វៀតណាមគោរពការជីកព្រែករបស់កម្ពុជា តែស្នើឲ្យកម្ពុជាធ្វើការជិតស្និទ្ធ និងផ្តល់ព័ត៌មានបន្ថែម
ប្រទេសវៀតណាមបានចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang កាលពីថ្ងៃទី៥ ខែឧសភា។ ប្រតិកម្មរបស់មន្ត្រីផ្លូវការវៀតណាមពេលនេះ ធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាសជុំវិញគម្រោងព្រែកជីកមួយនេះដោយភាគីវៀតណាមត្រូវការព័ត៌មានពិស្តារបន្ថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់កម្ពុជាស្តីពីការអនុវត្តន៍គម្រោងព្រែកជីកហ្វូណន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បញ្ជាក់ប្រាប់អ្នកកាសែតថា វៀតណាមតែងផ្តល់តម្លៃ និងអាទិភាពខ្ពស់ចំពោះអ្នកជិតខាងខ្លួនទាក់ទងទៅនឹងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកបដោយការយល់គ្នា និងនិរន្តរភាពយូរអង្វែងនៅក្នុងនយោបាយការបរទេស។
នៅក្នុងន័យនេះ លោកស្រី Pham Thu Hang ចង់ឲ្យកម្ពុជាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងបណ្តាប្រទេសផ្សេងទៀតនៃសមាជិកគណៈកម្មការទន្លេមេគង្គ(MRC) ដើម្បីចែករំលែកព័ត៌មាន និងវាយតម្លៃយ៉ាងពេញលេញពីផលប៉ះពាល់នៃគម្រោងព្រែកជីកជុំវិញបញ្ហាធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃអនុតំបន់មេគង្គ រួមនឹងវិធានការគ្រប់គ្រងសមស្រប ដើម្បីធានាផលប្រយោជន៍ប្រកបដោយសុខដុមរមនាដល់ប្រទេសជាប់ទន្លេមេគង្គ។
ការលើកឡើងជាសាធារណៈរបស់ភាគីវៀតណាមដូចនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងសកម្មក្នុងការពន្យល់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និស្សិត ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកការទូតបរទេសជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងចំណាយថវិកាជិត ២ពាន់លានដុល្លារ។ ចាប់តាំងពីនាយករដ្ឋមន្ត្រី អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជំនាញសុទ្ធតែបានអះអាងដូចគ្នាថា ការជីកព្រែកហ្វូណននេះ មិនប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ទឹកទន្លេទេ។ រីឯធារទឹកសាបដែលហូរទៅកាន់សមុទ្រ គឺមានតិចតួចបំផុត ពោលមានត្រឹម ០,០៦%ប៉ុណ្ណោះ។
គួររម្លឹកថាកាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនៅក្នុងសន្នីសីទកាសែតមួយថា កម្ពុជាបានប្រគល់ឯកសារស្តីពីផលប៉ះពាល់ពីគម្រោងព្រែកជីកមួយនេះដល់គណៈកម្មការទន្លេមេគង្គអន្តរជាតិរួចរាល់ហើយ។ ដូច្នេះវៀតណាមអាចស្នើគណៈកម្មការទន្លេមេគង្គអន្តរជាតិដើម្បីពិនិត្យមើលឯកសារទាំងនោះបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ