អានតួអត្ថបទ
អាមេរិក-ស៊ីរី

វិបត្តិ​ស៊ីរី​ជា​វិញ្ញាសា​ថ្មី​មួយ​ទៀត​សម្រាប់​នយោបាយ​ការទូត​អាមេរិក​នៅ​ដើមបូព៌ា!

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក​ឃ៊ែរី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១២ មីនា​នេះ​ថា លោក​ចង់​ឃើញ​កិច្ចចរចា​សន្តិភាព​ស្តីពី​ប្រទេស​ស៊ីរី​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ចន្ទ ទី១៤ មីនា​សប្តាហ៍​ក្រោយ​ប្រព្រឹត្ត​ទៅ​ដូច​បាន​គ្រោង​ទុក។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ពី​កិច្ចប្រជុំ​ក្រុម​ការងារ​របស់​អាមេរិក និង​រុស្ស៊ី​ដើម្បី​ជជែក​ពី​បទឈប់​បាញ់​នៅ​ស៊ីរី​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី២៧ កុម្ភៈ។ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ឃ៊ែរី​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​និយាយ​ពី​បញ្ហា​ស៊ីរី​ជាមួយ​សមភាគី​អឺរ៉ុប​ទៀត។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី (រូបស្តាំ) និង​ស្តេច​អារ៉ាប៊ីសាអូឌីតសាលម៉ាន
លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី (រូបស្តាំ) និង​ស្តេច​អារ៉ាប៊ីសាអូឌីតសាលម៉ាន REUTERS
ផ្សាយពាណិជ្ជកម្ម

បទ​ឈប់​បាញ់​នៅ​ស៊ីរី​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី២៧ កុម្ភៈ គឺ​ជា​លទ្ធផល​បាន​មក​ពី​ការងារ​រួម​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី។ នៅ​ក្នុង​ជំនួប​ជាមួយ​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​ទទួល​ស្គាល់​ថា បទ​ឈប់​បាញ់​ត្រូវ​បាន​គោរព​ជា​ទូទៅ​ដោយ​បាន​ចូល​រួម​កាត់បន្ថយ​អំពើហិង្សា​រវាង​ក្រុមប្រឆាំង និង​រដ្ឋាភិបាល​ពី ៨០ ទៅ ៩០% និង​បន្ថែម​ថា លោក​ចង់​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ តែ​ទន្ទឹម​គ្នា​នេះ និង​ជា​លើកទីមួយ លោក​ឃ៊ែរី​ក៏បាន​ចង្អុល​ចំ​មុខ​រដ្ឋាភិបាល​ស៊ីរី​ថា​បាន​ឆ្លៀត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់។

ភ្ជាប់​នឹង​ការ​ចង្អុល​មុខ​របប​ស៊ីរី​របស់​លោក​អាសាដ លោក​ឃ៊ែរី​ក៏​បាន​ព្រមាន​ត្រង់ៗ​ថា របប​អាសាដ​មិន​អាច​ឆ្លៀត​ប្រើ​យន្តការ​បទ​ឈប់​បាញ់​នេះ​ដើម្បី​កេង​ចំណេញ​ស្ថានការណ៍​បាន​ឡើយ និង​ថា ភាព​អត់ធ្មត់​របស់​សហគមន៍​អន្តរជាតិ​មាន​កម្រិត។ ការ​រំលោភ​បទ​ឈប់​បាញ់​ពី​សំណាក់​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​នេះ​ត្រូវ​បាន​លោក​ប្រមុខ​ការទូត​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ការងារ​មួយ​រវាង​ភាគី​អាមេរិក និង​រុស្ស៊ី​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស និង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្សកដានី។ ស្រប​ពេល​គ្នា​នេះ លោក​ឃ៊ែរី​ក៏​បាន​ស្នើ​ឲ្យ​មាន​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ជាមួយ​នឹង​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវឺរ៉ូស​ដែរ។

ហេតុអ្វី​បាន​ជា​យុទ្ធនាការ​របស់​លោក​ចន ឃ៊ែរី​ផ្តោត​សំខាន់​លើ​ស៊ីរី​ពេល​នេះ?

បេសកកម្ម​ដ៏​មមាញឹក​របស់​លោក​ឃ៊ែរី​ពេល​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​មុន​ការ​បើក​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ដែល​គ្រោង​ធ្វើ​រយៈពេល ១០ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២៤ មីនា​ខាង​មុខ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ការ​ប្រឹងប្រែង​នៅ​នាទី​ចុង​ក្រោយ​របស់​លោក​ឃ៊ែរី គឺ​មក​ពី​លោក​ចង់​ឲ្យ​កិច្ចចរចា​នៅ​សប្តាហ៍​ក្រោយ​ប្រព្រឹត្ត​ដូច​បាន​គ្រោង​ទុក ពោល​មិន​ចង់​ឲ្យ​មាន​ភាព​រអាក់រអួល​ដូច​កើត​មាន​នា​ពេល​កន្លង​មក។ ចូរ​កុំ​ភ្លេច​ថា គឺ​បទឈប់​បាញ់​កាល​ពី​ថ្ងៃទី២៧ កុម្ភៈ​ដែល​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ីរី​យល់ព្រម​ចូល​អង្គុយ​តុចរចា។
 
សម្រាប់​លោក​ឃ៊ែរី​គឺ​ច្បាស់​ណាស់ បរាជ័យ​ក្នុង​ការ​បើក​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​នៅ​សប្តាហ៍​ក្រោយ​មាន​ន័យ​ស្មើ​នឹង​បរាជ័យ​របស់​នយោបាយ​ការទូត​អាមេរិក និង​រុស្ស៊ី។ រហូត​មក​ដល់​ថ្ងៃ​នេះ ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ីរី​បាន​ប្រកាស​យល់​ព្រម​ចូលរួម​នៅ​ក្នុង​កិច្ចចរចា តែ​គេ​ក៏​ហ៊ាន​ទទួល​ស្គាល់​ថា អាច​នឹង​មាន​ភាគី​ណា​មួយ​បដិសេធ​មិន​ចូលរួម​នៅ​នាទី​ចុង​ក្រោយ​ដូច​ដែល​ធ្លាប់​មាន​កន្លង​មក ពិសេស​គឺ​ភាគី​ខាង​ក្រុម​ប្រឆាំង។
 
កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ដែល​គ្រោង​បើក​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​បាន​ធ្វើ​ឡើង ចំ​ខួប​គម្រប់ ៥ឆ្នាំ​នៃ​ការ​ងើប​បះបោរ​របស់​ប្រជាជន​ស៊ីរី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​អាសាដ។ ការ​ងើប​បះបោរ​ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​សង្រ្គាមស៊ីវិល​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៥ម៉ឺននាក់ និង​មាន​ជនភៀសខ្លួន​ជា​ច្រើន​លាននាក់​នៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។
 
បុគ្គល​អាសាដ​នៅ​បន្ត​ជា​ប្រធានរឿង​ស្មុគស្មាញ​ពិបាក​ដោះស្រាយ
 
មាន​ប្រធានបទ​សំខាន់​ចំនួន ៣ ដែល​កិច្ចចរចា​គ្រោង​នឹង​លើក​យក​ទៅ​ជជែក​នៅ​សប្តាហ៍​ក្រោយ ទី១ ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ ទី២ ការ​រៀបចំ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី និង​ទី៣ ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី និង​សភា។ នៅ​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​នេះ​ត្រូវ​បាន​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិស៊ីរី​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី១១ មីនា​ថា គ្រោង​ធ្វើ​នៅ ១៨ខែ​ទៀត​ដោយ​រាប់​ចាប់​ពី​ថ្ងៃទី១៤ មីនា​សប្តាហ៍​ក្រោយ​ដែល​ជា​ថ្ងៃ​បើក​កិច្ចចរចា ហើយ​ការ​រៀបចំ​បោះឆ្នោត​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។
 
ក៏​ប៉ុន្តែ និង​បើ​ទោះ​បី​ជា​ភាគី​ជម្លោះ​យល់​ព្រម​លើក​យក​ប្រធានបទ​សំខាន់​ទាំង ៣ ទៅ​ជជែក​ក៏​ដោយ ក៏​ប្រធានរឿង​ទាក់ទង​នឹង​បុគ្គល​អាសាដ​នៅ​បន្ត​ជា​ឧបសគ្គ​ដែល​មិន​ងាយ​នឹង​ដោះស្រាយ​រួច។ ក្រុមប្រឆាំង​ដែល​បាន​យល់​ព្រម​ទៅ​ចូលរួម​កិច្ចចរចា​នា​សប្តាហ៍​ក្រោយ​នៅ​តែ​អះអាង​ថា អនាគត​ស៊ីរី​មិន​មាន​កន្លែង​សម្រាប់​លោក​អាសាដ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ចំពោះ​មុខ​ពេល​នេះ ភាគី​ក្រុមប្រឆាំង និង​ភាគី​បស្ចិមលោក​ហាក់​ដូច​មិន​ចង់​លើក​យក​បុគ្គល​អាសាដ​ធ្វើ​ជា​ឧបសគ្គ​ចម្បង​ដូច​ដែល​ពួក​គេ​ធ្លាប់​បាន​ទាមទារ​កន្លង​មក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ