អានតួអត្ថបទ

តុលាការសៀមរាបដោះលែងឪពុកក្មេងស្រីដែលរងការរំលោភបូកក្រោយមានបញ្ជាក្រសួងយុត្តិធម៌

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចដោះលែងឪពុកក្មេងស្រីដែលត្រូវបានគេរំលោភបូកដល់ទៅ២០នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ការសម្រចដោះលែងឪពុកក្មេងស្រីរងគ្រោះ ធ្វើឡើងបន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានស្នើឱ្យសាលាដំបូងខេត្តសៀមរាបពិចារណាឱ្យបុគ្គលរូបនេះនៅក្រៅឃុំ តែស្ថិតក្រោមការពិនិត្យរបស់តុលាការ។

តុលាការសៀមរាបដោះលែងឪពុកក្មេងស្រីដែលរងការរំលោភបូកក្រោយមានបញ្ជាក្រសួងយុត្តិធម៌
តុលាការសៀមរាបដោះលែងឪពុកក្មេងស្រីដែលរងការរំលោភបូកក្រោយមានបញ្ជាក្រសួងយុត្តិធម៌ © sorn sopheak
ផ្សាយពាណិជ្ជកម្ម

លោក ពេជ្រ សុវ័ន្ត ជាឪពុកក្មេងស្រីរងគ្រោះដែលត្រូវបានជនសង្ស័យចំនួន ២០នាក់រំលោភបូក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី២០ ខែមេសា ក្រោយលោកវាយជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ។ ដោយសារទប់កំហឹងមិនបានលោក ពេជ្រ សុវ័ន្ត បានប្រើហិង្សាលើជនសង្ស័យ ដែលរំលោភកូនស្រីរបស់លោកម្នាក់អាយុ១៥ឆ្នាំ ឱ្យរបួសត្រង់ភ្នែកខាងស្ដាំ និងហូរឈាមតាមច្រមុះ។ មួយថ្ងៃបន្ទាប់ពោលនៅថ្ងៃទី២០ ខែមេសា ម្ដាយជនសង្ស័យបានដាក់ពាក្យបណ្ដឹងប្រឆាំងលោក ពេជ្រ សុវ័ន្ត។

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ថាអំពើហិង្សា ជាអំពើខុសនឹងច្បាប់ព្រហ្មទណ្ឌ និងថាការឃាត់ខ្លួនអ្នកប្រព្រឹត្តពេលមានបណ្ដឹងពីជនរងគ្រោះ ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។ តែលោកមិនភ្លេចបញ្ជាក់ថាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ធ្វើឡើងក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ចំពោះករណីឪពុកក្មេងស្រីរងគ្រោះមកដល់ពេលបច្ចុប្បន្ននេះ លោក កើត រិទ្ធ ថាវិធានការឃុំខ្លួនលែងមានភាពចាំបាច់ទៀតហើយ។ លោកស្នើឱ្យតុលាការខេត្តសៀមរាប គប្បីប្រើវិធានការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជំនួសឱ្យការឃុំខ្លួនវិញ។

តាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ជនបង្កតែ៥នាក់ប៉ុណ្ណោះដែលបានឃាត់ខ្លួន និងឃុំខ្លួន។ ដោយឡែកមានសង្ស័យម្នាក់ត្រូវបានដោះលែង ដោយសារតុលាការរកមិនឃើញភស្ដុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ និងស្របតាមការស្នើសុំរបស់មេធាវី និងអាណាព្យាបាលជនសង្ស័យ។  តែជនពាក់ព័ន្ធផ្សេងទៀតចំនួន១៤នាក់ មិនទាន់ឃាត់ខ្លួនបាននៅឡើយ ដោយសារពួកគេពុំមានអត្តសញ្ញាណគ្រប់គ្រាន់។ នេះបើតាមសាលាដំបូងខេត្តសៀមរាប។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៤ ឧសភានេះថា តុលាការ និងសមត្ថកិច្ចគួរស្វែងរកជនពាក់ព័ន្ធមកអនុវត្តទោសតាមផ្លូវច្បាប់ ព្រោះនេះជារឿងឃោឃៅ និងជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងការសម្រេចឃុំខ្លួនឪពុកក្មេងស្រីរងគ្រោះ នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូរូបនេះថា តុលាការខេត្តសៀមរាបរងការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ លោកបញ្ជាក់ថា រាល់សំណុំរឿងព្រហ្មទណ្ឌកម្រិតស្រាល មិនមែនសុទ្ធតែត្រូវឃុំខ្លួននោះទេ តុលាការអាចឱ្យជនសង្ស័យនៅក្រៅឃុំបាន តែនីតិវិធីនៅតែអាចដំណើរការ។ តាមលោក អំ សំអាត នេះជាមេរៀនមួយសម្រាប់តុលាការគ្រប់ជាន់ថ្នាក់ឱ្យគិតគូរពិចារណា មុនសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។

បើតាមសាលាដំបូងខេត្តសៀមរាបដដែល ជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា។ យ៉ាងណា ក្មេងស្រីដែលរងគ្រោះពីអំពើរំលោភបូកនេះ ត្រូវបានអង្គការ Afesip Cambodia របស់អ្នកស្រី ម៉ម សុម៉ាលី យកទៅព្យាបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ