អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

GDP ស្នើឱ្យដោះលែងជ័យលាភីពានរង្វាន់ Per Anger Prize 2024 កញ្ញា ឈឹម ស៊ីថរ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព ហើយទម្លាក់បទចោទប្រកាន់ទាំងអស់ដោយឥតលក្ខខណ្ឌ។ ការស្នើសុំរបស់គណបក្សប្រឆាំងមួយនេះ ធ្វើឡើងក្រោយកញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីរដ្ឋាភិបាលស៊ុយអែត។

GDP ស្នើឱ្យដោះលែងជ័យលាភីពានរង្វាន់ Per Anger Prize 2024 កញ្ញា ឈឹម ស៊ីថរ
GDP ស្នើឱ្យដោះលែងជ័យលាភីពានរង្វាន់ Per Anger Prize 2024 កញ្ញា ឈឹម ស៊ីថរ © RFI
ផ្សាយពាណិជ្ជកម្ម

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានទាមទារឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីពផ្សេងទៀត ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។  ការទាមទារឱ្យដោះលែងនេះ ដោយសារគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ការបន្ដឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ជាការបង្ហាញនូវភាពមិនច្បាស់លាស់របស់រដ្ឋាភិបាល ដែលតែងអះអាងថាប្រទេសកម្ពុជា ជាប្រទេសអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ 

សូមបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ទើបទទួលបានពានរង្វាន់ Per Anger Prize 2024 ពីរដ្ឋាភិបាលនៃប្រទេសស៊ុយអែតសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ តែដោយសារកញ្ញា កំពុងស្ថិតនៅពន្ធធនាគារ មិនអាចទៅទទួលពានរង្វាន់ដោយផ្ទាល់បាន គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុកថាជាការសោកស្ដាយយ៉ាងខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនគណបក្សប្រឆាំងមួយនេះមិនអាចទទួលយកបានឡើយ ដែលអ្នកតស៊ូមតិដោយសន្ដិវិធី ដើម្បីលក្ខខណ្ឌការងារបានល្អប្រសើរ បែជាត្រូវបានទទួលទោសព្រហ្មទណ្ឌ។ អ្នកដែលរំលោភសិទ្ធិមនុស្សពិតប្រាកដនៅបន្ដមានសេរីភាព និងរួចផុតពីការផ្ដន្ទាទោសតាមផ្លូវច្បាប់។

នេះបើតាមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ សេចក្តីថ្លែងការណ៍បន្តថាការបន្ដឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិការងារក្នុងពន្ធធនាគារបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេរីភាពបង្កើតសមាគម និងសិទ្ធិបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា ដើម្បីបន្ធូរបន្ថយស្ថានភាពសិទ្ធិមនុស្ស និងនយោបាយ ដែលធ្លាប់ទទួលបានការរិះគន់កន្លងមក រដ្ឋាភិបាល និងតុលាការកម្ពុជាគួរតែពិនិត្យពិចារណាបន្ធូរបន្ថយលើករណីនេះ។ លោកមិនភ្លេចបញ្ជាក់ថា បើមានការដោះលែងអ្នកទោសសិទ្ធិមនុស្ស និងនយោបាយនោះគឺជារឿងល្អសម្រាប់កម្ពុជា។

សូមជម្រាបថា កញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អន្តរជាតិចំនួនលើកទី២។ លើកទី១ កាល​ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំសហជីពកម្ពុជារូបនេះ​ រួមទាំងសកម្មជនអ្នកការពារសិទ្ធិមនុស្សចំនួន​៩នាក់ផ្សេងទៀតក្នុងលោកត្រូវបានក្រសួងការបរទេសអាមេរិកផ្តល់ឪ្យនូវពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២ និងលើកទី២ ពានរង្វាន់ Per Anger Prize 2024 ពីរដ្ឋាភិបាលនៃប្រទេសស៊ុយអែតសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ