ក្រុមឧទ្ទាមនៅភូមាប្រកាសដណ្តើមយកមូលដ្ឋានទ័ព និងចាប់ទាហានរដ្ឋាភិបាល បានរាប់រយនាក់
ក្រុមឧទ្ទាមប្រដាប់អាវុធអារ៉ាកាននៅភូមា បានប្រកាសនាថ្ងៃចន្ទទី ៦ឧសភា ដណ្តើមកាន់កាប់បានទីបញ្ជាការកងទ័ពរបស់រដ្ឋាភិបាលមួយកន្លែង និងចាប់ខ្លួនសមាជិករបបសឹកបានជាច្រើនរយនាក់ នៅរដ្ឋរ៉ាឃីន ដែលស្ថិតនៅភាគខាងលិចប្រទេស។ នេះអាចចាត់ទុកជាបរាជ័យយ៉ាងដំណំថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលសឹកភូមា ដឹកនាំដោយលោក មីន អ៊ុងឡាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៦
នៅក្នុងរូបភាពវីដេអូបង្ហោះផ្សាយនៅថ្ងៃចន្ទទី៦ឧសភានេះ ក្រុមឧទ្ទាមប្រដាប់អាវុធអារ៉ាកានប្រកាសដណ្តើមកាន់កាប់ទីបញ្ជាការយោធារបស់រដ្ឋាភិបាលដែលស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងស៊ីតវេ ព្រមទាំងចាប់ខ្លួនសមាជិករដ្ឋាភិបាលបានប្រមាណពីររយនាក់។ ពុំមានការបញ្ជាក់អំពីថ្ងៃខែដណ្តើមយកមូលដ្ឋានទ័ពរដ្ឋាភិបាលនេះទេ ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុក ក្រុមប្រដាប់អាវុធអារ៉ាកាន បានវាយប្រហារយ៉ាងសន្ធាប់លើទីតាំងនិងកម្លាំងរដ្ឋាភិបាលយ៉ាងសន្ធាប់តាំងពីប៉ុន្មានថ្ងៃចុងក្រោយមកនេះ។ ក្រោយពីឡោមព័ទ្ធ ក្រុមឧទ្ទាមបានសម្រុកវាយផ្តាច់ព្រ័ត្រ ជាហេតុធ្វើឱ្យកងទ័ពរដ្ឋាភិបាលត្រូវបរាជ័យនិងព្រមចុះចូល។
វីដេអូបង្ហោះផ្សាយដោយទ័ពអារ៉ាកានដដែល បានបង្ហាញឱ្យឃើញហ្វូងមនុស្សមួយខ្សែ ខ្លះពាក់ឯកសណ្ឋានយោធាជាតិ ខ្លះពាក់អាវយឺត ខ្លះអត់ស្បែកជើងផង ខ្លះមានគេសែង ព្រមទាំងស្ត្រីនិងកុមារ ដើរបន្តកន្ទុយគ្នាតាមបណ្តោយស្រែ។ បន្ទាប់មក មនុស្សទាំងប្រមាណ២០០នាក់ ដែលឃ្លាំមើលដោយទាហានក្នុងឯកសណ្ឋានទ័ពអារ៉ាកាន បានមកអង្គុយតំរៀបគ្នាជាជួរក្នុងទីធ្លាមួយ។ ណេះបើតាមរូបភាពវីដេអូដដែល។
ភ្នាក់ងារសារព័ត៌មានបារាំងបានទាក់ទងសុំប្រតិកម្មពីរបបសឹកភូមាដែរ តែគ្មានលទ្ធផល។ សូមបញ្ជាក់ថា តាំងពីខែវិច្ឆិកា២០២៣មក លែងមានហើយការគោរពបទឈប់បាញ់។ ក្រោយការវាយប្រហាររបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមប្រដាប់អាវុធផ្សេងទៀត ប្រឆាំងនឹងរដ្ឋាភិបាលភូមា នៅតាមតំបន់ព្រំដែនមក ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធអារ៉ាកានជាមួយកងទ័ពរដ្ឋាភិបាលក៏បានកម្រើកឡើងយ៉ាងខ្លាំងនៅតាមទីតាំងខេត្តចំនួន១៥ នៃ១៧ខេត្តរបស់រដ្ឋរ៉ាឃីន។ ក្រុមឧទ្ទាមនេះ ដែលខ្លះចាប់កាន់អាវុធតស៊ូតាំងពីប្រទេសបានឯករាជ្យនៅឆ្នាំ១៩៤៨ ដើម្បីពង្រីកវិសាលភាពនៃស្វ័យភាពនិងការគ្រប់គ្រងធនធានធម្មជាតិមក បានផ្ចាញ់របបសឹកភូមាឱ្យធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបជាខ្លាំង មិនធ្លាប់មានទេ គិតចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមក។
គិតមកទល់ថ្ងៃនេះ កងទ័ពរដ្ឋាភិបាលនៅកាន់កាប់ក្រុងស៊ីវេទីក្រុងធំរបស់រដ្ឋរ៉ាឃីនដែលស្ថិតនៅភាគខាងលិចនៃប្រទេសទេ ប៉ុន្តែក្រុមប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន បន្តដណ្តើមគ្រប់គ្រងស្រុកជុំវិញក្រុងជាបន្តបន្ទាប់ និងជាពិសេសមូលដ្ឋាននៅតាបណ្តោយព្រំដែនជាមួយឥណ្ឌានិងបង់ក្លាដែស។ ប៉ុន្តែសន្ធឹកនៃការប្រយុទ្ធគ្នា បានបង្កឱ្យមានរបួសនិងស្លាប់មនុស្សអស់ជាច្រើនរយនាក់ និងជាងបីសែននាក់ ត្រូវធ្វើបំលាស់ទី។ នេះបើតាមតួលេខផ្តល់ដោយអ្នកទទួលខុសត្រូវសិទ្ធមនុស្សអង្គការសហប្រជាជាតិកាលពីខែមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ