អានតួអត្ថបទ

អ៊ីរ៉ង់និងប៉ាគីស្ថានសន្យាចាប់ដៃមិនឲ្យ​ក្រុមភេរវនិយម​បំផ្លាញ​ទំនាក់ទំនងប្រទេស​ទាំងពីរ

ប៉ាគីស្ថាន និងអ៊ីរ៉ង់រួសរាន់បន្ថយភាពតានតឹងនៅព្រំដែនប្រទេសទាំងពីរ។ បន្ទាប់ពី​ប្រឈមមុខដាក់គ្នា​ផ្នែកអាវុធ កាលពី​ពាក់កណ្តាលខែ​មករា ប្រទេស​ជិតខាងទាំងពីរ​បានជ្រើសរើស​ផ្លូវការទូត​ដើម្បី​ដោះស្រាយវិបត្តិរវាងគ្នា។ ជាក់ស្តែង នៅថ្ងៃ ចន្ទទី ២៩​មករា រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បានធ្វើដំណើរ​ទៅជួបសមភាគី​ប៉ាគីស្ថាន​នៅទីក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​ជម្រះមន្ទិល និង​បោះជំហានរួម​ដើម្បីអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និង​សន្តិសុខ​រវាងប្រទេស​ទាំងពីរ។ 

រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បានធ្វើដំណើរ​ទៅជួបសមភាគី​ប៉ាគីស្ថាន​នៅទីក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​ជម្រះមន្ទិលរវាងប្រទេស​ទាំងពីរ។
រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បានធ្វើដំណើរ​ទៅជួបសមភាគី​ប៉ាគីស្ថាន​នៅទីក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​ជម្រះមន្ទិលរវាងប្រទេស​ទាំងពីរ។ AP
ផ្សាយពាណិជ្ជកម្ម

ពីរសប្តាហ៍​ក្រោយ​បើក​ការវាយប្រហារផ្លូវអាកាស ​រំលោភចូលទឹកដី​គ្នាទៅវិញ ទៅមក ​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​ជ្រើសរើស​ផ្លូវ​ចរចា​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ។ នៅថ្ងៃ ចន្ទ​ទី ២៩​មករា រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​ធ្វើដំណើរ​ទៅជួប​សមភាគី​ប៉ាគីស្ថាន នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ នៅ​ក្នុង​គោលដៅ​ជម្រះមន្ទិល និង​ដោះស្រាយ​វិបត្តិ​រវាង​ប្រទេស​ជិតខាងទាំងពីរ។

នៅក្នុង​សន្និសីទ​កាសែតរួម នៅថ្ងៃចន្ទ ប្រមុខ​ការទូត​អ៊ីរ៉ង់ និងប៉ាគីស្ថាន​សន្យា​ពង្រឹង​ការសហការ ចាប់ដៃគ្នា តាម​ខ្សែបណ្តាញដែលមានស្រាប់ ដូចជា​ការទូត យោធា និង​ថ្នាក់​រដ្ឋាភិបាល។

ប៉ាគីស្ថាន និង​អ៊ីរ៉ង់​ដំឡើង​សំឡេង សង្រ្កឺតធ្មេញ​ដាក់គ្នា នៅពាក់កណ្តាល​ខែមករា នៅពេល​ប្រទេស​ទាំងពីរ​បើក​ការវាយប្រហារ​រំលោភ​ចូល​ក្នុង​ទឹកដីគ្នា​ទៅវិញ ទៅមក។ នៅថ្ងៃទី ១៦មករា ​អ៊ីរ៉ង់បាញ់​មីស៊ីល ​បញ្ជូនដ្រូន​ទៅក្នុងទឹកដី​ប៉ាគីស្ថាន ក្នុងគោលដៅ ​កម្ចាត់​ក្រុមភេរវនិយម (ចលនាប្រដាប់អាវុធ​​និកាយស៊ូនីត) ដែល​ជ្រកកោន​នៅប៉ាគីស្ថាន ប៉ុន្តែ ជ្រៀតខ្លួន​ចូលទៅ​ធ្វើ​សកម្មភាព ហិង្សា​សម្លាប់មនុស្ស​ក្នុង​ទឹកដី​អ៊ីរ៉ង់។ ២ថ្ងៃក្រោយ ប៉ាគីស្ថាន​បើកប្រតិបត្តិការ​យោធា​សងសឹក​អ៊ីរ៉ង់ វិញ ដោយបញ្ជូន​ដ្រូន​ទៅ​វាយប្រហារ​ក្រុមទាមទារ​បំបែកទឹកដី​ប៉ាគីស្ថាន ប៉ុន្តែ លួច​ទៅលាក់ខ្លួន ​ជ្រកកោន នៅទឹកដីអ៊ីរ៉ង់។ ការវាយប្រហារសងសឹកគ្នា​មួយប្រាវ​របស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់​បាន​សម្លាប់មនុស្ស​យ៉ាងតិច ១១នាក់។

បើតាម​រដ្ឋមន្រ្តីការបរទេស​ប៉ាគីស្ថាន ទំនាក់ទំនង​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​ឆាប់ធូរស្រាល ត្រលប់​ទៅរកភាពដើមវិញ ក៏ព្រោះ​តែ​ប្រទេស​ទាំងពីរ​មាន​ឆន្ទៈ​ចង់ដោះស្រាយរាល់វិបត្តិរវាងគ្នា។ ម្យ៉ាង​ប្រទេស​ទាំងពីរ​មាន​សត្រូវរួមគ្នា គឺ​ក្រុមភេរវនិយម​ដែល​គំរាមកំហែង​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ។ ប្រមុខការទូត​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​បាន​សន្យាថា នឹង​មិន​បណ្តោយឲ្យ​ក្រុមភេរវនិយម បំផ្លាញ​ទំនាក់ទំនង គំរាមកំហែង​សន្តិសុខ​របស់​ប្រទេស​បងប្អូន​ទាំងពីរតទៅទៀត។

កងទ័ព​ប៉ាគីស្ថាន​តែង​ជាប់ដៃ​ប្រយុទ្ធជាមួយ​ពួកឧទ្ទាម​បំបែក​ទឹកដី បាលូស៊ីស្តង់ ដែលជ្រកោន​ក្នុងទឹកដីអ៊ីរ៉ង់។ ចំណែកកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់​តែងវាយប្រហារ​ក្រុមជីហាត​និកាយស៊ូនីត ក្នុងទឹកដី​ប៉ាគីស្ថាន។ ជារួម ភាគីម្ខាងៗ អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​ធ្លាប់​ចោទដាក់គ្នា​ទៅវិញ ទៅ​មក ថា​បាន​ផ្តល់ជំរក​ដល់​ក្រុមឧទ្ទាម​បំបែកទឹកដី ឬ​ក្រុមប្រឆាំង​រៀងៗខ្លួន។  កន្លងមក ប៉ាគីស្ថាន​មិនបានតវ៉ាប្រឆាំង នៅពេល​អ៊ីរ៉ង់ ចាត់វិធានការ​លើ​ក្រុមជីហាត​នៅប៉ាគីស្ថាន។ ប៉ុន្តែ លើកនេះ ប៉ាគីស្ថាន​ក្តៅស្លឹកត្រចៀក ព្រោះ​​អ៊ីរ៉ង់​បើក​ការវាយប្រហារ​ក្នុងទឹកដី​ប៉ាគីស្ថាន ដោយ​មិនបាន​សុំការអនុញ្ញាត ​ជូនដំណឹង​ជាមុន​ទៅ​ភាគីប៉ាគីស្ថានដែលជា​ម្ចាស់ផ្ទះ។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេស​ប៉ាគីស្ថាន​បាន​សង្កត់ធ្ងន់​ពី​ការគោរព​បូរណភាពទឹកដី និង​ដែន​អធិបតេយ្យភាពគ្នា​ទៅវិញ ទៅមក។ ចំណែក អ៊ីរ៉ង់​ប្រកាសបង្កើត​តំបន់សេដ្ឋកិច្ច​នៅព្រំដែន ដើម្បីជំរុញ​ការដោះដូរពាណិជ្ជកម្មសេរីរវាង​ប្រទេស​ទាំងពីរ។

អ៊ីរ៉ង់ និង​ប៉ាគីស្ថានត្រលប់មកត្រូវរ៉ូវ​គ្នាឡើងវិញ ជាការធូរស្រាល​មួយកម្រិតធំ​សម្រាប់សហគមន៍​អន្តរជាតិ ដែល​កំពុង​បារម្ភខ្លាចថា វិបត្តិ​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន ដែលជា​មហាអំណាច​នុយក្លេអ៊ែរ​ធ្លាក់ចុះដុនដាបកាន់តែខ្លាំង រហូត ​ទាក់ទាញ​សង្រ្គាម ជម្លោះប្រដាប់អាវុធ​ឲ្យរីករាលដាល​ចេញ​ពីតំបន់​ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ