អាកាសធាតុធ្លាក់មកនៅក្រោម៤០អង្សាចាប់ពីខែឧសភានេះ
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ដែលក្តៅបំផុត ធ្លាក់មកត្រឹម៣៩អង្សា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកម្តៅបានកើនឡើងដល់ជាង៤០អង្សាកាលពីខែមេសា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៨
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃអាទិត្យនេះបានបញ្ជាក់ថា ការធ្លាក់កម្តៅមកវិញនេះ គឺដោយសារតែសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ និងកម្ពុជា រួមទាំងភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមា២៦អង្សា និងសីតុណ្ហភាពអតិបរមា៣៨អង្សា។ ជាមួយគ្នានេះ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។
ចំណែក តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៦អង្សា និងសីតុណ្ហភាពអតិបរមា៣៩អង្សា។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។
ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៥អង្សា និងសីតុណ្ហភាពអតិបរមា៣៦អង្សា។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០% គ្រាដែលរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។
សូមបញ្ជាក់ថា ទឹកភ្លៀងចាប់ផ្តើមធ្លាក់បណ្តើរៗនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី០៣ ខែឧសភា មកបន្ទាប់ពីគ្មានទឹកភ្លៀងកក់ខែអស់រយៈពេល៦ខែមកហើយ ខណៈរដូវវស្សានឹងឈានមកដល់នៅសប្តាហ៍ទី៤ នៃខែឧសភានេះ។
កាលពីខែមេសាថ្មីៗនេះ អាកាសធាតុនៅកម្ពុជាបានឡើងកម្តៅរហូតដល់ជាង៤០អង្សាដែលមិនធ្លាប់ជួបនៅតំបន់មួយចំនួន ពិសេសតំបន់ខ្ពង់រាប។ ការកើនកម្តៅផែនដីនេះគឺបណ្តាលមកពីបាតុភូតអែលនីណូ(El Nino)ដែលគ្របដណ្តប់៧០%លើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែចាប់ពីខែឧសភានេះទៅ បាតុភូតអែលនីណូ នឹងថយចុះមកនៅត្រឹម២០%ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ