉ាងត្រដាបត្រដួស។ ចំណែក​កងទ័ពរុស្ស៊ីវិញ បានបន្ថែមកម្លាំងនិង​សព្វាវុធយ៉ាងច្រើនសន្ធឹក នៅសមរភូមិខាងកើតអ៊ុយក្រែន​​ និងបានបើកការវាយសង្គ្រុប មកលើទីតាំងយុទ្ធសាស្រ្ត​មួយចំនួន ធ្វើ​ឲ្យ​អ៊ុយក្រែនត្រូវបង្ខំចិត្តវាយដកថយ​។

យ៉ាងណាមិញ​ កាលពីថ្ងៃអាទិត្យ​កន្លងទៅ កងទ័ពអ៊ុយក្រែនបានទទួលស្គាល់ ថា​កងទ័ពរុស្ស៊ី​កំពុងសំរុក​វាយ​ខិតមកកាន់តែ​ជិត តំបន់ Tchassiv Iar ស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីក្រុង​ Kramatorsk។ លោក Oleg Kalachnikov អ្នកនាំពាក្យនៃកម្លាំង​អ៊ុយក្រែនប្រចាំតំបន់នេះ បានថ្លែងការបារម្ភថា បើ​រុស្ស៊ីវាយយកតំបន់នេះបាន នោះបណ្តាញ​ផ្លូវដែក ​ដឹកជញ្ជូនសព្វាវុធនិងស្បៀងរបស់កងទ័ពអ៊ុយក្រែន ដែល​​ឈរជើងនៅដុនបាស អាចនឹងត្រូវកាត់ផ្តាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ