អានតួអត្ថបទ
កម្ពុជា-សង្គម

វៀតណាមកំពុងបន្តធ្វើផ្គរ ធ្វើភ្លៀងលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា?

គណៈកម្មាការទន្លេមេគង្គវៀតណាមបន្តស្នើឱ្យភាគីកម្ពុជាផ្តល់ព័ត៌មានលម្អិតពីគម្រោងព្រែកជីកហ្វូណនតេជោ និងជំរុញឱ្យមានកិច្ចសហការវាយតម្លៃពីផលប៉ះពាល់ រួមនឹងការស្វែងរកដំណោះស្រាយរួមគ្នាមួយ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam Net នៅថ្ងៃទី០៣ ឧសភា។ អ្វីដែលភាគីវៀតណាមស្នើសុំនាពេលនេះ គឺដើម្បីឱ្យប្រាកដជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាពិតជាមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ 

សាឡងដឹកខ្សាច់លើទន្លេបាសាក់ (រូបតំណាង)
សាឡងដឹកខ្សាច់លើទន្លេបាសាក់ (រូបតំណាង) © Phnom Penh Post
ផ្សាយពាណិជ្ជកម្ម

គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានៅតែជាប្រធានបទក្តៅដែលវៀតណាមបន្តលើកយកមកជជែក និងទំនងមិនទាន់ស្ងប់ស្ងាត់ ទោះបីថ្នាក់ដឹកនាំកម្ពុជាបានចេញមុខបញ្ជាក់ជារឿយៗថា គម្រោងព្រែកជីកនេះមិនបង្កផលប៉ះពាល់អ្វីដល់ទឹកទន្លេមេគង្គឡើយ។ នៅថ្ងៃទី០៣ ឧសភា កាសែតក្នុងស្រុកវៀតណាម Vietnam Net បានរាយការណ៍ថា គណៈកម្មាការទន្លេមេគង្គវៀតណាមបានរៀបចំសិក្ខាសាលាមួយដើម្បីជជែកពីគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា។ ក្នុងសិក្ខាសាលានោះ វៀតណាមនៅតែព្រួយបារម្ភ និងបន្តស្នើឱ្យកម្ពុជាផ្តល់ព័ត៌មានលម្អិតពីគម្រោងព្រែកជីកដោយតម្រូវឱ្យមានការបើកការស្រាវជ្រាវរួមគ្នាពីផលប៉ះពាល់ និងអនុវត្តគោលការណ៍ណែនាំរបស់គណៈកម្មាការទន្លេមេគង្គអន្តរជាតិ។ 

តាមកាសែតដដែល គណៈកម្មាការទន្លេមេគង្គវៀតណាម និងក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមនឹងសហការឱ្យកាន់ជិតស្និតជាមួយកម្ពុជា រួមនឹងគណៈកម្មាការទន្លេមេគង្គអន្តរជាតិ និងប្រទេសជាសមាជិកដើម្បីពន្លឿនកិច្ចការស្រាវជ្រាវជុំវិញផលប៉ះពាល់របស់គម្រោងព្រែកជីកហ្វូណន។ គួរបញ្ជាក់ថាសម្រាប់វៀតណាម គម្រោងព្រែកជីកនេះបង្កផលប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គ និងការហូរទឹកប្រៃពីសមុទ្រចូលទន្លេដែលអាចជះផលអវិជ្ជមានខ្លាំងដល់ជីវិតរស់នៅរបស់ពលរដ្ឋតាមដីសណ្តទន្លេ និងប្រព័ន្ធអេកូឡូស៊ីជាដើម។ 

វៀតណាមរំពឹងថា កម្ពុជានឹងបង្ហាញជំហរចូលរួមចំណែកក្នុងកិច្ចការស្រាវជ្រាវលើផលប៉ះពាល់ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីវិធានការត្រួតពិនិត្យ និងកាត់បន្ថយផលប៉ះពាល់លើគម្រោងព្រែកជីករបស់កម្ពុជា។ ជុំវិញការស្នើរបស់វៀតណាមនេះ ឧបនាយករដ្ឋមន្ត្រីលោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៣ ឧសភានេះថា កម្ពុជាបានប្រគល់ឯកសារស្តីពីផលប៉ះពាល់ដល់គណៈកម្មាការទន្លេមេគង្គអន្តរជាតិ(MRC)រួចរាល់ហើយ។ ដូច្នេះវៀតណាមអាចស្នើគណៈកម្មាការទន្លេមេគង្គអន្តរជាតិដើម្បីពិនិត្យមើលឯកសារទាំងនោះបាន។ 

តែលោកស៊ុន ចាន់ថុលមិនភ្លេចបញ្ជាក់សារជាថ្មីថា គម្រោងព្រែកជីកមួយនេះមិនបង្កផលប៉ះពាល់អ្វីដល់បរិស្ថានទេ។ ផ្ទុយមកវិញ វាបានជួយទប់ស្កាត់បញ្ហាទឹកជំនន់មួយកម្រិតធំ។ ចំណែកផលប៉ះពាល់ដល់លំហូរទឹកទន្លេ និងលំហូរទឹកសមុទ្រចូលទឹកទន្លេត្រូវបានលោក ស៊ុន ចាន់ថុលបញ្ជាក់ថា មានកម្រិតតិចតួច ពោលមានត្រឹម ០.០៦ភាគរយប៉ុណ្ណោះ។ គួរជម្រាបជូនថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាដោយប្រើកម្ចីបរទេសចំនួន ១៧០០លានដុល្លារ។ តាមផែនការ គម្រោងសាងសង់ដែលមានប្រវែង១៨០គីឡូម៉ែត្រនឹងចាប់ផ្តើមឡើងនៅចុងឆ្នាំ២០២៤៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ