អានតួអត្ថបទ

លោកហ៊ុន សែន៖កម្ពុជានៅតែប្ដេជ្ញាគាំទ្រការប្រឹងប្រែងស្ដារសន្ដិភាពនៅអ៊ុយក្រែន

នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោកហ៊ុន សែនបានបញ្ចេញសារថ្លែងអំណរគុណដល់សភាប្រទេសនានាដែលបានផ្ញើសារអបអរលោកសម្រាប់តំណែងប្រធានព្រឹទ្ធសភាកម្ពុជា។ ដោយឡែក សារសម្រាប់ប្រធានសភាអ៊ុយក្រែន Ruslan STEFANCHUK លោកហ៊ុន សែនបានប្ដេជ្ញាគាំទ្រកិច្ចប្រឹងប្រែងស្ដារសន្ដិភាពនៅអ៊ុយក្រែនឡើងវិញ។ គួររម្លឹកថា នៅក្នុងសារអបអរលោកហ៊ុន សែន លោក Ruslan STEFANCHUK ក៏បានអរគុណកម្ពុជាដែលបានគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។

លោកហ៊ុន សែន៖កម្ពុជានៅតែប្ដេជ្ញាគាំទ្រការប្រឹងប្រែងស្ដារសន្ដិភាពនៅអ៊ុយក្រែន
លោកហ៊ុន សែន៖កម្ពុជានៅតែប្ដេជ្ញាគាំទ្រការប្រឹងប្រែងស្ដារសន្ដិភាពនៅអ៊ុយក្រែន © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតចុះថ្ងៃទី២ ឧសភា លោកហ៊ុន សែនបានថ្លែងអំណរគុណចំពោះប្រធានសភានៃប្រទេសមួយចំនួនដែលបានអបអរលោកក្នុងការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាថ្មីរបស់កម្ពុជា។ តែសារចំពោះប្រធានសភាអ៊ុយក្រែនលោក Ruslan STEFANCHUK លោកហ៊ុន សែនបានបញ្ជាក់ថា កម្ពុជានៅតែផ្ដល់ការប្ដេជ្ញាគាំទ្រលើកិច្ចប្រឹងប្រែងនានាក្នុងគោលដៅស្ដារសន្ដិភាពនៅអ៊ុយក្រែនឡើងវិញ ខណៈប្រទេសមួយនេះកំពុងធ្លាក់ក្នុងសង្រ្គាមបង្កឡើងដោយរុស្ស៊ីតាំងពីជាង ២ឆ្នាំមកហើយ។ ការប្ដេជ្ញារបស់លោកហ៊ុន សែនដូចនេះធ្វើឡើង ក្រោយពីលោក Ruslan STEFANCHUK បានស្នើឱ្យមានការគាំទ្រពីអន្ដរជាតិដើម្បីស្ដារសន្តិភាពឡើងវិញនៅអ៊ុយក្រែន។

 ទន្ទឹមគ្នានេះ ប្រធានព្រឹទ្ធសភាកម្ពុជាក៏បានឆ្លើយតបតាមការអញ្ជើញរបស់លោក Ruslan STEFANCHUK ឲ្យទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន តែមិនបានបញ្ជាក់ពីពេលវេលានៃដំណើរទស្សនកិច្ចនោះទេ។ លោកវណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP) មើលឃើញថា ការប្តេជ្ញារបស់កម្ពុជាចំពោះអ៊ុយក្រែនជាការឱ្យតម្លៃលើច្បាប់អន្ដរជាតិដែលកម្ពុជាជាប្រទេសតូច តែហ៊ានងើបប្រឆាំងនឹងការឈ្លានពាននានា។ អ្នកស្រាវជ្រាវភូមិសាស្ដ្រនយោបាយរូបនេះដដែលបានបន្ថែមថា នេះក៏ជាសញ្ញាបង្ហាញដល់សហគមអន្ដរជាតិរបស់កម្ពុជាដែលគាំទ្រដល់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងការឈរនៅខាងអ៊ុយក្រែន។

 តាមលោកវណ្ណ ប៊ុនណា ការធ្វើបែបនេះក៏ជាការទូតមួយដែលកម្ពុជាចំណេញភាពទាក់ទាញពីប្រទេសទាំងនោះដែរ។ គួរជម្រាបថា ក្រោយរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ កម្ពុជាបានបោះឆ្នោតថ្កោលទោសរុស្ស៊ីចំនួន២ដង និងបានចូលរួមជាប្រទេសគាំទ្រលើការផ្ដួចផ្ដើមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្រៅពីនេះ កម្ពុជាក៏បានបោះឆ្នោតអនុបវាទពីការដករុស្ស៊ីចេញពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ