អានតួអត្ថបទ
វៀតណាម-ឌៀនបៀនភូ

វៀតណាម​ប្រារព្ធ​ខួប៧០ឆ្នាំ​​នៃ​ជ័យជំនះ​ឌៀនបៀនភូ ដោយ​អញ្ជើញ​បារាំង​ ជា​លើក​ទីមួយ

នៅថ្ងៃទី​៧​ឧសភា​២០២៤​នេះ វៀតណាម​បាន​​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ជ័យ​ជំនះ​នៅ​លើ​សមរភូមិ​ឌៀនបៀនភូ ក្រោម​និម្មិតរូប​នៃ​ការ​ផ្សះផ្សា ដោយ​​បាន​អញ្ជើញ​បារាំង​ជា​លើក​ទីមួយ ឱ្យ​ចូល​រួម។ ជ័យ​ជំនះ​នៅ​ឌៀនបៀនភូ ​បាន​​នាំ​វៀតណាម​ឱ្យ​បាន​ទទួល​ឯករាជ្យ តែ​ជា​បរាជ័យ​ដ៏​ជូរចត់​បំផុត​របស់​បារាំង និង​ការ​បិទ​បញ្ចប់​វត្តមាន​បារាំង​នៅ​ឥណ្ឌូចិន។ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​​បារាំង បាន​អញ្ជើញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​ដង្ហែ​ក្បួន​ព្យុះ​ហយាត្រា​ផង និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​បារាំង​នៅ​ឌៀនបៀនភូ​ផ្ទាល់​តែម្តង​ផង។

Veterans attend a parade commemorating the victory of Dien Bien Phu battle in Dien Bien Phu, Vietnam, Tuesday, May 7, 2024. Vietnam is celebrating the 70th anniversary of the battle of Dien Bien Phu,
វៀតណាម​ប្រារព្ធ​ខួប៧០ឆ្នាំ​​នៃ​ជ័យជំនះ​ឌៀនបៀនភូ ដោយ​អញ្ជើញ​បារាំង​ជា​ភ្ញៀវ​កិត្តិយស ជា​លើក​ទីមួយ AP - Hau Dinh
ផ្សាយពាណិជ្ជកម្ម

ពិធី​ប្រារព្វ​ខួប​៧០​ឆ្នាំ​នៃ​ជ័យជំនះ​ឌៀនបៀនភូ​ ថ្ងៃទី​៧ឧសភា​១៩៥៤-២០២៤ បាន​ប្រព្រឹត្តទៅ​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង ដោយ​មាន​អ្នក​ចូល​រួម​ជាង​១២០០០នាក់។ ​កងទ័ព ក្រុម​ពន្លត់​អគ្គិភ័យ​ និង​សមាសភាព​សង្គម​នៃ​របប​កុម្មុយនិស្ត​ ដូច​ជា​បុគ្គលិក​រដ្ឋការ បញ្ញាវន្ត​ កសិករ​ ស្ត្រី​ ឬជនជាតិ​ភាគតិច​ ។ល។ បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​ព្យុះហយាត្រា នៅក្នុង​ស្តាត​ និង​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី  ក្រោម​ស្នូរ​អបអរ​ទះដៃ គ្រវី​ទង់​ជាតិ​ របស់​ប្រជាពលរដ្ឋ​និងទេសចរ។

រៀប​ចំធំ​​ជា​រៀង​រាល់​១០​ឆ្នាំ​ម្តង ដោយ​មាន​បង្អួត​កម្លាំង​យោធា អម​ដោយ​ឧទ្ធម្ភាគចក្រ និង ការ​បាញ់​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​ផង ​ឆ្នាំ​នេះ​ជា​លើក​ទីមួយ វៀតណាម​បាន​អញ្ជើញ​សមាជិក​រដ្ឋាភិបាល​បារាំង និង​អតីត​យុទ្ធជន​បារាំង​បី​រូម​មក​ចូល​រួម​។ វត្តមាន​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ សេបាជៀង ឡឺក័រនុយ និង​រដ្ឋ​លេខាធិការ​ទទួល​បន្ទុក​អតីត​យុទ្ធជន​ ជា​សាក្សី​បញ្ជាក់​អំពី​ការ​​ផ្សះផ្សា​គ្នា​ដើម្បី​ផលប្រយោជន៍​យុទ្ធសាស្ត្រ​រួម​។ ធ្លាប់​មាន​សង្គ្រាម​នឹង​គ្នា ទំនាក់ទំនង​រវាង​បារាំង​វៀតណាម​ បាន​ប្រសើរ​ឡើង​នា​ពេល​បច្ចុប្បន្ន។ បើ​ទោះ​បី​ជា​នៅ​មាន​ចំណុច​ខ្ទាស់​ខ្លះ​ជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស​ក៏​ដោយ ក៏​បារាំង​ចាំបាច់​ត្រូវ​រឹត​ចំណង​ជាមួយ​វៀតណាម​ ដើម្បី​ប្រឈម​នឹង​ចិន។

“សមរភូមិ​​​ឌៀនបៀនភូ​ដែលនាំ​ដល់​​ការ​បិទ​បញ្ចប់​របប​អាណានិគមនិយម​បារាំង​ជិត​មួយ​សតវត្សរ៍​នៅ​ឥណ្ឌូចិន ជា​ជោគជ័យនៃ​យុត្តិធម៌” នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី ដោយ​បន្ថែម​ថា មាន​យុទ្ធជនពលី​មិន​ស្គាល់​អត្តសញ្ញាណ​ជា​ច្រើន បាន​បង្ហូរ​ឈាម​នៅ​សមរភូមិ​​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស ដើម្បី​សុភមង្គល​របស់​យើង​នាពេល​បច្ចុប្បន្ន។

សូម​រំឮក​ថា ឌៀនបៀនភូ ដែល​មាន​ស្ថាន​ភាព​ភូមិសាស្ត្រ​ព័ទ្ធ​ជុំវិញដោយភ្នំ ​ប្រៀប​ដូច​ជា​បាត​ខ្ទះ ជា​និម្មិតរូប​នៃ​ជោគជ័យ​​ជា​ប្រវត្តិសាស្ត្រ​របស់​ឥស្សរជនកុម្មុយនិស្ត​ដឹកនាំ​ដោយ​លោក​ហូជីមិញ​ និង​ជា​តំណាង​បរាជ័យ​ដ៏​ជូរ​ចត់​បំផុត​សម្រាប់​ភាគី​បារាំង។ បន្ទាយយោធា​បារាំង​នៅ​ឌៀនបៀនភូ​បាន​រលំ​នៅថ្ងៃ​ទី ៧ឧសភា​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​តស៊ូ​ ​ក្រាញ​ននៀល​របស់​យុទ្ធជាតិ​និយម​វៀតណាម​ រយៈ​ពេល​៥៦​ថ្ងៃ​ ស្លាប់​និង​បាត់​បង់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច ១៣០០០នាក់ ក្នុង​នោះ​១ម៉ឺន​នាក់​ខាង​វៀតណាម។ កាលណោះ​ បារាំងដែល​​មាន​កម្លាំង​ច្រើន​ដល់​ប្រមាណ​១៥០០០នាក់ មើល​ស្រាល​កម្លាំង​សត្រូវដោយ​អាង​លើ​ទីតាំង​ភូមិសាស្ត្រទើប​ត្រូវ​បរាជ័យ។​ បែក​ឌៀន​បៀន​ភូ បារាំង​បាន​ព្រម​ចុះ​កិច្ចព្រមព្រៀង ថ្ងៃ​២១កក្កដា​១៩៥៤ នៅទីក្រុង​ហ្សឺណែវ បញ្ចប់​របប​អាណានិគនិយម​បារាំង​នៅ​ឥណ្ឌូចិន។ នៅ​ថ្ងៃ​ទី ៦​ឧសភា​ ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​បារាំង បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញណក្ខន្ធយុទ្ធជនពលី​វៀតណាមនិង​បារាំង ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ឌៀនបៀនភូ​។ លោក ហ្វ្រង់ស័រ​មីតេរ៉ង់ ជា​អតីត​ប្រធានាធិបតី​បារាំងកំពុង​កាន់​តំណែង​តែ​ម្នាក់​គត់​ដែល​អញ្ជើញ​ទៅ​ទស្សនា​ឌៀនបៀនភូ នៅឆ្នាំ​១៩៩៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ