អានតួអត្ថបទ

លោក ហ៊ុន សែន ឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច

លោក​ ហ៊ុន សែន បាន​ប្រាប់​មេធាវី​របស់​លោក​នៅ​យប់​ថ្ងៃ​ទី​២៣  ខែ​មេសា​ឆ្នាំ​២០២៤​ឲ្យ​ដកពាក្យ​បណ្តឹងប្រ​ឆាំង​នឹង​លោក​ជា ប៉ូច បន្ទាប់​ពី អតីត​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​រូប​នេះ ​ចេញ​លិខិត​សុំទោស​លោក​។ ​ក្នុង​ពេល​ជាមួយ​គ្នា ប្រមុខ​គណ​បក្ស​កាន់​អំណាច​ក៏បាន​គូសបញ្ជាក់​ពី​ការ​ទទួល​យក​ការ​សុំ​ទោស​ពី​មនុស្ស​ផ្សេង​ទៀត​ដែល​ទទួល​កំហុស ​និង​ប្រកាស​ផ្តាច់ខ្លួន​ចេញ​ពី លោក សម រង្ស៊ី។​ តែ លោក​ហ៊ុន សែន មិន​ភ្លេច​ព្រមាន​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យជន​ណា ​ឬក្រុម​ណាដែល​នៅ​បន្ត​ដើរ​តាម​មេ​បក្ស​ប្រឆាំង​លោក ​សម ​រង្ស៊ី ​ទេ។​​​​​

លោក ហ៊ុន សែនឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច
លោក ហ៊ុន សែនឲ្យមេធាវីដកពាក្យបណ្តឹងប្រឆាំងលោក ជា ប៉ូច © ជា ប៉ូច
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតសុំទោសទៅកាន់លោក ហ៊ុន សែន ក្នុងថ្ងៃទី២៣  ខែមេសាឆ្នាំ២០២៤ លោក ជា ប៉ូចបានអះអាងថា លោកបានផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី និងឈប់ធ្វើ សកម្មភាពនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សភ្លើងទៀន រួមទាំងគណបក្សណាដែលមាននិន្នាការប្រឆាំង។

ភ្លាមៗនៅថ្ងៃដដែលនោះ ប្រមុខគណបក្សកាន់ អំណាច លោក ហ៊ុន សែនបានឆ្លើយតបវិញតាមរយៈសារលើហ្វេសប៊ុកថា ក្នុងស្មារតីបង្រួបបង្រួមជាតិ លោកទទួលយកការសុំអភ័យទោសពីលោក ជា ប៉ូច ហើយថាលោកនឹងឲ្យមេធាវីដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

 

ក្នុងសារដដែល លោក ហ៊ុន សែនក៏បាន គូសបញ្ជាក់ពីការទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស  និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ ដែលលោក ហ៊ុន សែនចង់សំដៅដល់លោក សម រង្ស៊ី។ តែលោកហ៊ុន សែនមិនភ្លេចព្រមានថា លោកនឹងមិនអត់ឱនឲ្យជនណា  ឬក្រុមណាដែលនៅបន្តដើរតាមមេបក្សប្រឆាំងរូបនោះទេ។ លោកហ៊ុន សែនបញ្ជាក់ថា  លោកនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់លើ គណបក្សប្រជាជនកម្ពុជា ឬលើរូបលោកត ទៅ ទៀតដោយគ្មានការលើកលែង។

 

សូមបញ្ជាក់ថាកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែនបានបដិសេធមិនទទួលយកការសុំទោសពីលោក ជា ប៉ូច  ខណៈលោក ជា ប៉ូច នៅជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន។ កាលណោះ សារព័ត៌មាន Fresh News បានផ្សាយសំឡេងរបស់ លោក ជា ប៉ូច ទាក់ទងនឹងអ្វីដែលបក្សកាន់អំណាចចោទថាជាចេតនាផ្តួលរំលំរដ្ឋាភិបាល។ នៅថ្ងៃទី១៥ ខែឧសភា លោក ជា ប៉ូចដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសថៃបានសរសេរលិខិតបំភ្លឺខ្លីមួយទៅកាន់លោក ហ៊ុន សែន ដែលមានខ្លឹមសារថា  លោកបាននិយាយមានការឆ្គំាឆ្គងប៉ះពាល់ដល់លោក ហ៊ុន សែន ដែលលោកធ្វើការសុំទោសពីចម្ងាយ។

 

ពេលនោះ គណបក្សភ្លើងទៀនក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា  ខ្លួនមិនជាប់ ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គលឡើយ។ បន្ទាប់មក  លោក ហ៊ុន សែនបានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយអះអាងពីការមិនចង់វែងឆ្ងាយតទៅទៀត។ ប៉ុន្តែពេលនោះ លោក ហ៊ុន សែនក៏បានបញ្ជាក់ថា នៅសល់តែរឿងបុគ្គល ជា ប៉ូច មួយទៀតដែលមិនទាន់ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ