ប្រធានាធិបតីឡាវគាំទ្រដោយមិនរារែកលើគម្រោងព្រែកជីកហ្វូណនកម្ពុជា
នៅថ្ងៃអង្គារទី២៣ ខែមេសានេះ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវបានចាប់ផ្តើមមានជំនួប និងកិច្ចប្រជុំសំខាន់ៗមួយចំនួនជាមួយមេដឹកនាំកម្ពុជានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ប្រមុខរដ្ឋឡាវបានបង្ហាញការគាំទ្រលើគម្រោងព្រែកជីកហ្វូណនកម្ពុជា និងដែលគម្រោងនេះត្រូវបានប្រទេសវៀតណាមសម្តែងការមិនសប្បាយចិត្ត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៥
នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានសម្តែងការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណន ដែលគ្រោងធ្វើឡើងនៅក្នុងទឹកដីកម្ពុជាប្រវែង១៨០គីឡូម៉ែត្រ និងត្រូវចំណាយថវិកាជិត ២ពាន់លានដុល្លារ។
តាមការប្រកាសព័ត៌មាននៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ការគាំទ្ររបស់ប្រមុខរដ្ឋឡាវចំពោះគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់មួយនេះ ធ្វើឡើង បន្ទាប់ពីមានការស្នើសុំពីលោក ហ៊ុន សែន នៅអំឡុងពេលជំនួបរវាងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ បើតាមការបញ្ជាក់ពីប្រធានរដ្ឋសភាកម្ពុជា គម្រោងព្រែកជីកហ្វូណនមិនមានប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីទេ ហើយព្រែកជីកនេះជាការតភ្ជាប់រវាងទន្លេបាសាក់ទៅកាន់សមុទ្រកម្ពុជា។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណននេះត្រូវបានកាសែត The Straitstimes ដែលមានទីស្នាក់ការនៅសិង្ហបុរីចុះផ្សាយកាលពីដើមខែមេសាថា វៀតណាមបារម្ភពីគម្រោងព្រែកជីកនៅកម្ពុជា ដែលអាចជាច្រកដ៏មានសក្តានុពលសម្រាប់កងទ័ពចិន។ កាសែតបានដកស្រង់ពីអត្ថបទរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានមួយគាំទ្រដោយរដ្ឋវៀតណាម ដែលបានព្រមានថា ព្រែកជីកហ្វូណនជាគម្រោងមុខពីរ ទី១ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២ អាចសម្រួលដល់វត្តមានយោធាចិនចូលជ្រៅទៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាម។
ក៏ប៉ុន្តែ រឿងនេះត្រូវបានលោក ហ៊ុន សែន បង្ហោះសារជាអក្សរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ថាព្រែកជីកហ្វូណនតេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ លើសពីនេះ ព្រែកជីកក៏នឹងជួយឲ្យប្រជាជននៅតាមដងព្រែកមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងជួយបង្កើននូវផលត្រីទឹកសាបនៅតាមព្រែកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ