តើលោកដូណាល់ត្រាំនឹងធ្វើឲ្យអាមេរិកឯកោក្នុងរឿងអាកាសធាតុ?
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងបិទបញ្ចប់ការមន្ទិលសង្ស័យ របស់គ្រប់គ្នា ដែលទន្ទឹងរង់ចាំមើលជំហររបស់លោក ស្តីពីកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ។ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី ១មិថុនា លោកបានសរសេរសារ ក្នុងបណ្តាញសង្គម Twitterថា លោកនឹងសម្រេចចិត្ត នៅថ្ងៃព្រហស្បតិ៍នេះ នៅម៉ោង ៣រសៀល (ម៉ោងនៅអាមេរិក)។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងសារTwitter សរសេរនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី ១មិថុនា លោកដូណាល់ ត្រាំ បានសរសេរថា លោកនឹងធ្វើឲ្យសហរដ្ឋអាមេរិក អស្ចារ្យម្តងទៀត។ គេអាចកាត់យល់បានថា លោកដូណាល់ ត្រាំនឹងអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ច្រើនជាងទុកអាមេរិកឲ្យគោរពកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។
នៅថ្ងៃពុធ កាសែតអាមេរិកជាច្រើន ដែលបានដកស្រង់សំដីរបស់មន្រ្តីផ្ទៃក្នុងរបស់សេតវិមាន បានសរសេរថា លោកដូណាល់ត្រាំ បានសម្រេចចិត្តរួចហើយ ថា នឹងដកអាមេរិកចេញកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនេះ។
មានចរន្តពីរនៅក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ
លោកដូណាល់ ត្រាំ ដែលបានពន្យារពេល ធ្វើឲ្យគ្រប់គ្នាទន្ទឹង រង់ចាំដោយអន្ទះសារ ក៏ដោយសារតែ លោកកំពុងត្រូវប្រទាញប្រទង់ដោយរវាងក្រុមពីរ នៅក្នុងរដ្ឋបាលរបស់លោក។ ក្នុងក្រុមទី១ មានកូនស្រីរបស់លោកផ្ទាល់ គឺ Ivanka trump រដ្ឋមន្រ្តីការបរទេស លោករេច ធីល័រសុន រដ្ឋមន្រ្តីការពារជាតិអាមេរិក រដ្ឋមន្រ្តីបរិស្ថាន គាំទ្រដោយក្រុមហ៊ុនធំៗរបស់អាមេរិក ដែលបានទាមទារឲ្យលោកដូណាល់ ត្រាំ នៅរក្សាអាមេរិក ក្នុងកិច្ចព្រមព្រៀងស្តី ពីអាកាសធាតុ ដើម្បីហេតុផល ប្រយោជន៍ ការបរទេស សន្តិសុខជាតិ និងបរិស្ថាន។
ប៉ុន្តែ លោកដូណាល់ ត្រាំ ហាក់ងាករេទៅរកក្រុមទី២ ដែលនាំមុខដោយប្រធានទីភ្នាក់ងារដើម្បី ការពារបរិស្ថាន គឺលោកScott Pruitt។ លោកScott Pruitt ថ្វីត្បិតតែមានឈ្មោះជាប្រធានទីភ្នាក់ងារការពារបរិស្ថានមែនប៉ុន្តែ គឺជាអ្នកដែលរិះគន់ប្រឆាំងកិច្ចព្រមព្រៀងស្តីពីអាធាសធាតុខ្លាំងជាងគេបំផុត។ លោកScott Pruittហ៊ានដល់ទៅនិយាយថា មនុស្សមិនមែនជាអ្នកទទួលខុសត្រូវ ធ្វើឲ្យមានការឡើងកំដៅផែនដីនោះទេ។ មួយវិញទៀត ក្នុងនាមជាប្រធានទីភ្នាក់ងារការពារបរិស្ថាន លោកលោកScott Pruitt បានទទួលបេសកកម្មមួយ ពីប្រធានាធិបតីដូណាល់ ត្រាំ នោះគឺសិក្សាពីនិតីវិធីដើម្បីដកអាមេរិកចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ ដែលលោកដូណាល់ ត្រាំ ចាត់ទុកថា កិច្ចព្រមព្រៀងអាក្រក់សម្រាប់សេដ្ឋកិច្ចអាមេរិក។
សូមអាន៖ ផែនដីឡើងកម្តៅបណ្តាលមកពីទង្វើរបស់មនុស្ស
តើលោកដូណាល់ ត្រាំនឹងធ្វើឲ្យអាមេរិកឯកោ នៅក្នុងសំណុំរឿងអាកាសធាតុ?
លោកដូណាល់ ត្រាំបានគំរាមដកអាមេរិកចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ ដែលលោកចាត់ទុកថា ជាល្បិចកល បោកបញ្ឆោត រៀបចំឡើងដោយទីក្រុងប៉េកាំង។ សម្រាប់លោកដូណាល់ ត្រាំ កិច្ចព្រមព្រៀងស្តីពី អាកាសធាតុ នឹងទៅបន្ទុចបង្អាក់កំណើនសេដ្ឋកិច្ចរបស់អាមេរិក និងទុកឲ្យអាមេរិករស់ពឹងអាស្រ័យលើថាមពលបរទេស។ គេវាយតម្លៃ លោកដូណាល់ ត្រាំ ឈ្នះឆ្នោតប្រធានាធិបតី ក៏ដោយសារតែលោកប្រឆាំងនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស។ នយោបាយនេះបានទាក់ទាញក្រុមហ៊ុន និងប្រជាជនអាមេរិកាំងដែលធ្វើការ រស់អាស្រ័យនឹងអាជីវកម្មធ្យូងថ្ម ប្រេង ឬឧស្ម័ន។ សម្រាប់ប្រជាជនអាមេរិកាំង ទាំងនេះ គឺការងារ និងចំណូលបានមកពីអាជីវកម្មរ៉ែធ្យូងថ្ម ដែលសំខាន់ សម្រាប់អាយុជីវិតរបស់ពួកគេ ប៉ុន្តែ មិនមែនការឡើងកំដៅផែនដី នោះទេ។
លោកដូណាល់ ត្រាំ ដែលនឹងអាចសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ ទំនងចង់បង្ហាញថា លោកជាប្រធានាធិបតីដែលបានគិតគូរ ដល់ប្រយោជន៍ដំបូងរបស់ប្រជាជនអាមេរិកាំង ដូចដែលលោកធ្លាប់ស្រែកសន្យា រហូតមក។ ការបំពេញចិត្តម្ចាស់ឆ្នោត គឺជាហេតុផលសំខាន់ដែលធ្វើឲ្យលោកដូណាល់ ត្រាំ អាចសម្រេចចិត្តដើរ ចេញពីកិច្ចព្រមព្រៀង គឺក្រៅពីនេះ គេមិនឃើញមានហេតុផលអ្វីផ្សេង ដែលធ្វើឲ្យលោកដូណាល់ ត្រាំត្រូវដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះទេ។
កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ មិនមែនជាកិច្ចព្រមព្រៀងដែលចាប់ចងដៃប្រទេសហត្ថលេខីនោះទេ។ ប្រទេសនីមួយៗ មានសិទ្ធិ សម្រេចលើការចូលរួមរបស់ខ្លួន នៅក្នុងការកាត់បន្ថយឧស្ម័នពុល។ លោកអូបាម៉ាផ្ទាល់ បានសន្យាកាត់បន្ថយការបញ្ចេញផ្សែងពុល ពី ២៦ ទៅ ២៨ភាគរយ ពីពេលនេះ ដល់ឆ្នាំ ២០៥០។ បើសិនលោកដូណាល់ ត្រាំ មិនពេញចិត្តនឹងកូតានេះ លោកអាចបន្ថយការចូលរួមរបស់អាមេរិក ដោយមិនចាំបាច់ត្រូវដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះទេ។
ចិន និងសហភាពអឺរ៉ុបនឹងរួមគ្នាបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ
កិច្ចព្រមព្រៀងស្តីពីអាកាសធាតុធ្វើឡើងនៅក្រុងប៉ារីសនៅឆ្នាំ២០១៥ ត្រូវបានចុះហត្ថលេខាផ្តល់សច្ចាប័នដោយប្រទេសចំនួន ១៤៧ ដែលនៅក្នុងនោះមានទាំងអាមេរិកផង។ ប្រទេសចំនួន ១៧៥ ក្នុងពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រទី ២២ ខែមេសា ២០១៦។
បើសិនអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង នោះអាមេរិកក្នុងនាមជាប្រទេសមហាអំណាចលើលោកនឹង គ្មានទឹកមាត់ប្រៃ ទៅនិយាយជាមួយគេ ក្នុងរឿងអាកាសធាតុ។
អាមេរិកជាប្រទេសឧស្សាហកម្ម ដែលបញ្ចេញផ្សែងពុល ឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេក្នុងលោក បន្ទាប់ពីចិន។ បើសិនអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀង នោះគេបារមភថា ប្រទេសដទៃទៀត នឹងអាចយកលេស មិនគោរពតាមកិច្ចព្រមព្រៀងដូចអាមេរិក។ បើមានប្រទេសបញ្ចេញផ្សែងពុលច្រើននាំគ្នាតាមអាមេរិក នោះ ក្តីអន្តរាយនឹងកើតមានជាមិនខាន ព្រោះ ថា ផ្សែងពុល ឧស្ម័នផ្ទះកញ្ចក់ ជាដើមហេតុធ្វើឲ្យផែនដីឡើងកំដៅ និងធ្វើឲ្យអាកាសធាតុប្រែប្រួលលែងទៀងទាត់ដូចមុន។
ចិន និងសហភាពអឺរ៉ុបចាប់ដៃគ្នាដើម្បីគោរពកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ
គេនៅមានសុទិដ្ឋិនិយមច្រើន ថា ស្ថានការណ៍នឹងមិនវិវឌ្ឍអាក្រក់ខ្លាំងណាស់ណាទេ បើសិនលោកដូណាល់ ត្រាំ ប្រកាសថា ដក អាមេរិកចេញពីកិច្ចព្រមព្រៀងមែននោះ។ ប្រទេសចិន ដែលជាប្រទេសបញ្ចេញផ្សែងពុល ធំទី ២បន្ទាប់ពីអាមេរិក បានប្រកាសរួមគ្នាជាមួយ សហភាពអឺរ៉ុប ដើម្បីបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។ នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅទីក្រុងប៊ែរឡាំង នៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីចិន លោកលី ខឺឆាំង បាននិយាយថា ចិននៅតែបន្តចូលរួមក្នុងកិច្ចព្រមព្រៀងស្តី ពីអាកាសធាតុ។ កាណាដា ឯណោះវិញ ដែលជាប្រទេសឧស្សាហ៍កម្មបញ្ចេញឧស្ម័នផ្ទះកញ្ចក់សំខាន់ដែរ ក៏បានប្រកាសថា ខ្លួននៅតែគោរពតាមកិច្ចព្រមព្រៀង និងបានអំពាវនាវឲ្យអាមេរិកនៅបន្តស្ថិតក្នុងកិច្ចព្រមព្រៀងដូចមុន។
បើទោះជាលោកដូណាល់ ត្រាំចង់ដកអាមេរិកចេញពីកិច្ចព្រមព្រៀង ក៏លោកត្រាំ មិនអាចធ្វើបានភ្លាមៗដែរ។ ដោយសារតែមាននិតិវីធីច្រើន គេរំពឹងថា អាមេរិកនឹងអាចដកខ្លួនផុតស្រឡះពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ នៅទីក្រុងប៉ារីស នៅអំឡុងឆ្នាំ ២០២០ ពោលគឺនៅឆ្នាំដែលអាមេរិកត្រូវបោះឆ្នោតប្រធានាធិបតីសាជាថ្មីម្តងទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ