អានតួអត្ថបទ
អាកាសធាតុក្តៅខ្លាំង

លោក ហ៊ុន ម៉ាណែត៖ បើអាកាសធាតុក្តៅលើសពី ៤០ អង្សា សាលាអាចផ្អាករៀនបាន

នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះបានប្រកាសបើកភ្លើងខៀវឱ្យគណៈគ្រប់គ្រងសាលា អាចផ្អាកការបង្រៀនសិន ជាពិសេសនៅសាលាបឋមសិក្សា ប្រសិនបើ អាកាសធាតុក្តៅខ្លាំង ចាប់ពី៤០អង្សាឡើងទៅ។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល គឺដោយសារតែលោកទទួលបានឃើញមានការបង្ហោះរូបភាពដែលក្មេងៗសិស្សសាលាមួយចំនួនកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារតែរលកកម្តៅ។

លោក ហ៊ុន ម៉ាណែត៖ បើអាកាសក្តៅលើសពី ៤០ អង្សា សាលាអាចផ្អាករៀនបាន
លោក ហ៊ុន ម៉ាណែត៖ បើអាកាសក្តៅលើសពី ៤០ អង្សា សាលាអាចផ្អាករៀនបាន © RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ឬកំណត់ថ្ងៃឲ្យឈប់ជាក់លាក់នោះទេ ប៉ុន្តែលោកបាននិយាយបើកភ្លើងខៀវ ឲ្យគណៈគ្រប់គ្រងសាលានីមួយៗ អាចផ្អាកការបង្រៀនសិស្ស សម្រាប់តែថ្ងៃណាដែលកម្តៅកើន ចាប់ពី៤០អង្សាឡើងទៅ។

នៅថ្ងៃទី៣០ ខែមេសា ម្សិលមិញ ក្រសួងអប់រំបានចេញសេចក្តីប្រកាស កែប្រែម៉ោងសិក្សារបស់សិស្សនៅគ្រប់សាលារៀន ដោយ នៅពេលព្រឹករៀន ចូលរៀនចន្លោះពីម៉ោង ៧ ដល់ម៉ោង១០ និងពេលរសៀល ចូលរៀន ពីម៉ោង ២ ដល់ម៉ោង៥ល្ងាច។

បើតាមសេចក្តីប្រកាសដដែល ក្រសួងកែប្រែម៉ោងចូលរៀន ដើម្បីជួយសម្រួលដល់ក្មេងៗ និងលោកគ្រូ អ្នកគ្រូ កុំឲ្យរងផលប៉ះពាល់សុខភាព។ វិធានការរបស់ក្រសួងត្រូវអនុវត្តភ្លាមៗ នៅបន្ទាប់ពីរូបភាពនៅតាមបណ្តាញសង្គម បង្ហាញក្មេងៗនៅតាមសាលារៀនមួយចំនួន ត្រូវអង្គុយរៀនបណ្តើរ រុំក្បាលដោយកន្សែងត្រជាក់បណ្តើរ។ ចំណែកនៅតាមសាលាមួយចំនួនទៀត មានបាញ់ទឹក ទាំងក្នុង និងក្រៅសាលាដើម្បីកាត់បន្ថយកម្តៅ។

នៅចំពោះមុខការឡើងកម្តៅនេះ កាលពីថ្ងៃទី២៩ ខែមេសា ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំមួយដោយត្រូវបើកទ្វារបន្ទប់រៀន ឱ្យមានខ្យល់ចេញចូលល្អ ត្រូវផ្តល់ទឹកដល់ក្មេងៗផឹកគ្រប់គ្រាន់ ណែនាំដល់ក្មេងៗឲ្យនៅក្នុងម្លប់ និងតាមដានពិនិត្យសុខភាពក្មេងជាប្រចាំ។

ដើម្បីជៀសវាងជំងឺផ្សេងៗក្នុងពេលមានអាកាសធាតុក្តៅបែបនេះ គេត្រូវរស់នៅស្អាតមានអនាម័យ ពិសារទឹកឱ្យបានគ្រប់គ្រាន់ ស្លៀកពាក់ឱ្យបានជិតល្អ និងមិនត្រូវនៅហាលថ្ងៃយូរ។ លើសពីនោះ គេមិនណែនាំ ពិសាភេសជ្ជៈដែលមានជាតិផ្អែម និងអាហារដែលមានជាតិខ្លាញ់។

នៅមុនកម្ពុជា ប្រទេសនៅអាស៊ីផ្សេងទៀត ដូចជា ហ្វីលីពីន និងបង់ក្លាដែសបានប្រកាសបិទសាលារៀន ជាច្រើនថ្ងៃ ដោយសារតែរលកកំដៅខ្លាំង និងតម្រូវឲ្យសាលារៀបចំការបង្រៀនអនឡាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ