អានតួអត្ថបទ
អ៊ីរ៉ង់-ប៉ាគីស្ថាន

ហេតុអ្វី​អ៊ីរ៉ង់​បើកការវាយប្រហារ​ទៅលើ​ទឹកដី​ប្រទេស​ជិតខាងខ្លួន​នៅពេលនេះ?

បន្ទាប់​ពី អ៊ីរ៉ាក់ និង​ស៊ីរី កងទ័ព​អ៊ីរ៉ង់​បើកការវាយប្រហារ​លើ​ទឹកដីប្រទេស​ជិតខាងរបស់ខ្លួន​មួយទៀត គឺ​ប៉ាគីស្ថាន ដែលជាហេតុ​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ធ្វើការ​វាយបក​វិញ នៅ​ថ្ងៃព្រហស្បតិ៍។ ការវាយប្រហារ​ផ្លូវអាកាស​របស់​ប៉ាគីស្ថាន​ទៅលើ​ទឹកដី​ភាគអាគ្នេយ៍​របស់​អ៊ីរ៉ង់ ជាប់​ព្រំដែន​ប៉ាគីស្ថាន បាន​សម្លាប់​មនុស្ស​៩នាក់។ ការផ្ទុះអាវុធនៅ​ព្រំដែន​អ៊ីរ៉ង់ និងប៉ាគីស្ថាន ធ្លាប់​កើតមាន​ពីមុនមក។ ទោះសំអាង​ហេតុផល​ដៅ​វាយប្រហារ​ក្រុមភេរវនិយម ប៉ុន្តែ ភាពតានតឹងផ្នែកយោធា​រវាង​ប៉ាគីស្ថាន និង​អ៊ីរ៉ង់ អាច​ជា​ចំហាយ​នៃ​សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា ហើយនិង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក ទៅលើ​ក្រុមហ៊ូទី យេម៉ែន នៅ​សមុទ្រ​ក្រហម។ 

សមាជិករបស់​ក្រុមអ៊ីស្លាម Talba Mahaz នៅប៉ាគីស្ថានធ្វើបាតុកម្ម​ថ្កោលទោស​អ៊ីរ៉ង់​ដែលរំលោភវាយប្រហារចូលទឹកដីប៉ាគីស្ថាន​នៅថ្ងៃអង្គារ​ទី ១៦មករា ២០២៤
សមាជិករបស់​ក្រុមអ៊ីស្លាម Talba Mahaz នៅប៉ាគីស្ថានធ្វើបាតុកម្ម​ថ្កោលទោស​អ៊ីរ៉ង់​ដែលរំលោភវាយប្រហារចូលទឹកដីប៉ាគីស្ថាន​នៅថ្ងៃអង្គារ​ទី ១៦មករា ២០២៤ AP - Anjum Naveed
ផ្សាយពាណិជ្ជកម្ម

ប៉ាគីស្ថាន និងអ៊ីរ៉ង់​យល់ព្រមព្រៀងគ្នា​ដើម្បី​បន្ថយ​វិបត្តិក្តៅងំ បន្ទាប់ពី​ប្រទេស​ជិតខាងទាំងពីរ​បើកការវាយប្រហារ​ផ្លូវអាកាស​លើ​គ្នា​ទៅវិញ ទៅមក នៅសប្តាហ៍​នេះ។ តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ប៉ាគីស្ថាន នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ នៅថ្ងៃ​សុក្រ ប្រមុខការទូត អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​សន្យា​សហការគ្នា​គ្រប់​កម្រិត ដើម្បី​បន្ថយ​ភាពតានតឹង ការប្រឈមមុខ​ផ្នែកអាវុធ​រវាង​ប្រទេស​ទាំងពីរ។

ភាពធូរស្រាល​ក្នុង​ផ្នែក​ការទូត ប៉ុន្តែ នៅ​លើ​ទីតាំង​ជាក់ស្តែង អ៊ីរ៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍ និងថ្ងៃសុក្រ​ទី ១៩​មករា បាន​បង្ហាញ​សាច់ដុំ​យោធា តាមរយៈ ការធ្វើសមយុទ្ធ​ផ្លូវ​អាកាស នៅតាមខេត្ត​ជាប់មាត់សមុទ្រ និង​ខេត្ត​ជាប់​ព្រំដែន​អ៊ីរ៉ង់ បាគីស្ថាន។

តាម​អ្នកនាំពាក្យ​របស់​កងទ័ពអ៊ីរ៉ង់ នៅក្នុង​សមយុទ្ធ កងទ័ពអ៊ីរ៉ង់​ បាន​ហាត់សមប្រើ​ដោយជោគជ័យ វិធីសាស្រ្ត​ការពារ​ពី​ការវាយប្រហារ​ផ្លូវអាកាស​របស់​សត្រូវ។ ជាក់ស្តែង ប្រព័ន្ធការពារ​ដែនអាកាស ភាគច្រើនជាដ្រូន​ដែល​គេពង្រាយ​នៅតាម​បណ្តោយឆ្នេរសមុទ្រ​ភាគខាងត្បូង​ប្រទេស បាន​បាញ់​ស្ទាក់​បំផ្លាញ​គ្រប់​គ្រាប់ដែល​មាន​គោលដៅ​វាយប្រហារ​ទឹកដី​អ៊ីរ៉ង់។

សមយុទ្ធ​យោធា​របស់​អ៊ីរ៉ង់កើតឡើង​ក្នុងកាលវេលាដែល ប៉ាគីស្ថាន​បញ្ជូន​ដ្រូន​ទៅ​ទម្លាក់គ្រាប់​សម្លាប់​មនុស្ស​៩នាក់ ក្នុង​ទឹកដី អ៊ីរ៉ង់ ភាគអាគ្នេយ៍។

តាមទីភ្នាក់ងារ​ព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ដ្រូន​៤គ្រឿង​បាន​បាញ់បំផ្លាញ​ផ្ទះ​៤ខ្នង និង​សម្លាប់​មនុស្ស​៩នាក់ដែល​ភាគច្រើនជាជនជាតិ​បាគីស្ថាន។ អាជ្ញាធរ​អ៊ីរ៉ង់​អះអាងថា គេ​កំពុង​ស៊ើបអង្កេត ដើម្បី​ដឹងថា ហេតុអ្វី​បានជាមាន​ជនជាតិ​ប៉ាគីស្ថាន រស់នៅ​ក្នុងភូមិ​ក្នុងទឹកដី​អ៊ីរ៉ង់ ដែលរងការវាយប្រហារ​របស់​ប៉ាគីស្ថាន​កាលពីថ្ងៃព្រហស្បតិ៍។

ជាផ្លូវការ ប៉ាគីស្ថាន​លើក​ហេតុផល​ខ្លួនថា ​មាន​គោលដៅ​វាយប្រហារ​ពួកឧទ្ទាមភេរវនិយម បះបោរ ដូចជា​ក្រុមរណសិរ្សរំដោះ បាលូស៊ីស្តង់ ដែលជ្រកលាក់ខ្លួន​ក្នុងទឹកដី​អ៊ីរ៉ង់ ប៉ុន្តែ តែងលួចវាយប្រហារ​ទៅលើ​កងកម្លាំងប្រដាប់អាវុធ ប៉ាគីស្ថាន។ ប៉ុន្តែ ចង់មិន​ចង់ គេដឹងថា ប៉ាគីស្ថាន​បើក​ការវាយប្រហារ​ផ្លូវអាកាស ទៅលើ​ទឹកដី​អ៊ីរ៉ង់ ដើម្បី​សងសឹកនឹង​អ៊ីរ៉ង់ ដែល​បាន​បាញ់មីស៊ីលរំលោភ​ចូល​ទឹកដី​ប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។ អ៊ីរ៉ង់ អះអាងថា ការវាយប្រហារ​ដ្រូន និងមីស៊ីល​របស់ខ្លួន​មាន​គោលដៅ​កម្ចាត់​ក្រុមភេរវនិយម (ចលនាប្រដាប់អាវុធ​​និកាយស៊ូនីត) ក្នុងទឹកដីប៉ាគីស្ថាន ដែល​ជ្រៀតខ្លួន​ចូលទៅ​ធ្វើ​សកម្មភាពហិង្សា​សម្លាប់មនុស្ស​ក្នុង​ទឹកដី​អ៊ីរ៉ង់។

រហូតមក ភាគីម្ខាងៗ អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​ធ្លាប់​ចោទដាក់គ្នា​ទៅវិញ ទៅ​មក ថា​បាន​ផ្តល់ជំរក​ដល់​ក្រុមឧទ្ទាម​បំបែកទឹកដី ឬ​ក្រុមប្រឆាំង​រៀងៗខ្លួន។ កងទ័ពប៉ាគីស្ថាន​តែង​ជាប់ដៃ​ប្រយុទ្ធជាមួយ​ពួកឧទ្ទាម​បំបែកទឹកដី បាលូស៊ីស្តង់ ដែលប៉ាគីស្ថាន​វាយប្រហារ​នៅថ្ងៃ​ព្រហស្បតិ៍។ ចំណែក កម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​តែងវាយប្រហារ​លើ​ក្រុម​ជីហាត​និកាយស៊ូនីត ក្នុងទឹកដី​ប៉ាគីស្ថាន។ គេអាច​និយាយ​ថា ជម្លោះប្រដាប់អាវុធនៅព្រំដែន​ប្រទេស​ជិតខាងទាំងពីរ​មិនមែនជា​រឿងថ្មី។ ប៉ាគីស្ថាន​ផ្ទាល់​មិនរករឿង​អ្វីទេ នៅពេល​អ៊ីរ៉ង់ ចាត់វិធានការ​លើ​ក្រុមជីហាត​នៅប៉ាគីស្ថាន។ ប៉ុន្តែ អ្វី​ដែល​ថ្មី​លើក​នេះ គឺ​អ៊ីរ៉ង់​បើក​ការវាយប្រហារ​លើកនេះ ដោយ​មិនបាន​សុំការអនុញ្ញាត ​ជូនដំណឹង​ជាមុន​ទៅ​ភាគីប៉ាគីស្ថាន។

នៅមួយរយៈចុងក្រោយនេះ ពោល​គឺ​នៅក្នុងផ្ទៃជម្លោះប្រដាប់អាវុធ នៅ​តំបន់​ដើមបូព៌ា ដោយសារ​សង្រ្គាមហ្កាហ្សា អ៊ីរ៉ង់បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​ចុងក្រោយនេះ គឺ​ប៉ាគីស្ថាន​នៅក្នុងហេតុផល​ដៅ​វាយប្រហារ​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាត​រដ្ឋអ៊ីស្លាមជាដើម ដែល​បាន​ដាក់គ្រាប់បែក​សម្លាប់​ពលរដ្ឋ​អ៊ីរ៉ង់ ជាង​៩០នាក់ នៅដើមខែ​មករានេះ។

ប៉ុន្តែ យោងតាមអ្នកជំនាញ ដោយ​ប្រើដ្រូន បាញ់មីស៊ីលបាលីស្ទិក​វាយប្រហារ​គោលដៅ​នៅស៊ីរី អ៊ីរ៉ាក់ និង​ប៉ាគីស្ថាន អ៊ីរ៉ង់​ចង់​បង្ហាញសមត្ថភាព​យោធា​របស់ខ្លួន នៅក្នុងកាលៈទេសៈ​ដែល​គ្នីគ្នា​របស់​អ៊ីរ៉ង់ ដូចជា​ពួកហាម៉ាស ក្រុមហេសបូឡា កំពុង​ក្លាយជាផ្ទាំងស៊ីប​វាយប្រហារ​របស់​អ៊ីស្រាអែល ចំណែក​ក្រុមហ៊ូទីយេម៉ែន​កំពុងត្រូវ​អាមេរិក​និង​សម្ព័ន្ធមិត្ត​វាយប្រហារ នៅ​សមុទ្រ​ក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ