អានតួអត្ថបទ

កីឡាអូឡាំពិក២០២៤៖ភ្លើងគប់ត្រូវបានអុជឡើងនៅក្រិក និងផ្តើមដំណើរមួយ​ជុំក្រិកឆ្ពោះទៅបារាំង

ក្រិក-បារាំង-កីឡាអូឡាំពិក – នៅ​ថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤ ពោល ១០១ថ្ងៃ​មុន​ការ​រៀបចំ​ប្រកួត​កីឡាអូឡាំពិក​ក្នុង​ប្រទេស​បារាំង ភ្លើងគប់អូឡាំពិក​ត្រូវ​បាន​អុជ​ឡើង​នៅ​អូឡាពី (Olympie) ក្នុង​ប្រទេស​ក្រិក​ដែល​ជា​ទីកន្លែង​រៀបចំ​ការ​ប្រកួតកីឡាអូឡាំពិក​លើក​ដំបូង។ បន្ទាប់​មក ភ្លើងគប់អូឡាំពិក​នេះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីតាំង និង​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​ក្រិក​រយៈពេល ១១ថ្ងៃ មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង​សម្រាប់​ការ​បើក​សម្ពោធ​កីឡាអូឡាំពិក​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៦ កក្កដា​ខាង​មុខ។

កីឡាអូឡាំពិក២០២៤ក្នុង​ប្រទេស​បារាំង ភ្លើងគប់ត្រូវបានអុជឡើងនៅក្រិកក្នុងថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤។
កីឡាអូឡាំពិក២០២៤ក្នុង​ប្រទេស​បារាំង ភ្លើងគប់ត្រូវបានអុជឡើងនៅក្រិកក្នុងថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤។ © Thanassis Stavrakis / AP
ផ្សាយពាណិជ្ជកម្ម

តាម​ទំនៀមទម្លាប់​ប្រពៃណី ភ្លើងគប់អូឡាំពិក​ត្រូវ​អុជ​ឡើង​ដោយ​ប្រើ​កាំរស្មី​ព្រះអាទិត្យ​ក្នុង​ថ្ងៃ​អុជ​ជា​ផ្លូវការ។ តែ​ដោយ​នៅ​ថ្ងៃ​អង្គារ ទី១៦ មេសា​នេះ មេឃ​ស្រទុំ និង​គ្មាន​ពន្លឺ​ព្រះអាទិត្យ​នៅ​អូឡាពី (Olympie) ក្នុង​ប្រទេស​ក្រិក​ដែល​ជា​ទីកន្លែង​រៀបចំ​ការ​ប្រកួតកីឡាអូឡាំពិក​លើក​ដំបូង ភ្លើងគប់អូឡាំពិក​ត្រូវ​បាន​អុជ​ឡើង​ដោយ​ប្រើ​អណ្តាតភ្លើង​បាន​ពី​កាំរស្មីព្រះអាទិត្យ​ដែល​គេ​បាន​រក្សា​ទុក​ពី​ការ​សាកល្បង​កាល​ពី​ថ្ងៃ​ចន្ទ ទី១៥ មេសា។ ពិធី​អុជ​ភ្លើងគប់អូឡាំពិក​បាន​រៀបចំ​ធ្វើ​នៅ​ខាង​មុខ​ប្រាសាទ​ហេរ៉ា (Héra) ដែល​មាន​អាយុកាល ២៦០០ឆ្នាំ​ក្រោម​អធិបតីភាព​របស់​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។

ថ្លែង​នា​ឱកាស​នោះ លោក Thomas Bach បាន​លើក​ឡើង​ពី​សារ​នៃ​ក្តីសង្ឃឹម​របស់​អណ្តាតភ្លើងអូឡាំពិក​ដែល​ជា​និមិត្តរូប​សន្តិភាព និង​ការ​រួបរួម ខណៈ​បរិយាកាស​ពិភពលោក​សព្វថ្ងៃ​កំពុង​អាប់អួរ​ដោយ​ជម្លោះ​នៅ​អ៊ុយក្រែន និង​នៅ​ដើមបូព៌ា។ « នៅ​ក្នុង​បេះដូង​យើង​ទាំងអស់​គ្នា យើង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ដែល​នាំ​យើង​ឲ្យ​រួម​គ្នា​ជា​ថ្មី  អ្វី​មួយដែល​បង្រួបបង្រួម​យើង អ្វីមួយ​ដែល​ផ្តល់​ក្តីសង្ឃឹម​ដល់​យើង។ អណ្តាតភ្លើងអូឡាំពិក​ដែល​យើង​អុជ​ថ្ងៃ​នេះ​ជា​និមិត្តរូប​នៃ​ក្តីសង្ឃឹម​មួយ​នេះ » នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក Thomas Bach។

មុន​នឹង​ទៅ​ដល់​ទឹកដី​បារាំង​ដែល​ជា​ប្រទេស​រៀបចំ​កីឡាអូឡាំពិក​ពី​ថ្ងៃទី២៦ ខែ​កក្កដា​ដល់​ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៤ ភ្លើងគប់អូឡាំពិក​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ទឹកដី​ក្រិក​រយៈពេល ១១ថ្ងៃ​ដោយ​មាន​អ្នកបណ្តាក់គ្នារត់កាន់ភ្លើងគប់​ចំនួន ៦០០នាក់​នៅ​ក្នុង​ចម្ងាយផ្លូវសរុប ៥ ០០០គីឡូម៉ែត្រដោយ​ឆ្លង​កាត់​កោះ​ចំនួន ៧កោះ ស្ថានីយ៍បុរាណវិទ្យា​ចំនួន ១០កន្លែង និង​ភ្នំ Acropole។ បន្ទាប់​មក​នៅ​ថ្ងៃទី២៦ មេសា ភ្លើងគប់អូឡាំពិក​ដដែល​នេះ​នឹង​ត្រូវ​គេ​នាំ​ចេញ​ពី​ប្រទេស​ក្រិក​តាម​សំពៅ​ឆ្ពោះ​ទៅ​ក្រុង Marseille ប្រទេស​បារាំង។ តាម​គម្រោង ភ្លើងគប់​នេះ​នឹង​ទៅ​ដល់​ក្រុង Marseille នៅ​ថ្ងៃទី៨ ឧសភា​ដែល​នឹង​មាន​ការ​រៀបចំ​ទទួល​ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ១៥០ ០០០នាក់។

បន្ទាប់​មក​ទៀត​ចាប់​តាំង​ពី​ថ្ងៃទី៨ ឧសភា ភ្លើងគប់អូឡាំពិក​ដែល​ជា​និមិត្តរូប​នៃ​កីឡាអូឡាំពិក​មួយ​នេះ​នឹង​បន្ត​ដំណើរ​ក្នុង​ទឹកដី​បារាំង​ដោយ​ឆ្លង​កាត់​តាម​ទឹកដី​បារាំង​នៅ​ឯ​នាយ​សមុទ្រ​ចំនួន​ពីរ គឺ Les Antilles និង La Polynésie françcaise មុន​នឹង​ទៅ​ដល់​ក្រុង​ប៉ារីស​នៅ​​ថ្ងៃទី២៦ ខែ​កក្កដា​ដែល​ជា​ថ្ងៃ​បើក​សម្ពោធ​កីឡា​អូឡាំពិក​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ