អានតួអត្ថបទ

លោក​មីន អ៊ុងឡាំង ​នឹង​ពិចារណា​សំណើ​លោក​ ហ៊ុន សែន ​សុំជួប​លោកស្រី ​អ៊ុង សានស៊ូជី

ជាថ្មី​ម្តងទៀត ​លោក ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជាបាន​ស្នើទៅ​កាន់​មេដឹកនាំ​ភូមា​លោក​ មីន អ៊ុងឡាំង ​ដើម្បីជួប​ជាមួយ​លោកស្រី ​អ៊ុង សានស៊ូជី ​តាមប្រព័ន្ធ​វីដេអូ​។ ​សំណើនេះ​ត្រូវបាន​លោក ហ៊ុន សែន ​ធ្វើឡើង​នៅក្នុង​ជំនួបពិភាក្សា​ជាមួយ​លោក ​មីន អ៊ុងឡាំង ​តាមប្រព័ន្ធ​វីដេអូ​នៅថ្ងៃអង្គារ ​ទី​០៧​ ខែឧសភា ​ឆ្នាំ​២០២៤នេះ​។

លោក ហ៊ុន សែន និងលោក មីន អោងឡាំង ពិភាក្សាគ្នាតាមវីដេអូ
លោក ហ៊ុន សែន និងលោក មីន អោងឡាំង ពិភាក្សាគ្នាតាមវីដេអូ © SHS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ពិភាក្សាតាមប្រព័ន្ធវីដេអូ ​លោក ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជាបានស្នើជាថ្មី​ម្តងទៀត​ឲ្យលោក មីន អ៊ុងឡាំង ​ប្រធានក្រុម​ប្រឹក្សារដ្ឋបាល​រដ្ឋភូមាពិចារណា​រៀបចំឲ្យ​មានជំនួប​តាមប្រព័ន្ធ​វីដេអូរវាង​លោក និង​លោកស្រី​​អ៊ុង សានស៊ូជី ​ក្នុងគោលបំណង​សួរសុខទុក្ខ​ដោយសារ​លោក ​ហ៊ុន សែន និង​លោកស្រី​ ស៊ូជី ​ធ្លាប់ជា​សហការីជាមួយគ្នា​ជាច្រើនឆ្នាំ​នៅក្នុង​កិច្ចការ​អាស៊ាន​។ នេះបើតាម​ការផ្សាយ​ឲ្យដឹងនៅលើ​ហ្វេសប៊ុក​ផ្លូវការ​លោក ​ហ៊ុន សែន​។

ទន្ទឹមគ្នានេះ ​លោក ​ហ៊ុន សែន ​ក៏បាន​បញ្ជាក់ពី​សារៈសំខាន់​នៃការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ជាឯកច្ឆន្ទ​ចំនួន ៥​ចំណុច របស់អាស៊ាន ​និងរំពឹងថា ការ​រីកចម្រើននេះ​នឹងចូលរួមចំណែក​ដល់ដំណើរការ​ស្វែងរក​សន្តិភាពដែលមាន​ភូមាខ្លួនឯង​ជាអ្នកដឹកនាំ និង​ជាម្ចាស់​។

ដោយឡែក​ អតីតនាយករដ្ឋមន្ត្រី​ខ្មែរ​រូបនេះ ​ក៏បានស្វាគមន៍ការ​សម្រេចចិត្តរបស់​ក្រុមប្រឹក្សារដ្ឋបាល​រដ្ឋដែលបាន​បញ្ជូនតំណាងមិន​នយោបាយឲ្យចូលរួម​នៅក្នុងកិច្ចប្រជុំចង្អៀត​របស់រដ្ឋមន្រ្តីការបរទេស​អាស៊ានកាលពីខែ​មករា​កន្លងទៅ និងលើកទឹកចិត្ត​ឲ្យភូមាបន្តចាត់​តំណាងចូលរួមក្នុង​កិច្ចប្រជុំសំខាន់ៗ​ផ្សេងទៀតរបស់​អាស៊ាន។ ជាការឆ្លើយតប​ លោក ​មីន អ៊ុងឡាំង ​បានឯកភាពក្នុងការ​បន្តបញ្ជូន​តំណាងមិននយោបាយ​របស់ខ្លួនឲ្យចូលរួម​ក្នុងកិច្ចប្រជុំអាស៊ាន​ និងបាន​សន្យានឹងយក​សំណើដទៃទៀត​ទៅពិចារណាដោយយក​ចិត្តទុកដាក់​ខ្ពស់បំផុត​។

មេដឹកនាំកំពូល​ភូមារូបនេះ​ ដដែលក៏បាន​បញ្ជាក់ប្រាប់លោក​ ហ៊ុន សែន ដែរថា​ នឹងបញ្ជូន​ប្រេសិតពិសេសរបស់ខ្លួន​មកកាន់កម្ពុជា​ក្នុងពេលដ៏ឆាប់ខាងមុខ​ ដើម្បីបន្ត​ពិភាក្សាទៅលើសំណើ​ទាំងនេះ និង​ដើម្បីទទួលយក​នូវការចែករំលែក​បទពិសោធន៍ល្អៗ​ពីគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​របស់កម្ពុជា​ពាក់ព័ន្ធនឹងការ​រៀបចំការបោះឆ្នោត​មួយដែលសេរី​ យុត្តិធម៌ និង​មានតម្លាភាព។ ​

សូមរំលឹកថា ​នៅក្នុងអំឡុងកម្ពុជា​ធ្វើជាប្រធានអាស៊ាន​ឆ្នាំ២០២២​ ជម្លោះនយោបាយ​នៅភូមាជា​ប្រធានបទក្តៅ​មួយដែលមិនទាន់​អាចរកច្រកចេញបាន។​ ក្រុមមេដឹកនាំ​យោធាភូមាត្រូវ​អាស៊ានវាយតម្លៃ​ថាមិនមានឆន្ទៈ​ក្នុងការគោរព​ឲ្យបានប្រសើរ​នូវគោលការណ៍​ជាឯកច្ឆន្ទ ៥​ចំណុចរបស់​អាស៊ាន​។

ចំណែកមេដឹកនាំ​ប្រជាធិបតេយ្យភូមា​លោកស្រី ​អ៊ុង សានស៊ូជី ​ត្រូវបាន​របបយោធា​ឃុំខ្លួនចាប់តាំងពី​រដ្ឋប្រហារ​កាលពីខែកុម្ភៈ ​ឆ្នាំ២០២១។​ ជ័យលាភីរង្វាន់ណូបែល​សន្តិភាពរូបនេះ ​ត្រូវបាន​ក្រុមយោធាចោទប្រកាន់ ​និង​ផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​ចុងក្រោយនេះ​រហូតជាង២០ឆ្នាំ ​ក្រោមបទល្មើស​ផ្សេងៗគ្នា​ជាច្រើន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ