អានតួអត្ថបទ
បារាំង-កីឡាអូឡាំពិក

JO-2024៖ លោក​ម៉ាក្រុងសម្ពោធ​ភូមិអូឡាំពិក ត្រៀមទទួលអត្តពលិកជាង១៤០០០នាក់

នៅប្រមាណ៥ខែទៀត បារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង​ប៉ារីស។​ សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា កំពុងត្រូវបានគេជួសជុលនិងសាងសង់ យ៉ាងសស្រាក់សស្រាំ។ កាលពីថ្ងៃព្រហស្បតិ៍ ​ទី​២៩កុម្ភៈ លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទៅបើកសម្ពោធ​ភូមិអូឡាំពិក នៅខាងជើង​ក្រុង​ប៉ារីស ជាទីកន្លែង​ដែល​បារាំងនឹងទទួលអត្តពលិក​ទាំងអស់ឲ្យ​ស្នាក់នៅ។ សំណង់​ភូមិអូឡាំពិក ដែលលោក​ម៉ាក្រុង​ បានអួតសរសើរថា ជាគម្រូទាំងផ្នែកសង្គម និង​បរិស្ថាន​។​

លោកម៉ាក្រុងទះដៃអបអរ ពេលលោក Tony Estanguet ប្រធានភូមិអូឡាំពិក ទទួលកូនសោ ពីលោក Nicolas Ferrand អគ្គនាយក​ក្រុមហ៊ុន​ Solideo។ ភូមិអូឡាំពិក សង្កាត់ Saint-Denis ថ្ងៃទី ២៩ កុម្ភៈ ២០២៤
លោកម៉ាក្រុងទះដៃអបអរ ពេលលោក Tony Estanguet ប្រធានភូមិអូឡាំពិក ទទួលកូនសោ ពីលោក Nicolas Ferrand អគ្គនាយក​ក្រុមហ៊ុន​ Solideo។ ភូមិអូឡាំពិក សង្កាត់ Saint-Denis ថ្ងៃទី ២៩ កុម្ភៈ ២០២៤ via REUTERS - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅកាន់​ក្រុមការងារសាងសង់ភូមិអូឡាំពិក ដែលស្ថិតនៅ​សង្កាត់ Saint-Denis ខាងជើងទីក្រុង​ប៉ារីស លោក​ម៉ាក្រុងបាន​ពោល​ថា៖ “យើងទាំងអស់គ្នា កំពុង​ចូលរួម​ធ្វើដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ រួមគ្នា”។ លោកម៉ាក្រុង បានបន្តថា ភូមិអូឡាំពិកជាទីតាំងស្នូ នៃការប្រកួតកីឡាអូឡាំពិកនៅប៉ារីស​ ដែលបារាំងបានចាប់ផ្តើមសាងសង់ ចំណាយ​ពេល​អស់​៧ឆ្នាំ នឹងក្លាយជា​កំណត់​ត្រាប្រចាំសតវត្សសម្រាប់បារាំង​។

លោក​ម៉ាក្រុងបានអបអរទៀត​ថា ទោះបី​ជាមានបញ្ហាអាក់ខានដោយសារតែវិបត្តិកូវីដ១៩ តែក្រុមការងារ​សាងសង់ បានប្រឹងប្រែងគោរពកាលវិភាគសាងសង់ នៅក្នុងលក្ខខណ្ឌការងារគួ​រជាទីយកគម្រូតាម ជាពិសេសគឺទាក់ទិននឹង ការគោរព​​លក្ខខណ្ឌសុវត្ថិភាព​របស់បុគ្គលិក​ និង​ពលករសំណង់ទាំងអស់។

ក្នុង​ឱកាសបើកសម្ពោធ​ភូមិ​អូឡាំពិកនេះ លោក Nicolas Ferrand អគ្គនាយក​ក្រុមហ៊ុន Solideo ដែលជាក្រុមហ៊ុនទទួលបន្ទុក​ការងារប្រគល់​សំណង់អូឡាំពិក បាន​ប្រគល់កូនសោជានិម្មិតរូប ជូនលោក Tony Estanguet ប្រធាន​គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក​នៅប៉ារីស​។ លោក​ Nicolas Ferrand បានថ្លែងថា សំណង់ភូមិ​អូឡាំពិករបស់បារាំង មិនត្រឹមតែ​ជា​មុខមាត់កិត្តិយសរបស់បារាំងប៉ុណ្ណោះទេ តែ​សំណង់​នេះបាន​ចារ​កំណត់​នូវ​ គម្រូ​ជាច្រើន នៅក្នុង​វិស័យស្ថាបត្យកម្មទំនើប នៃសតវត្សទី​២១។

សូមបញ្ជាក់ថា ភូមិអូឡាំពិករបស់បារាំង នឹងត្រូវទទួល​អត្តពលិក ទាំងអស់ប្រមាណជាង​១៤០០០នាក់ ដែលនឹងមកចូលរួម​ប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស នៅខែកក្កដាខាងមុខ​។ មានទំហំផ្ទៃដី ៥២​ហិកតា ភូមិអូឡាំពិកបារាំង មានអគារសរុប៨២អគារ ចែកជា​ផ្ទះ​អាប៉ាតឺម៉ង់ត៍ ចំនួន៣០០០ ដែល​មានបន្ទប់​សរុប ៧២០០បន្ទប់។ បន្ទប់នីមួយៗមានទំហំ ១២ម៉ែត្រក្រឡា ទទួលកីឡាករស្នាក់នៅចំនួន​២នាក់។ បច្ចុប្បន្នក្រុមការងារសាងសង់​ កំពុងតែពន្លឿន​​ការបំពាក់គ្រឿងសង្ហារឹមចាំបាច់ នៅតាមបន្ទប់។ ទៅតាំងញ៉ាំអាហារធំមួយ នឹងត្រូវសាសង់ ដែលមាន​កន្លែងអង្គុយ​សរុប ៣២០០កន្លែង ជាមួយ​នឹង​ម្ហូបអាហារ​៦​រស់ជាតិផ្សេងគ្នា មានទាំងម្ហូបបែបបារាំង បែបអ៊ីតាលី និងម្ហូបអាស៊ីជាដើម​។​

លោក Laurent Michaud ប្រធាន​ភូមិអូឡាំពិក បានអះអាងថាសំណង់អគារ​ ព្រមទាំង​បរិក្ខាប្រើប្រាស់ទាំងអស់នៅក្នុងបន្ទប់ ត្រូវបាន​ស្ថាបនា​ឡើងជាមួយកីឡាករ​ និង​​ដើម្បីកីឡាករ។ មានលំហនិងការរៀបចំ ​ប្រៀបបីដូចជាទីក្រុងមួយ ភូមិអូឡាំពិកបារាំង​នឹងមាន​ហាងលក់ទំនិញ១ ស្នងការដ្ឋាននគរបាល១ មន្ទីរពេទ្យ១បំពាក់ដោយ​បរិក្ឋាពេទ្យទំនើបៗសម្រាប់​កីឡាករ ទីតាំង​ហាត់​ប្រាណ​ និង​មានទាំងហាងកាត់សក់​ផង។ ការធ្វើដំណើរ​នៅក្នុងភូមិអូឡាំពិក គេអាចជិះកង់ ឬជិះ​រថយន្តអគ្គីសនី ដែលនឹងដំណើរការពេញ​​២៤ម៉ោង។ ពោលគឺភូមិអូឡាំពិកនេះ​ ត្រូវបានគេគិតគូរឡើង ដោយធ្វើយ៉ាងណា ឲ្យកីឡាករទាំងអស់​ស្នាក់នៅ​ដោយ​ផាសុខភាព មិនខ្វះអ្វី និងមាន​បរិយាកាសភាតរភាព​​ សាមគ្គីភាព​។​

គួរបញ្ជាក់ដែរថា ក្រោយចប់​ការប្រកួតកីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិក សំណង់អគារ​ក្នុង​ភូមិ​អូឡាំពិក​ភាគ​ខាងជើង​ទីក្រុងប៉ារីសនេះ​ នឹងត្រូ​វកែប្រែឲ្យក្លាយជាផ្ទះ សម្រាប់​ទទួលប្រជាជនស្នាក់នៅ និង​សម្រាប់​ជាទីតាំង​ធ្វើការរបស់ក្រុមហ៊ុន​នានា​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ