អានតួអត្ថបទ

ព្រែកជីក​ហ្វូណន​៖ ​អាមេរិក​ថា​ខ្លួន​មិនពាក់ព័ន្ធ​តែ​ចង់ឃើញ​ការ​ពិភាក្សា​ប្រកប​ដោយ​តម្លាភាព

​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​បាន​បញ្ជាក់ប្រាប់​វិទ្យុបារាំង​ RFI​ នៅថ្ងៃ​ពុធ ទី​០១ ​ខែឧសភា​នេះថា ​អាមេរិក​មិនពាក់ព័ន្ធនឹង​បញ្ហា​ព្រែកជីក​ហ្វូណន​ទេ ក៏ប៉ុន្តែ​អាមេរិក​ស្នើឲ្យ​កម្ពុជា​អនុវត្ត​ការជីកព្រែក​នេះ ប្រកបដោយ​តម្លាភាព​។ ​ការលើកឡើង​របស់​សហរដ្ឋអាមេរិក ​ស្របពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ម៉ាណែត ​បាន​ប្រកាសជំហរ​សាជាថ្មីថា ​កម្ពុជា​ត្រូវតែ​ជីកព្រែក​ហ្វូណន​នេះឲ្យ​បាន​។

គម្រោងព្រែកជីកហ្វូណនដ៏ចម្រូងចម្រាស
គម្រោងព្រែកជីកហ្វូណន © សាធារណការ
ផ្សាយពាណិជ្ជកម្ម

ជុំវិញបញ្ហា​ព្រែកជីកហ្វូណន​ដ៏ចម្រូងចម្រាស​របស់កម្ពុជា ​សហរដ្ឋអាមេរិក ​តាមរយៈស្ថានទូត​នៅទីក្រុងភ្នំពេញ​អះអាងថា ​អាមេរិក​មិនជ្រៀតជ្រែក​ចូល​ក្នុង​ផ្នែកសេដ្ឋកិច្ច និង​ការភិវឌ្ឍន៍ ​ដែលជាការ​សម្រេចចិត្តរបស់​ប្រជាជនកម្ពុជា។​ អ្នកនាំពាក្យស្ថានទូត​អាមេរិកប្រចាំ​កម្ពុជាលោក​ Wesley Holzer ​បានប្រាប់​វិទ្យុបារាំង​RFI នៅថ្ងៃពុធ​នេះថា អាមេរិក​ក្នុងនាម​ជាមិត្តកម្ពុជា ​និង​ជា​មិត្តជាមួយ​ប្រទេសផ្សេងទៀត​ នៅក្នុងតំបន់ លើក​ទឹកចិត្តឲ្យកម្ពុជា​ប្រើប្រាស់យន្តការ​តំបន់​ដើម្បីពិភាក្សា​ជាមួយប្រទេស​ជិតខាង​ប្រកបដោយតម្លាភាព​។ បើតាម​អ្នកនាំពាក្យស្ថានទូត​អាមេរិក ​ការដោះស្រាយ​បញ្ហា និង​កង្វល់នានា ​ដែលបានឮ​ចេញពីគ្នា​ទៅវិញ​ទៅមក គឺជា​ដំណោះស្រាយ​ដ៏ល្អ​។

តែ​លោក​ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា​កម្ពុជា ​កាលពីថ្ងៃទី​២៦ ខែ​មេសាកន្លងទៅ ​បានបញ្ជាក់ច្បាស់ៗ​រឿងគម្រោង​ព្រែកជីក​ហ្វូណននេះថា ​កម្ពុជានឹង​មិនចរចាជាមួយ​វៀតណាម ឬ​ប្រទេសជា​សមាជិកនៃ​គណៈកម្មាការ​ទន្លេមេគង្គ​ណាទាំងអស់​។

នៅថ្ងៃពុធនេះដែរ​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានប្រកាសជាថ្មីថា​ ដាច់ខាត​កម្ពុជាត្រូវតែ​ធ្វើឲ្យបាន​រឿងព្រែកជីកហ្វូណន ​ទោះជាមានឬ​មិនមានការ​វិនិយោគពីក្រុមហ៊ុន​បរទេសក៏ដោយ។​ ដោយផ្តោតសំខាន់​ទៅលើទឹកចិត្ត​គាំទ្រដ៏ធំធេងពី​ពលរដ្ឋ ​លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា ​រដ្ឋាភិបាលគ្មានគម្រោង​រៃអង្គាស​ថវិកាពីប្រជាពលរដ្ឋ​ទេ ខណៈពលរដ្ឋ​ជាច្រើនចង់ឲ្យ​មានមូលនិធិ​ព្រែកជីកហ្វូណន​។ លោក ​ហ៊ុន ម៉ាណែត បញ្ជាក់ថា ​ការជីកព្រែកនេះ​ នឹងត្រូវធ្វើឡើង​នៅឆ្នាំ២០២៤​នេះ ឬ​យ៉ាងយូរ​នៅក្នុង​ឆ្នាំ​២០២៥​។

ប្រមុខរដ្ឋាភិបាល ​នៅបាន​បកស្រាយ​ទៅនឹង​ការលើកឡើង​ដែលថា ​ព្រែកជីក​ធ្វើឲ្យទឹកសាប​ហូរចាក់​អស់ ទៅសមុទ្រ។​ បើតាម​លោក ហ៊ុន ម៉ាណែត ​បច្ចុប្បន្នទឹកហូរ​តាមធម្មជាតិពី​ទន្លេមេគង្គ និង​ទន្លេបាសាក់ទៅកាន់​សមុទ្រ​មានចំណុះ ១៨ ០០០​ម៉ែត្រគូប​ក្នុង១វិនាទី។​ ផ្ទុយទៅវិញ​ទឹកហូរពីទន្លេមេគង្គ​ និង​ទន្លេបាសាក់​ទៅសមុទ្រ​មានតែ ៣,៦ម៉ែត្រគូប​ក្នុង១វិនាទី ​ទៅកាន់សមុទ្រ​តាមព្រែកជីក​។ ​នេះបើតាមការ​ប្រៀបធៀបរបស់​លោក ហ៊ុន ម៉ាណែត​។

សូមបញ្ជាក់ថាគម្រោង​ព្រែកជីកហ្វូណនប្រវែង​១៨០គីឡូម៉ែត្រ ពីភ្នំពេញ​ទៅកាន់ខេត្តកែប ហើយ​ដែលនឹងត្រូវចំណាយ​ថវិកាជិត ២ពាន់លានដុល្លារ ​បានបង្កឲ្យមានភាព​ចម្រូងចម្រាស​ជាច្រើន ក្នុងនោះ​រវាងខ្មែរនិងខ្មែរ​គ្នាឯង និង​រវាងខ្មែរ ​និងវៀតណាម​។ ទោះយ៉ាងណា​ លោក ហ៊ុន ម៉ាណែត ​នៅថ្ងៃនេះដែរ​ បានអំពាវនាវ​ដល់ពលរដ្ឋខ្មែរ​ឲ្យគិតពីប្រយោជន៍​ជាតិ​ជាធំ ហើយទុក​និន្នាការ​នយោបាយ​ដោយឡែក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ