អានតួអត្ថបទ

ព្រែកជីកហ្វូណន៖លោកហ៊ុន ម៉ាណែតចាត់ទុកលោកសម រង្ស៊ីជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ

នៅថ្ងៃទី២៦ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានចេញសារតាមហ្វេសប៊ុកតបទៅលោក សម រង្ស៊ីដោយចាត់ទុកមេប្រឆាំងរូបនេះជាមនុស្សដែលប្រឆាំងនឹងសមិទ្ធផលជាតិ។ ចម្លើយតបរបស់លោកហ៊ុន ម៉ាណែតទៅលោកសម រង្ស៊ីដូច្នេះធ្វើឡើង ក្រោយពីលោក សម រង្ស៊ី បានធ្វើការរិះគន់ និងមិនគាំទ្រដល់គម្រោងព្រែកជីកហ្វូណនដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រ។

ព្រែកជីកហ្វូណន៖លោកហ៊ុន ម៉ាណែតចាត់ទុកលោកសម រង្ស៊ីជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ
ព្រែកជីកហ្វូណន៖លោកហ៊ុន ម៉ាណែតចាត់ទុកលោកសម រង្ស៊ីជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ © hun manet, Sam Rainsy
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ាណែតបានប្រតិកម្មខ្លាំងៗតបនឹងលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ក្រោយពីលោក សម រង្ស៊ី បានវាយប្រហារលើគម្រោងព្រែកជីកហ្វូណនរបស់រដ្ឋាភិបាលថាធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ និងប្រជាជន។ លោកហ៊ុន ម៉ាណែតបានចាត់ទុកលោកសម រង្ស៊ី ជាមនុស្សប្រឆាំងដើម្បីតែប្រឆាំងដោយមិនរើសពេលវេលា ឬប្រធានបទ និងជាមនុស្សប្រឆាំង សូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។

គួររម្លឹកថាក្នុងថ្ងៃទី២៤ មេសា លោក សម រង្ស៊ីបានសរសេរសាររិះគន់រដ្ឋាភិបាលកម្ពុជាដែលតក់ក្រហល់សាងសង់ព្រែកជីកហ្វូណនដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយ និងដើម្បីបម្រើតែផលប្រយោជន៍យុទ្ធសាស្ដ្ររបស់ចិន។ តាមមេបក្សប្រឆាំងចាស់វស្សារូបនេះ គោលបំណងធំនៃការសាងសង់ព្រែកជីកនេះមិនមែនបម្រើប្រយោជន៍សេដ្ឋកិច្ចកម្ពុជាទេ តែគឺបម្រើប្រយោជន៍ចិនដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួនទៅដល់ឈូងសមុទ្រថៃដោយឆ្លងកាត់ប្រទេសឡាវ និងកម្ពុជាដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនរួចទៅហើយ។

លោកហ៊ុន ម៉ាណែតបានចោទសួរទៅកាន់អ្នកនយោបាយប្រឆាំងចាស់វស្សាលោកសម រង្ស៊ីថា តើលោកជាមនុស្សល្ងង់ ឬជាមនុស្សចេះតែធ្វើល្ងង់?។ ការចោទសួរបែបនេះដោយលោកហ៊ុន ម៉ាណែតលើកឡើងថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់ដឹងអំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមជាតិដែលគម្រោងព្រែកជីកហ្វូណននឹងផ្ដល់ឱ្យប្រទេសជាតិ និងប្រជាជន។ ដោយមិនភ្លេចសារឌឺដង លោក ហ៊ុន ម៉ាណែតបញ្ជាក់ថា សូម្បីតែភូមិសាស្ដ្រខេត្តដែលគម្រោងព្រែកជីកហ្វូណនគ្រោងនឹងតភ្ជាប់ក៏លោក សម រង្ស៊ី មិនទាន់អាចក្ដាប់បានដែរ។ ទន្ទឹមនឹងប្រតិកម្មរបស់លោកហ៊ុន ម៉ាណែតតបនឹងលោកសម រង្ស៊ី គេក៏ឃើញមានប្រតិកម្មព្រោងព្រាត និងចលនាគាំទ្រជាលក្ខណៈបុគ្គល ស្ថាប័ន អង្គភាពនានា គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការរដ្ឋាភិបាល និងគណបក្សកាន់អំណាចមួយចំនួនដែរ។

សូមរំលឹកថាកាលពីដើមខែមេសាកន្លងទៅ កាសែត The Straitstimes ដែលមានទីស្នាក់ការនៅសិង្ហបុរីបានដកស្រង់អត្ថបទស្រាវជ្រាវមកពីវិទ្យាស្ថានមួយគាំទ្រដោយរដ្ឋវៀតណាមដោយបានចុះផ្សាយថា ព្រែកជីកហ្វូណនជាគម្រោងមុខពីរ ទី១ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២ អាចសម្រួលដល់វត្តមានយោធាចិនចូលជ្រៅទៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាម។ ទោះយ៉ាងណា កម្ពុជានៅតែបង្ហាញគោលជំហរយ៉ាងរឹងមាំក្នុងការជីកព្រែកហ្វូណនដែលមានប្រវែង១៨០គីឡូម៉េត្រ និងគ្រោងចំណាយលុយសាងសង់ជិត ២ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ