អានតួអត្ថបទ

លោក ទាវ វណ្ណុល នឹងចូលបំភ្លឺនៅតុលាការតាមបណ្តឹងរបស់រដ្ឋាភិបាល

លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​មេធាវី​តំណាង​រដ្ឋាភិបាល​កម្ពុជា​។ ​មេធាវី​រដ្ឋាភិ​បាល​ដែល​បាន​ប្តឹង​លោក​ ទាវ វណ្ណុល ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយ​ស​ប្រមុខ​រដ្ឋាភិបាល​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​លោក​ជា​មួយ​សារព័ត៌​មាន​ Nikkei Asia ​នាពេល​វត្តមាន​នៅ​ជប៉ុន​កាល​ពី​ដើម​ខែ​កុម្ភៈ​។ បទ​សម្ភាសន៍​កាល​ណោះក៏​ត្រូវ​បាន​វិទ្យុ​បារាំង RFI ​ដក​ស្រង់​ផ្សាយ​បន្ត​ដែរ​ តែ​បាន​ដក​ស្រង់​ចេញ​ពីកា​សែត​ជប៉ុន​ឈ្មោះ Shimbun Akahata ​ពោល​មិន​មែន​កាសែត​ Nikkei Asia ​ទេ​។

លោក ទាវ វណ្ណុល ពេលវិលពីអាមេរិកដល់កម្ពុជានៅថ្ងៃទី២៣ខែមេសា២០២៤
លោក ទាវ វណ្ណុល ពេលវិលពីអាមេរិកដល់កម្ពុជានៅថ្ងៃទី២៣ខែមេសា២០២៤ © គណបក្ស ភ្លើងទៀន
ផ្សាយពាណិជ្ជកម្ម

​ពី​ដំ​បូង លោក​ ទាវ ​វណ្ណុល ត្រូវ​បាន​តុលាការ​កោះ​ហៅឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ​តែ​មេធាវី​របស់លោក​បាន​សុំពន្យារ​ចូល​បំភ្លឺ​នៅថ្ងៃ​ទី​២៥ ​ខែ​មេសា​វិញ ​បន្ទាប់ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះបាន​វិលមក​ពី​ពិនិត្យ​សុខ​ភាព​នៅសហរដ្ឋ​អាមេរិ​ករ​យៈពេល​ជិត​២ខែ។​

 បណ្តឹងប្រឆាំង​លោក ទាវ វណ្ណុល​នេះ គឺ​យោង​លើការ​ផ្សាយ​របស់​សារព័ត៌​មាន​ជប៉ុន​ Nikkei Asia និងវិទ្យុ​បារាំង​អន្តរ​ជាតិ RFI​ កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​កន្លង​ទៅ។​ តែ​នៅក្នុង​ការ​ផ្សាយ​របស់ ​RFI ​ ក្នុង​ថ្ងៃ​ទី​៥ កុម្ភៈ ​RFI បាន​ដក​ស្រង់​ខ្លឹម​សារ​នៃ​ការ​ចុះផ្សាយ​របស់​កាសែត​ជប៉ុន​ឈ្មោះ ​Shimbun Akahata ចេញផ្សាយនៅ​ថ្ងៃទី​៤ ​ខែកុម្ភៈ​ដែល​ថា ​លោក​ ទាវ ​វណ្ណុល  បាន​ប្រាប់​លោក ​Akira Koike ​អគ្គលេខា​ធិការ​បក្សកុម្មុយ​នីស្ត​ជប៉ុន និង​ជា​សមាជិក​សភា​ ពី​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​កាំម៉ារ៉ា​ឃ្លាំមើល​នៅ​ខាងមុខ​ផ្ទះរបស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​។

 

ទន្ទឹមគ្នានោះ មេបក្សភ្លើងទៀនរូបនេះ ​ក៏បាន​ចោទ​រដ្ឋាភិបាលកម្ពុជា​ថា​បាន​ចាប់​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋដែល​រិះគន់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។ ​តែ​នៅក្នុ​ង​សេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បានបដិសេធ​លើកា​រលើក​ឡើងរបស់​លោក ទាវ ​វណ្ណុល និង​បានចាត់​ទុក​ជា «ការចោទប្រកាន់លើរដ្ឋាភិបាលទាំងបំពាន និងខុសពីការពិត»។ បន្ទាប់មក រឿងនេះក៏ត្រូវបានមេធាវីរដ្ឋាភិបាលប្តឹង លោក​ទាវ វណ្ណុល ទៅ​តុលាការ។​

ទោះជាយ៉ាងណា តាមការចុះផ្សាយរបស់កាសែតជប៉ុនឈ្មោះ Shimbun Akahata ក្នុងថ្ងៃទី៤ ខែកុម្ភៈ អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាលោក Akira Koike បានប្រាប់លោកទាវ វណ្ណុលថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមិនគួរកើតមាននៅកម្ពុជា និងថា សេរីភាពនៃការបញ្ចេញមតិ និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។

 បើតាមគណបក្សភ្លើងទៀន នៅក្នុងដំណើរទស្សនកិច្ចទៅជប៉ុនកាលពីដើមខែកុម្ភៈ លោក ទាវ វណ្ណុល បានផ្តល់សម្ភាសឲ្យសារព័ត៌មានជប៉ុនជាច្រើន ដូចជា Shimbun Akahata, Nippon TV Yomiuri Shimbun NHK Kyodo News Asahi Shimbun និង Sankei Shimbun តែមិនបានរំលេចពីការផ្តល់បទសម្ភាសឲ្យ Nikkei Asia ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ