អានតួអត្ថបទ

សេរីភាពសារព័ត៌មាន៖ បញ្ហាសុវត្ថិភាពជាចំណុចមួយក្នុងចំណោម៦ចំណុច

អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធានាសុវត្ថិភាពរបស់អ្នក​សារព័ត៌មាន ពិសេសពេល រាយការណ៍ពីបញ្ហាបរិស្ថាន។ បញ្ហាសុត្ថិភាពនេះគឺចំណុចអាទិភាពមួយ​ក្នុង​ចំណោមសំណើចំនួន៦ចំណុច ដែល​ត្រូវបាន​លើកឡើងដោយអង្គការសង្គមស៊ីវិល សម្រាប់ទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សេរីភាពសារព័ត៌មាន៖ បញ្ហាសុវត្ថិភាពជាចំណុចមួយក្នុងចំណោម៦ចំណុច
សេរីភាពសារព័ត៌មាន៖ បញ្ហាសុវត្ថិភាពជាចំណុចមួយក្នុងចំណោម៦ចំណុច © សហការី
ផ្សាយពាណិជ្ជកម្ម

តាមសេចក្ដីថ្លែងការណ៍រួម អាទិភាពទាំង៦ចំណុចសម្រាប់​អ្នកសារព័ត៌មានរួមមាន ១.រដ្ឋាភិបាលត្រូវធានាបរិយាកាសសង្គម ទាំងបណ្ដាញអនឡាញ និងក្រៅបណ្ដាញ ឱ្យមានសេរីភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ពិសេសពេលអ្នកសារព័ត៌មានរាយការណ៍ពីបញ្ហាបរិស្ថាន គឺគ្មានឧបសគ្គ ឬការព្រួយបារម្ភ។

ទី២. បញ្ឈប់រាល់ទម្រង់នៃការយាយីលើប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាសង្គមរសើបដែលអ្នកសារព័ត៌មានបានរាយការណ៍។ ទី៣. បញ្ឈប់ការប្រើបទបញ្ញត្តិព្រហ្មទណ្ឌដើម្បីដាក់ទោសអ្នកសារព័ត៌មានក្នុងការបំពេញតួនាទីស្របច្បាប់របស់ពួកគេ។ ទី៤ អំពាវនាវឱ្យពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលមានស្ដង់ដាអន្ដរជាតិ និងធានាការអនុវត្តយ៉ាងហ្មត់ចត់។

ដោយឡែក២ចំណុចចុងក្រោយ អង្គការសង្គមស៊ីវិលទាំង១១ បានស្នើឱ្យរដ្ឋាភិបាលចូលរួមពិគ្រោះយោបល់បើកចំហជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិសោធកម្មច្បាប់ស្ដីពីសារព័ត៌មាន និងប្រយុទ្ធប្រឆាំងអំពើហិង្សាលើយែនឌ័រដែលផ្ដោតសំខាន់លើអ្នកសារព័ត៌មានស្ដ្រី និងចាត់វិធានការចាំបាច់បង្កើនតំណាងស្ដ្រីក្នុងវិស័យសារព័ត៌មាន។

ការអំពាវនេះ ធ្វើឡើង ខណៈដែលរបាយការណ៍ចុងក្រោយរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) រកឃើញមានការយាយីចំពោះអ្នកសារព័ត៌មានចំនួន៣២ករណីក្នុងឆ្នាំ២០២៣ ក្នុងនោះមានរូបភាពគំរាមកំហែងតាមផ្លូវច្បាប់ និងជាប់ទាក់ទងទៅនឹងការរាយការណ៍អំពីបរិស្ថាន។

ចំណែកក្នុងរយៈពេល៣ខែនៅឆ្នាំ២០២៤នេះ ខេមបូចា រកឃើញមានការយាយីលើអ្នកសារព័ត៌មាន១០ករណី ក្នុងនោះ៧ករណី ជាការគំរាមកំហែងផ្លូវច្បាប់។

ចំណែករបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) រកឃើញមានអ្នកសារព័ត៌មានចំនួន២៦នាក់ ប្រឈមមុខនឹងការរឹតបន្ដឹង ឬដាក់ទណ្ឌកម្ម បន្ទាប់ពីពួកគេរាយការណ៍ពីសកម្មភាពអាជីវកម្មខុសច្បាប់ អំពើពុករលួយ និងជម្លោះដីធ្លី។

ទោះជាយ៉ាងណា ក្នុងពិធីជួបជុំ​អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី៣ឧសភា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ក្រសួងព័ត៌មាន បានចេញ​របាយការណ៍ស្ទង់មតិមួយ​ថ្មីៗនេះ បង្ហាញថា អ្នកសារព័ត៌មាន នៅកម្ពុជាមានសេរីភាពជិត៨០%។ តែអង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter without Border) បានទម្លាក់​ចំណាំត់​ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាដល់ទៅ១៥១ ក្នុងចំណោម១៨០ប្រទេស នៅឆ្នាំ២០២៤នេះ ពោល​របូតអស់៤ពិន្ទុ បើធៀបនឹងឆ្នាំ២០២៣។ ឆ្នាំ២០២៣ កម្ពុជាឈរនៅលេខរៀង១៤៧ លើ១៨០។ តែនៅឆ្នាំ២០២៤នេះ កម្ពុជាឈរនៅពីមុខបណ្ដាប្រទេសអាស៊ានចំនួន៣ គឺភូមា វៀតណាម និងឡាវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ