អានតួអត្ថបទ

មេដឹកនាំត្រកូល «ហ៊ុន»៖ការផ្សាយរបស់ The Cambodia Daily ជាអំពើថោកទាប និងឆោតល្ងង់

នៅថ្ងៃទី២ ខែឧសភានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីបានចេញមុខការពារលោកស្រី ពេជ ចន្ទមុនី ភរិយាលោកហ៊ុន ម៉ាណែតដែលបានរងការវាយប្រហារពីកាសែត The Cambodia Daily វាយប្រហារ។ តាមការចុះផ្សាយរបស់កាសែត The Cambodia Daily ចុះផ្សាយក្នុងថ្ងៃទី២ ឧសភា លោកស្រីពេជ ចន្ទមុនីត្រូវបានលោកគុណ ញឹម មេគយកម្ពុជាសូកប៉ាន់ដើម្បីពន្យារពេលចូលនិវត្តន៍។ សម្រាប់មេដឹកនាំត្រកូល «ហ៊ុន» ការផ្សាយដូចនេះរបស់កាសែត The Cambodia Daily ជាអំពើថោកទាប និងឆោតល្ងង់។

មេដឹកនាំត្រកូល «ហ៊ុន»៖ការផ្សាយរបស់ The Cambodia Daily ជាអំពើថោកទាប និងឆោតល្ងង់
មេដឹកនាំត្រកូល «ហ៊ុន»៖ការផ្សាយរបស់ The Cambodia Daily ជាអំពើថោកទាប និងឆោតល្ងង់ © Hun Sen
ផ្សាយពាណិជ្ជកម្ម

គ្រួសារត្រកូល «ហ៊ុន» ដែលកំពុងកាន់តំណែងធំទាំងពីររបស់ប្រទេស គឺតំណែងប្រធានព្រឹទ្ធសភា និងតំណែងនាយករដ្ឋមន្ដ្រីបានចេញមុខប្រតិកម្មខ្លាំងៗដំណាលគ្នាលើព័ត៌មានចុះផ្សាយដោយកាសែត The Cambodia Daily កាលពីថ្ងៃទី២ ឧសភា។ យោងតាមការចុះផ្សាយរបស់កាសែតដែលមានទីស្នាក់ការនៅក្រៅប្រទេសមួយនេះ មានមន្ដ្រីនៅអគ្គនាយកដ្ឋានគយជាច្រើននាក់បានទម្លាយថា លោកគុណ ញឹម អគ្គនាយកដ្ឋានគយបានសូកប៉ាន់អ្នកស្រីពេជ ចន្ទមុនីដើម្បីពន្យារពេលចូលនិវត្តន៍ ខណៈលោកគុណ ញឹមនឹងត្រូវសម្រាកពីការងាររដ្ឋនៅឆ្នាំ២០២៥។

ព័ត៌មានចុះផ្សាយដោយកាសែត The Cambodia Daily យ៉ាងដូចនេះត្រូវបានលោកហ៊ុន ម៉ាណែតដែលជាស្វាមីអ្នកស្រីពេជ ចន្ទមុនីបញ្ចេញប្រតិកម្មតបនៅលើហ្វេសប៊ុករបស់លោកថា ទង្វើរបស់កាសែត The Cambodia Daily ជាអំពើថោកទាបម្ដងហើយម្ដងទៀតដោយបានប្រឌិតរឿងមិនពិតដើម្បីវាយប្រហារបំផ្លាញកិត្តិយសលោក និងគ្រួសារ។ លោកហ៊ុន ម៉ាណែតបានស្នើឲ្យវិទ្យុបរទេសនិយាយជាភាសាខ្មែរមួយនេះឈប់ប្រឌិតរឿងដែលមានចេតនាបំផ្លាញគ្រួសារលោកតទៅទៀត។

ប្រតិកម្មក៏មានដែរពីលោកហ៊ុន សែនដែលជាឪពុកក្មេកអ្នកស្រី ពេជ ចន្ទមុនី និងជាប្រធានព្រឹទ្ធសភាដោយចោទសួរទៅកាន់កាសែត The Cambodia Daily ថា ហេតុអ្វីបានជាទៅវាយប្រហារប្រពន្ធលោក ហ៊ុន ម៉ាណែតដែលជាកូនប្រសាររបស់លោកទៅវិញ ឬមកពីល្ងង់?។ ទន្ទឹមនឹងការសួរបែបនេះ លោកហ៊ុន សែនក៏បានភ្ជាប់ជាមួយនូវឯកសារដែលបញ្ជាក់ពីការបន្ដការងាររបស់លោកគុណ ញឹមជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នៅក្នុងឯកសារដែលមានចំណារយល់ព្រមពីលោកហ៊ុន សែនក្នុងតំណែងជានាយករដ្ឋមន្រ្តី លោកគុណ ញឹមត្រូវបន្ដកាន់តំណែងដល់ឆ្នាំ២០២៨ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្នកាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០២២។

ទោះជាយ៉ាងណា លោកហ៊ុន ម៉ាណែតបានអះអាងថា ប្រសិនបើមានមន្ដ្រីគយនៃនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលើករឿងដូចការចុះផ្សាយរបស់កាសែត The Cambodia Daily និងចង់ឱ្យលោកគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះ គឺកុំដេកស្រម៉ៃ។ តែលោកមិនភ្លេចបញ្ជាក់ថា ករណីនេះនឹងក្លាយជាមូលដ្ឋានសម្រាប់លោកពិចារណាជ្រើសរើសបេក្ខជនដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនៅពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ