អានតួអត្ថបទ
អាមេរិក-ស៊ីរី-អឺរ៉ុប

លោកអូបាម៉ាបានជូនដំណឹងពីការបញ្ជូនទាហានអាមេរិកបន្ថែមទៀតទៅស៊ីរី

នា​ពេល​ទស្សនៈកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​មេសា​នេះ បាន​ប្រកាស​ជូន​ដំណឹង​ពី​ការ​បញ្ជូន​ទាហាន​អាមេរិក​បន្ថែម​ទៀត​រហូត​ដល់​ចំនួន​២៥០​នាក់​ទៅ​កាន់​ប្រទេស​ស៊ីរី ដើម្បី​ជួយ​ដល់​កងទ័ព​ដៃគូ​របស់​ខ្លួន​ដែល​កំពុង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​អ៊ីស្លាម​អង្គការ​រដ្ឋអ៊ីស្លាម។ 

«ពិភពលោក​ចង់បានអឺរ៉ុប​មួយដែលខ្លាំងនិង​រួបរូមគ្នា» នេះ​ជា​សេចក្តី​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​របស់​លោក​​នៅ​ក្រុង​Hanovre ថ្ងៃចន្ទ​ទី​២៥មេសា​២០១៦​
«ពិភពលោក​ចង់បានអឺរ៉ុប​មួយដែលខ្លាំងនិង​រួបរូមគ្នា» នេះ​ជា​សេចក្តី​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​របស់​លោក​​នៅ​ក្រុង​Hanovre ថ្ងៃចន្ទ​ទី​២៥មេសា​២០១៦​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ការ​គាំទ្រ​របស់​អាមេរិក​ដល់​កង​ទ័ព​ជា​ដៃ​គូ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ​ជាអាទិ៍​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ក៏​ព្រម​ទាំង​កងកម្លាំង​​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម ​លោក​អូបាម៉ា ​នៅ​ក្រុង Hanovre ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់ បានប្រកាស​​ជូនដំណឹង​នៅថ្ងៃចន្ទ​នេះ​ថាលោក​នឹង​បញ្ជូន​ទាហាន​អាមេរិក​បន្ថែម​ទៀត​រហូត​ដល់​២៥០​នាក់​ទៅកាន់​ស៊ីរី។​

កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​ស៊ីរី  មាន​បេសសកម្ម​ណែនាំ​និងជួយ​ដល់​ក្រុម​ឧទ្ទាម​ស៊ីរី​និង​កង​កម្លាំង​នានា​ដែល​កំពុង​វាយ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ អង្គការ​រដ្ឋ​អ៊ីស្លាម​​ដែល​កំពុងកាន់​កាប់​ត្រួតត្រា​លើ​ទឹកដី​អ៊ីរ៉ាក់​និង​ស៊ីរី​យ៉ាង​ធំធេង។

មួយវិញទៀត ប្រឈម​នឹង​ការ​រលត់​រលាយ​នៃ​បទ​ឈ​ប់បាញ់​គ្នា​នៅ​ស៊ីរី​នា​បច្ចុប្បន្ន​នេះ លោក​ប្រធានាធិបតី​អាមេរិក បាន​អំពាវនាវ​កាលពី​ម្សិលមិញ សុំឲ្យ​មាន​ការ​រៀបចំ​ឡើងវិញ​ បទ​ឈប់​​បាញ់​គ្នា ដោយ​លោក​បាន​អះអាងដែរ​​ថា លោក​បាន​ពិភាក្សា​លើ​បញ្ហា​នេះ រួច​ហើយ​ដែរ​ជាមួយ​​លោក​ប្រធានាធិបតី​រុស្ស៊ី​Poutine​​​ ​កាលពី​ដើម​សប្តាហ៍​មុន។

នៅក្រុង​ Hanovre ក្នុងថ្ងៃនេះដែរ លោក​អូបាម៉ា​និង​ថ្នាក់​ដឹកនាំ​អឺរ៉ុប​សំខាន់ៗ​ដូចជា​លោក​ស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel និង​​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​​និងអ៊ីតាលី លោក David Cameron និងលោក Matteo RenZi ក៏ព្រមទាំង​ប្រធានាធិបតី​បារាំង​លោក​ Francois Holland ធ្វើការរួមប្រជុំ​គ្នា​នៅ​ក្នុង​ជំនួប​តូចមួយ​​ដែល​ឧទ្ទិស​ជាពិសេស លើ​​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​អង្គការរដ្ឋអ៊ីស្លាម។

នៅក្នុងបញ្ហាសង្គ្រាមនៅប្រទេសស៊ីរីនេះ បណ្តា​ប្រទេស​អ៊ឺរ៉ុបជាច្រើន​​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​បាន​ដាក់​គំនា​ប​កាន់តែ​ខ្លាំង​លើ​រូប​លោក​អូបាម៉ា​និង​​បាន​ធ្វើ​ការ​បន្ទោស​ថា​ “លោក​អូបាម៉ា មិន​បាន​ជួយជ្រោម​ជ្រែង​​​ឲ្យ​បានពេញដៃពេញជើងឡើយ ​នៅ​ក្នុង​ការ​ទប់ស្តាត់​ការ​បង្ហូរឈាមនៅក្នុងប្រទេសស៊ីរី។​

ប្រទេស​ស៊ីរី ដែល​បាន​ផុង​ក្នុង​សង្គ្រាមស៊ីវីល​ដ៏​រាំរៃ​មួយ​ចាប់តាំង​ពី​ឆ្នាំ​២០១១មក និង​ដែល​បាន​ធ្វើឲ្យ​ប្រជាជន​ខ្លួន​ស្លាប់អស់​ជាង​២៧​ម៉ឺន​នាក់​ក៏ព្រមទាំង​​ជន​បន្លាស់ទី​យ៉ាងតិច​ចំនួន​ពាក់​កណ្តាល​នៃ​ប្រជាជន​នៅក្នុង​​ប្រទេស​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ