អានតួអត្ថបទ
អាមេរិក

លោកអូបាម៉ា៖សង្រ្គាម​ប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​មិន​ទទួល​បរ៉ាជ័យ​ទេ

ជោគជ័យ​ផ្លូវយោធា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន និង​កំពុង​បន្ត​ឲ្យ​មាន​ការ​ជជែក​ដេញដោល​យ៉ាង​ខ្លំាង​នៅ​សហរដ្ឋអាមេរិក។ ក្រុម​អ្នកសាធារណរដ្ឋ​មិន​ញញើត​នឹង​រិះគន់ វាយប្រហារ​លើ​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា និង​ការ​សន្យា​របស់​អាមេរិក​មិន​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​សេតវិមាន និង​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ព្យាយាម​ពន្យល់​បក​ស្រាយ​ចំពោះ​ហេតុការណ៍​ថ្មី​ចុង​ក្រោយ​នៃ​ការ​ធ្លាក់​ទីក្រុង​រ៉ាម៉ាឌី​ទឹកដី​អ៊ីរ៉ាក់ និង​ទីក្រុង​បុរាណ​ប៉ាល់មៀរ​ទឹកដី​ស៊ីរី​ទៅ​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។

ទាហានអ៊ីរ៉ាក់​កំពុង​នំា​ស្រ្តីរត់​ភៀសខ្លួន​ចេញ​ពី​ទីក្រុង​រ៉ាម៉ាឌី​
ទាហានអ៊ីរ៉ាក់​កំពុង​នំា​ស្រ្តីរត់​ភៀសខ្លួន​ចេញ​ពី​ទីក្រុង​រ៉ាម៉ាឌី​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​កម្លំាង​សម្ព័ន្ធមិត្ត​ដឹកនំា​ដោយ​អាមេរិក​កំពុង​អាម៉ាស់​យ៉ាង​ខ្លំាង​នៅ​ចំពោះ​មុខ​ការ​រុល​ទៅ​មុខ​គួរ​ឲ្យ​គ្រោះថ្នាក់​របស់​កម្លំាងប្រដាប់អាវុធ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​បញ្ជាក់​ក្តែងៗ​ថា សង្រ្គាម​ប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​មិន​ទទួល​បរ៉ាជ័យ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា សេចក្តីថ្លែង​របស់​លោក​អូបាម៉ា​យ៉ាង​ដូច​នេះ​ត្រូវ​បាន​ក្រុម​អ្នកសាធារណរដ្ឋ​ដែល​ជា​ពួក​ប្រឆំាង​នៅ​សភា​ធ្វើការ​សើចចំអក និង​រិះគន់​យ៉ាង​ចាស់​ដៃ។ ក្រុមអ្នកសាធារណរដ្ឋ​បាន​ស្តីបន្ទោស​លើ​យុទ្ធសាស្រ្ត​ទន់ខ្សោយ​របស់​លោក​អូបាម៉ា​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​បាន​ស្នើ​ឲ្យ​លោក​អូបាម៉ា​បញ្ជូន​កម្លំាងទ័ព​ថ្មើរជើង​ទៅ​ជួយ​កម្លំាង​ផ្លូវអាកាស។ គឺ​ជា​សំណើ​មួយ​ដែល​សេតវិមាន​បាន​បដិសេធ​តំាង​ពី​ដើម​មក និង​ចង់​កម្រិត​អន្តរាគមន៍​តែ​តាម​ផ្លូវអាកាស​ប៉ុណ្ណោះ។

តែ​បញ្ហា​នៅ​ត្រង់​ថា អន្តរាគមន៍​តែ​តាម​ផ្លូវអាកាស​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិភាព និង​បែរ​ជា​បាន​ធ្វើ​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កាន់​តែ​ឡើង​ដៃ​ខ្លំាង​ទៅ​វិញ។ ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​ការ​ធ្លាក់​ទីក្រុង​រ៉ាម៉ាឌី​របស់​អ៊ីរ៉ាក់ និង​ទីក្រុង​បុរាណ​ប៉ាល់មៀរ​របស់​ទៅ​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​នា​ពេល​ថ្មីៗ​នេះ។ ការ​បាត់បង់​ទីក្រុង​រ៉ាម៉ាឌី​របស់​អ៊ីរ៉ាក់​ត្រូវ​បាន​ក្រសួង​ការពារជាតិ​អាមេរិក​ទម្លាក់​កំហុស​ដាក់​កម្លំាងទ័ព​អ៊ីរ៉ាក់។ មេបញ្ជាការ​អាមេរិក​លោក​ឧត្តមសេនីយ Dempsey បាន​បញ្ជាក់​ថា កងទ័ព​អ៊ីរ៉ាក់​មិន​ត្រូវ​បាន​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​វាយ​បណ្តេញ​ចេញ​ពី​ទីក្រុង​រ៉ាម៉ាឌី​ទេ តែ​ពួក​គេ​បាន​ដក​ថយ​ដោយ​ខ្លួន​ឯង​ដោយ​គេ​យល់​ច្រឡំ​ថា ស្មាន​តែ​កម្លំាង​សម្ព័ន្ធមិត្ត​បើក​ការ​វាយប្រហារ​ជួយ​គំាទ្រ​តាម​ផ្លូវអាកាស។

ឧត្តមសេនីយ Dempsey រូប​នេះ​ដដែល​បាន​យល់​ឃើញ​ថា បរាជ័យ​របស់​ទ័ពអ៊ីរ៉ាក់​នៅ​រ៉ាម៉ាឌី​ជា​កំហុស​ឆ្គង​យុទ្ធសាស្រ្ត​មួយ​យ៉ាង​ធំ ពោល​មិនមែន​ដោយសារ​តែ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​មាន​កម្លំាង​ខ្លំាង​ជាង​នោះ​ទេ។ អ្វី​ដែល​ឧត្តមសេនីយ​អាមេរិក​រូប​នេះ​ចង់​បញ្ជាក់ គឺ​ភាព​ទន់ខ្សោយ​របស់​កម្លំាងទ័ព​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ