សង្គមស៊ីវិលចំនួន៥០ ស្នើឲ្យអាជ្ញាធរបញ្ឈប់ធ្វើទុក្ខបុកម្នេញសកម្មជនសហជីពណាហ្គាវើលដ៏
នៅថ្ងៃទី០៦ ខែឧសភានេះ ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៥០ស្ថាប័ន បានសម្តែងការសោកស្តាយចំពោះសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសសកម្មជនសហជីពនៃកាស៊ីណូណាហ្គាវើលដ៏។ ទន្ទឹមគ្នានេះ ក្រុមសង្គមស៊ីវិលក៏បានអំពាវនាវឲ្យអាជ្ញាធរដោះលែងប្រធានសហជីពណាហ្គាវើលដ៏កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៏។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
«យើងស្នើឱ្យអាជ្ញាធរដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទផ្សេងទៀត ដើម្បីអាចរស់នៅដោយមិនមានការភ័យខ្លាចពីការចាប់ដាក់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ»។ នេះគឺជាការទទូចនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃចន្ទ ទី៦ ឧសភានេះ។
សំណើរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ ធ្វើឡើងក្រោយតុលាការកំពូលបានប្រកាសសាលដីកាដោយតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទចំនួន ៨នាក់ ដែលជាអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងជាសមាជិកសហជីពណាហ្គាវើលដ៏។
សកម្មជនទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗរយៈពេលពី ១ឆ្នាំ ដល់ ២ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលកំពុងអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំ។
តាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដដែល ការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសដោយឲ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគារដដែលនឹងអាចធ្វើឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនជនជាប់ចោទដែលជាសកម្មជនចំនួន ៥នាក់ផ្សេងទៀតទៅកាន់ពន្ធនាគារភ្លាមៗ។
សូមរំលឹកថា កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏បានចាប់ផ្តើមបញ្ឈប់បុគ្គលិក កម្មករជាង១ពាន់នាក់ ក្រោមហេតុផលវិបត្តិកូវីដ-១៩។ តែភាគីសហជីពបានជំទាស់នឹងផែនការកាត់បុគ្គលិក និងបានហៅទង្វើរបស់ភាគីថៅកែថាមានចេតនាដើម្បីលុបបំបាត់សកម្មជន និងថ្នាក់ដឹកនាំសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៏។
វិវាទការងាររួមមួយនេះក៏បានវិវត្តន៍ទៅជាការតវ៉ារ៉ាំរ៉ៃ និងមានការចាប់ខ្លួនសកម្មជនសហជីពជាបន្តបន្ទាប់។ ទោះយ៉ាងណា សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលបានរំលេចថា ការផ្តល់សេរីភាពដល់សកម្មជនសហជីពវិញជាមធ្យោបាយមួយចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយចំពោះការចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញដោយមិនត្រឹមត្រូវមកលើសមាជិកសហជីពមួយចំនួន ដែលកំពុងតស៊ូមតិដើម្បីសិទិ្ធកម្មករ ហើយអាជ្ញាធរត្រូវឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីពជាបទល្មើសព្រហ្មទណ្ឌ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ