មុនបោះឆ្នោតសភាជាតិមួយថ្ងៃ ប៉ាគីស្ថានរងភេរវកម្មពីរស្លាប់មនុស្ស២៤នាក់
មានស្លាប់យ៉ាងហោចណាស់២៤នាក់ និងរបួសជាច្រើននាក់ នៅក្នុងការបំផ្ទុះភេរវកម្មពីរកន្លែង ដាច់ដោយឡែកពីគ្នា ក្នុងខេត្តបាលូឈីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ គ្រាប់បង្កៃបានផ្ទុះនៅក្បែរការិយាល័យរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតសភានិងក្រុមប្រឹក្សាខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី ៨កុម្ភៈ២០២៤។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
គ្រាប់បង្កប់ទីមួយបានផ្ទុះនៅចម្ងាយ៥០គីឡូម៉ែត្រពីក្រុងQuetta ទីរួមខេត្តបាលូឈីស្ថានជិតការិយាល័យរបស់បេក្ខជនឯករាជ្យម្នាក់ ដែលចូលរួមឈរឈ្មោះបោះឆ្នោតជាតំណាងក្រុមប្រឹក្សាខេត្ត។ ភេរវកម្មនេះបានបណ្តាលឱ្យមានមនុស្សស្លាប់១២នាក់ និងរបួស២៥នាក់។ នេះបើតាមអាជ្ញាធរប៉ូលិសមូលដ្ឋាន។ ចំណែកគ្រាប់ទីពីរ ត្រូវបានគេយកមកបង្កប់និងបំផ្ទុះនៅជិតការិយាល័យបោះឆ្នោតរបស់បេក្ខជនបក្សអភិរក្សសាសនា Jui-F មិនឆ្ងាយប៉ុន្មានពីផ្សារធំរបស់ក្រុងKilla Saifullah ដែលនៅជ្រុងម្ខាងទៀតនៃក្រុងកេតតា (ក្នុងចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ) ខេត្តបាលីឈីស្ថានដដែល។ មានស្លាប់យ៉ាងហោចណាស់១២នាក់ដែរ។
ខេត្តបាលូឈីស្ថាន ជាប់ព្រំដែនអាហ្វហ្កានីស្ថាននិងអ៊ីរ៉ង់ សម្បូរទៅដោយធនធានធម្មជាតិរ៉ែ និងឧស្ម័ននៅក្រោមដី ធ្លាក់ក្នុងភាពហិង្សាតាំងពីយូរឆ្នាំហើយ ពីសំណាក់ក្រុមផ្តាច់ទឹកដី និងក្រុមជីហាតនិយមដូចជាក្រុមភេរវនិយមអង្គការរដ្ឋអ៊ីស្លាម។ ដូច្នេះការវាយប្រហារភេរវកម្មពីរផ្ទួនគ្នានេះ មិនរំខានដល់ការបោះឆ្នោតទេ។ ប្រជាពលរដ្ឋនឹងទៅបោះឆ្នោតសភា ដោយគ្មានព្រួយបារម្ភឡើយ។ នេះបើតាមការអះអាងរបស់លោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំខេត្តបាលូឈីស្ថានដដែល។
សូមបញ្ជាក់ថា ប៉ាគីស្ថានត្រូវរៀបចំបោះឆ្នោតសភានិងក្រុមប្រឹក្សាខេត្ត នៅថ្ងៃព្រហស្បតិ៍ទី៨កុម្ភៈស្អែក។ ថ្ងៃបោះឆ្នោតកាន់តែខិតមកដល់ អំពើហិង្សាកើតមានកាន់តែច្រើន។ មានយ៉ាងហោចណាស់បេក្ខជនពីររូបហើយបានស្លាប់ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងជាង១០នាក់ផ្សេងទៀត ត្រូវរងការវាយប្រហារ។ ប្រឈមនឹងអំពើហិង្សាបែបនេះ ប៉ាគីស្ថានបានពង្រាយកងកម្លាំងជាងកន្លះលាននាក់ដើម្បីការពារសុវត្ថិភាពក្នុងថ្ងៃបោះឆ្នោតដែលមានបើកការិយាល័យជាង៩ម៉ឺនកន្លែង។
ក្រៅពីអំពើហិង្សា ការបោះឆ្នោតសភាប៉ាគីស្ថានប្រលាក់ប្រលូសដោយភាពមិនទុកចិត្ត ត្បិតប្រមុខបក្សប្រឆាំងដ៏ពេញនិយម និងជាអតីតនាយករដ្ឋមន្ត្រី លោកអ៊ីមរ៉ាន់ខាន់ ត្រូវជាប់ឃុំឃាំង ហើយគណបក្សលោករងការបង្ក្រាបយ៉ាងខ្លាំង។ ភាពវឹកវរនយោបាយបូកផ្សំនឹងការធ្លាក់ចុះផ្នែកសន្តិសុខនិងសេដ្ឋកិច្ច ពលរដ្ឋប៉ាគីស្ថានអស់សង្ឃឹមយ៉ាងខ្លាំង។ បើតាមវិទ្យាស្ថានស្ទង់មតិ ក្នុងចំណោមពលរដ្ឋប៉ាគីស្ថាន១០នាក់ ៧នាក់គ្មានជំនឿលើការបោះឆ្នោតទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ