អានតួអត្ថបទ
ប៉ាគីស្ថាន-អ៊ីរ៉ង់

ប៉ាគីស្ថានបើកការ​វាយប្រហារ​លើ​អ៊ីរ៉ង់​វិញ ក្រោមហេតុផល​កម្ចាត់​ក្រុមភេរវនិយម

ពីរ​ថ្ងៃក្រោយ​ការ​បាញ់​ប្រហាររបស់​អ៊ីរ៉ង់​​រំលោភ​ចូល​​ទឹក​ដី​ប៉ាគីស្ថាន ក្រុង​អ៊ីស្លាម៉ាបាដ បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៨​មករា​២០២៤​នេះ វាយប្រហារ​លើ​អ៊ីរ៉ង់​វិញ ​ដោយ​ដៅ​លើ​ជម្រក​របស់​ពួក​ភេរវនិយម ក្នុង​ទឹក​ដី​អ៊ីរ៉ង់។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៩នាក់ ក្នុងនោះ​បួនាក់​ជា​ក្មេង​និង​ពីរ​ជា​ស្ត្រី។

ក្រសួងការបរទេស​ប៉ាគីស្ថាន ប្រកាស​វាយប្រហារ​លើ​អ៊ីរ៉ង់នៅ​ព្រឹក​ថ្ងៃទី ១៨ មករា​២០២៤
ក្រសួងការបរទេស​ប៉ាគីស្ថាន ប្រកាស​វាយប្រហារ​លើ​អ៊ីរ៉ង់នៅ​ព្រឹក​ថ្ងៃទី ១៨ មករា​២០២៤ AFP - AAMIR QURESHI
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រហាម​ថ្ងៃព្រហស្បតិ៍​នេះ ប៉ាគីស្ថាន​បាន​បើក​ការ​វាយប្រហារ​ដោយ​មាន​កិច្ចសហការ​សម្របសម្រួល​ខ្ពស់ និង​ការ​កំណត់ចំណុច​ដៅ​ជា​ពិសេស​និង​យ៉ាង​ច្បាស់​លាស់​ ​កម្ចាត់​ជម្រក​របស់​ពួក​ភេរវនិយម​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​Sistan -Balouchistan ក្នុង​ដែន​ដី​ប៉ែក​អាគ្នេយ៍​របស់​អ៊ីរ៉ង់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ប៉ាគីស្ថាន ដោយ​បញ្ជាក់​ថា មាន​ភេរវជន​ជា​ច្រើន​នាក់​បានស្លាប់។

អាជ្ញាធរ​ប៉ាគីស្ថាន​បានអះអាង​ទៀត ខេត្ត​ស៊ីស្តង់បាលូស៊ីស្តង់ ជា​តំបន់​ដែលនៅ​ក្រៅ​ការ​គ្រប់គ្រង​របស់​​រដ្ឋាភិបាល​អ៊ីរ៉ង់​។ នៅ​តំបន់​នេះ​ ពួក​ឧទ្ទាម​ភេរវនិយម​បះបោរ​ដូច​យ៉ាងក្រុម​រណសិរ្ស​រំដោះ​បាលូស៊ីស្តង់ សកម្មខ្លាំងណាស់ និង​តែង​វាយប្រហារ​ជា​ញឹកញយ​មក​លើ​​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ាគីស្ថាន និង​តំណាង​ផលប្រយោជន៍​រដ្ឋ​ប៉ាគីស្ថាន ព្រមទាំង​តំណាង​ដៃគូពាណិជ្ជកម្មចិន​​នៅ​ផ្ទាល់​កន្លែង​។ ម្យ៉ាង​វិញ​ទៀត ប៉ាគីស្ថាន​ចាត់​វិធានការ​វាយប្រហារ​ដោយ​បាន​ទទួល​ព័ត៌មានពី​ភ្នាក់ងារ​ចារកិច្ច​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​ថា​ពួក​ភេរវនិយម​ត្រៀម​ធ្វើ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ដ៏ឆាប់ៗ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប៉ាគីស្ថាន​​វាយប្រហារដៅទៅ​​លើ​ទឹក​ដី​អ៊ីរ៉ង់​។ ការ​ប៉ះទង្គិច​ហិង្សា​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប៉ាគីស្ថាន-អ៊ីរ៉ង់ ធ្លាប់​កើត​មាន​ញយ​ដងណាស់​ ប៉ុន្តែ​ប៉ាគីស្ថានមិន​ដែល​តប​ត​ដោយ​ការ​បាញ់​ប្រហារ​វិញ​ដូច្នេះ​ទេ។ អ៊ីរ៉ង់​បាន​ថ្កោល​ទោស​ទង្វើ​របស់​ប៉ាគីស្ថាន​ និង​សុំ​ឱ្យ​ប៉ាគីស្ថាន​ផ្តល់​ការ​បំភ្លឺ។ បើ​តាម​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​ ការ​វាយប្រហារ​របស់​ប៉ាគីស្ថាន​មក​លើ​អ៊ីរ៉ង់ បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៩នាក់ ក្នុង​នោះ​បី​​នាក់​ជា​ស្ត្រី​និង​បួន​នាក់​ជាកុមារ​។

ការ​វាយប្រហារ​របស់​ប៉ាគីស្ថាន បាន​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​មក​លើ​ទឹក​ដី​ប៉ាគីស្ថានប្រឆាំង​នឹងពួក​ភេរវនិយម​ដែល​ជ្រៀត​ខ្លួន​ចូល​មក​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេសអ៊ីរ៉ង់។

ថ្វីបើ​ប្រទេស​ទាំងពីរ ប្រឹង​ប្រើ​ភាសា​ដ៏​ល្អ​ការពារ​ទង្វើ​វាយប្រហារ​ថា​ជាសកម្មភាព​ប្រឆាំង​នឹង​ពួក​ភេរវនិយម និង​គោរព​បូរណភាព​ដែន​ដី​​គ្នា​​ក៏​ដោយ​ ក៏​​ប្រទេស​ជិត​ខាង​គ្នា​ទាំងពីរ​កំពុងមាន​អារម្មណ៍​មិន​ទុក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង។ ប៉ាគីស្ថានកំពុង​ព្រួយ​បារម្ភ​ខ្លាច​សង្គ្រាម​នៅ​តំបន់​ដើម​បូព៌ា​រីករាល​ដាល​ នាំ​ប្រទេស​ឱ្យ​ចូលពាក់​ព័ន្ធ​ដែរ។ ​​

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ចិន​បានប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ធ្វើ​ជា​អន្តរការី​ ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​តាន​តឹង​រវាង​ប៉ាគីស្ថាន​និង​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ