អានតួអត្ថបទ

ទិវាប្រឆាំងជំងឺគ្រុនចាញ់៖កម្ពុជាលើកកម្ពស់សមធម៌សុខភាព និងប្តេជ្ញាបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង

ថ្ងៃទី២៥ មេសា ឆ្នាំ ២០២៤ ជាទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ ប្រធានបទសម្រាប់ទិវាឆ្នាំ ២០២៤ គឺការលើកកម្ពស់សមធម៌សុខភាព សមភាពយែនឌ័រ និងសិទ្ធិមនុស្ស។ នៅថ្ងៃទី២៤ មេសានេះ នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញលិខិតមួយដោយបញ្ជាក់ថា កម្ពុជាបានធ្វើដំណើរកាន់តែខិតជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥ និងថា ការចម្លងជំងឺមួយនេះបានថយចុះមកនៅត្រឹម ១ ៣៨៤ករណីប៉ុណ្ណោះក្នុងឆ្នាំ២០២៣។

ទិវាប្រឆាំងជំងឺគ្រុនចាញ់៖កម្ពុជាលើកកម្ពស់សមធម៌សុខភាព និងប្តេជ្ញាបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង
ទិវាប្រឆាំងជំងឺគ្រុនចាញ់៖កម្ពុជាលើកកម្ពស់សមធម៌សុខភាព និងប្តេជ្ញាបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង © សហការី
ផ្សាយពាណិជ្ជកម្ម

បើតាមប្រមុខរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត កម្ពុជាបានធ្វើដំណើរកាន់តែខិតជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥។ ខិតជិតដល់ព្រោះក្នុងឆ្នាំ ២០២៣ ការចម្លងដោយជំងឺមួយនេះមានត្រឹម ១ ៣៨៤ករណីប៉ុណ្ណោះ ពោលតិចឆ្ងាយជាងឆ្នាំ២០២២ ដែលមានរហូតដល់ទៅ ៤ ០៤១ករណី។ លោកហ៊ុន ម៉ាណែតបានបញ្ជាក់នៅក្នុងសារលិខិតថា ការអនុវត្តន៍លើដំណើរផ្លូវឆ្ពោះទៅគ្មានជំងឺគ្រុនចាញ់នៅកម្ពុជាត្រឹមឆ្នាំ២០២៥ និងពិភពលោកគ្មានជំងឺគ្រុនចាញ់នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការលើកកម្ពស់សិទ្ធិមនុស្ស និងសមភាពយែនឌ័រ។ 

តាមលោកហ៊ុន ម៉ាណែត បើទោះបីជាកម្ពុជាសម្រេចបានលទ្ធផលសំខាន់ៗក៏ដោយក៏មិនត្រូវភ្លេចថា កម្ពុជាពុំទាន់សម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅឡើយទេ និងថា បញ្ហាប្រឈមចម្បងៗដែលត្រូវធ្វើបន្ត គឺការផ្ដល់រោគវិនិច្ឆ័យ និងការព្យាបាលនៅតំបន់ដាច់ស្រយាល ពិសេសត្រូវពន្លឿនការអនុវត្តន៍នូវសកម្មភាពផែនការលុបបំបាត់ជំងឺគ្រុនចាញ់ដល់ប្រជាជនក្រីក្រ ស្ដ្រីមានផ្ទៃពោះ កុមារតូចៗ និងជនជាតិដើមភាគតិចដែលប្រឈមនឹងហានិភ័យខ្ពស់។

លោកយង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ក្នុងថ្ងៃទី២៤ មេសាថា ប្រធានបទដែលដាក់ចេញដោយរដ្ឋាភិបាលនៅក្នុងទិវាប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ឆ្នាំ ២០២៤ ជារឿងសំខាន់មួយ។ សំខាន់ដោយលោកពន្យល់ថា បើគ្មានសមធម៌សុខាភិបាល គ្មានសមភាពយែនឌ័រ និងគ្មានការគោរពសិទ្ធិមនុស្សទេ យុទ្ធនាការប្រឆាំងជំងឺគ្រុនចាញ់ក៏គ្មានប្រសិទ្ធភាពដែរ។ តែលោកយង់ គឹមអេងក៏មិនភ្លេចទាមទារឱ្យរដ្ឋាភិបាលត្រូវតែអនុវត្តនូវសារទាំងនេះឱ្យមានប្រសិទ្ធភាព និងល្អប្រសើរដែរ។

គួរបញ្ចាក់ថា ជំងឺគ្រុនចាញ់បានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គមកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦ កម្ពុជាបានដាក់វិធានការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ដែលជាហេតុធ្វើឱ្យអត្រានៃការចម្លងបានថយចុះ។ នេះបើតាមរដ្ឋាភិបាល។ ចំណែកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់បានបញ្ជាក់ថា ការឆ្លងជំងឺមួយនេះបានថយចុះពី ១១ម៉ឺនករណី និងស្លាប់ជាង៥០០នាក់ក្នុងឆ្នាំ២០១១ មកនៅសល់ត្រឹម ១៣៨៤ករណីក្នុងឆ្នាំ ២០២៣ និងលែងមានករណីស្លាប់គិតចាប់ពីឆ្នាំ២០១៨ មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ