អានតួអត្ថបទ
អាមេរិក

សន្តិសុខនុយក្លេអ៊ែរ៖​ជំនួបកំពូល​បាន​ផ្តោត​លើ​ការ​គំរាមកំហែង​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ថ្ងៃ​សុក្រ ទី១ មេសា​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​បិទបញ្ចប់​ជំនួបកំពូល​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ​រៀបចំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្រៅ​ពី​ជំនួប​ជា​លក្ខណៈ​រួម ក៏​មាន​ជំនួប​ជា​លក្ខណៈ​ត្រីភាគី​រវាង​អាមេរិក ជប៉ុន កូរ៉េខាងត្បូង និង​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​រវាង​អាមេរិក និង​ចិន រវាង​អាមេរិក និង​បារាំង ឬ​មួយ​រវាង​អាមេរិក និង​តួកគី​ជា​ដើម។ បន្ទាប់​ពី​បាន​និយាយ​ច្រើន​ទាក់ទង​នឹង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជំនួបកំពូល​ក៏​បាន​ផ្តោត​សំខាន់​លើ​ការ​គំរាមកំហែង​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ សមភាគី​អាមេរិក​លោក​ប៉ារ៉ាក់ អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្ស អាបេ
លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ សមភាគី​អាមេរិក​លោក​ប៉ារ៉ាក់ អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្ស អាបេ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ត្រីភាគី​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ភាគី​ទាំង ៣ បាន​លើក​យក​ទៅ​និយាយ​ច្រើន​ពី​បញ្ហា​នុយក្លរអ៊ែរ​កូរ៉េខាងជើង។ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​ជាមួយ​សមភាគី​អាមេរិក​លោក​ប៉ារ៉ាក់ អូបាម៉ា និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្ស អាបេ​ថា ប្រទេស​ទាំង ៣ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ដោយ​ធ្វើ​យ៉ាង​ណា រារាំង​កូរ៉េខាងជើង​កុំ​ឲ្យ​បន្ត​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់គ្រាប់មីស៊ីល​អន្តរទ្វីប។ តែ​លោកស្រី​ប៉ាក់ គុនហេ​មិន​បាន​លំអិត​ទេ​ថា តើ​មាន​វិធានការ​អ្វី​ខ្លះ​ដែល​ជំនួបកំពូលត្រីភាគី​បាន​អនុម័ត​ក្នុង​ការ​កាច់បំបាក់​ធ្មុង​មនុស្សខ្លាំង​ក្រុង​ព្យុងយ៉ាង​លោក​គីម ជុនអ៊ុន​កុំ​ឲ្យ​បង្ក​រឿង​ជា​ថ្មី​នោះ។

គួរ​ជម្រាប​ជូន​ថា តាំង​ពី​ឆ្នាំ ២០០៦ មក កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន ៤ដង​ដែល​លើក​ទី៤ បាន​ធ្វើ​នៅ​ក្នុង​ខែ​មករា​ដើម​ឆ្នាំ ២០១៦ នេះ។ និយាយ​ពី​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​វិញ គ្រាន់​តែ​នៅ ៣ខែ​ដើម​ឆ្នាំ ២០១៦ នេះ មាន​បាញ់​ចំនួន ៤ដង ដែល​លើកទី៤ បាន​បាញ់​ក្នុង​ថ្ងៃ​សុក្រ ទី១ មេសា​នេះ​ចំ​ថ្ងៃ​ជំនួបកំពូល​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ។ ដូច្នេះ​ឃើញ​ថា កូរ៉េខាងជើង​នៅ​តែ​បន្ត​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ក្បាល​ចិត្ត ដោយ​មិន​ខ្វាយខ្វល់​បន្តិច​ណា​ឡើយ​ចំពោះ​វិធានការ​របស់​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​របស់​ប្រទេស​បច្ចិមលោក។

ជំនួប​ទ្វេភាគី​អាមេរិក និង​ចិន
ជំនួប​ទ្វេភាគី​អាមេរិក និង​ចិន Reuters

កូរ៉េខាងជើង​អាង​ខ្នង​ចិន

កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយសារ​តែ​អាង​ខ្នង​ចិន។ ចូរ​កុំ​ភ្លេច​ថា ទង្វើ​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​របបក្រុង​ព្យុងយ៉ាង​តែងតែ​ទទួល​បាន​ការ​ថ្កោលទោស និង​ទ័ណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ក៏​ដូច​ពី​ប្រទេស​បស្ចិមលោក​នីមួយៗ ពិសេស​អាមេរិក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ចិន និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​តែងតែ​ប្រើ​សិទ្ធិវេតូ​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​ណា​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើ​មិត្ត​កូរ៉េខាងជើង​របស់​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តួអង្គឯក​តែ​មួយ​គត់​ដែល​នឹង​អាច​និយាយ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​ឈប់​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់គ្រាប់មីស៊ីល​អន្តរទ្វីប។ តែ​នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​នា​ឱកាស​ជំនួបកំពូល​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ លោក​ប្រធានាធិបតី​ចិន​ស៊ី​ជីនពីង​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​មាន​វិធានការ​អ្វី​បន្ថែម​លើ​កូរ៉េខាងជើង​ទេ។

លោក​ស៊ី ជីនពីង​បាន​យល់​ឃើញ​ថា មាន​តែ​ការ​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​ឡើង​វិញ​ទេ​ទើប​គេ​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន ពោល​មិនមែន​ទ័ណ្ឌកម្ម។ ទន្ទឹម​គ្នា​នេះ លោក​ស៊ី ជីនពីង​ក៏​ឆ្លៀត​និយាយ​បញ្ឆិតបញ្ចៀង​ទាក់ទង​នឹង​គម្រោង​ផែនការ​របស់​អាមេរិក​ដែល​ចង់​ដំឡើង​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដោយ​អះអាង​ថា គ្មាន​ភាគី​ណា​មួយ​គួរ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ភាគី​ផ្សេង​ដែល​នឹង​បង្ក​ឲ្យ​បាត់បង់​តុល្យភាព​យុទ្ធសាស្រ្ត​នៅ​ក្នុង​តំបន់​ទេ។

ជំនួប​ទ្វេភាគី​អាមេរិក និង​បារាំង
ជំនួប​ទ្វេភាគី​អាមេរិក និង​បារាំង REUTERS/Kevin Lamarque

អាមេរិក និង​បារាំង​ប្តេជ្ញា​បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម

ដោយឡែក នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី​បារាំង​ហ្រ្វង់ស័រ ហូឡង់ លោក​អូបាម៉ា​បាន​និយាយ​ច្រើន​ពី​ការ​គំរាមកំហែង​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ អ្វី​ដែល​លោក​អូបាម៉ា​សម្តែង​ក្តីបារម្ភ​ខ្លាំង គឺ​សមត្ថភាព​របស់​អឺរ៉ុប​ក្នុង​ការ​ប្រឈម​ទប់​នឹង​ហានិភ័យ​កើត​ចេញ​ពី​ការ​វាយប្រហារ​របស់​ពួកជីហាត​នៅ​តាម​ទីក្រុង​អឺរ៉ុប​ធំៗ។ លោក​អូបាម៉ា​ខ្លាច​ពួកជីហាត​ប្រើ​នុយក្លេអ៊ែរ​ដើម្បី​វាយប្រហារ។

នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ជា​វិធានការ​បង្ការ​ទុក​មុន លោក​អូបាម៉ា​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការ​ផ្តោះប្តូរ​ព័ត៌មានសម្ងាត់​ក្នុង​កម្រិត​អន្តរអាត្លង់ទិក។ គោលដៅ គឺ​ដើម្បី​ស្វែង​ដឹង​មុន​នូវ​គម្រោង​វាយប្រហារ​ជា​យថាហេតុ និង​ការ​កាត់​ផ្តាច់​ប្រភព​ចំណូល​របស់​ពួកជីហាត។ ក្រៅ​ពី​ការ​ចាយចែក​ព័ត៌មាន​សម្ងាត់ លោក​អូបាម៉ា​ក៏​បាន​សំណូមពរ​ឲ្យ​មាន​ការ​តាមដាន​ក្រុមយុទ្ធជន​ដែល​បាន​ចាក​ចេញ​ពី​អ៊ីរ៉ាក់ និង​ស៊ីរី រួច​ត្រឡប់​ចូល​ក្នុង​ប្រទេស​អឺរ៉ុប ឬ​ប្រទេស​ផ្សេង​ទៀត។

ដោយឡែក នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី​បារាំង​លោក​ហ្រ្វង់ស័រ ហូឡង់​ដដែល លោក​អូបាម៉ា​បាន​និយាយ​កោត​សរសើរ​លោក​ហូឡង់​ថា៖

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា Reuters

« លោក​ប្រធានាធិបតី​ហូឡង់​ជា​មេដឹកនាំ​ម្នាក់​ដើម្បី​ប្រមូលផ្តុំ​សហភាព​អឺរ៉ុប​ឲ្យ​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​ក្នុង​យុទ្ធនាការ​ផ្តោះប្តូរ​ព័ត៌មាន​អន្តរអាត្លង់ទិក »

 

 

ជា​ការ​ឆ្លើយ​តប​វិញ លោក​ហូឡង់​បាន​សាទរ​ពី​កិច្ចសហប្រតិបត្តិ​ការ​កម្រិត​ខ្ពស់​រវាង​បារាំង និង​អាមេរិក​ក្នុង​ផ្នែក​ចែកចាយ​ព័ត៌មាន​សម្ងាត់ ក៏​ដូច​ជា​ការ​តាមដាន​ក្រុមយុទ្ធជន​បរទេស​ដែល​បាន​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ នៅ​ស៊ីរី​ត្រូវ​បាន​លោក​ហូឡង់​បាន​បញ្ជាក់​ថា បារាំង​បាន​ចូលរួម​គាំទ្រ​ទាំង​ផ្លូវយោធា និង​ផ្លូវនយោបាយ។

លោក​ប្រធានាធិបតីបារាំង​ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតីបារាំង​ហ្រ្វង់ស័រ ហូឡង់ Reuters

« យើង​មាន​សុទិដ្ឋនិយម​ថា អង្គការ​រដ្ឋអ៊ីស្លាម​បាន និង​កំពុង​បាត់បង់​ដែនដី និង​ចុះ​ខ្សោយ​ឥទ្ធិពល​មួយ​ផ្នែក​របស់​វា។ ក្នុង​ន័យ​នេះ ទីក្រុង​រ៉ាកា​ជា​គោលដៅ​ដែល​ត្រូវ​វាយ​ដណ្តើម​យក​ពី​អង្គការ​រដ្ឋអ៊ីស្លាម​មក​វិញ។ ទន្ទឹម​គ្នា​នេះ គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ពី​ផែនការ​នយោបាយ ពិសេស​ទាក់ទង​នឹង​បទឈប់​បាញ់​នៅ​ស៊ីរី​ដែល​គ្រប់​ភាគី​ជម្លោះ​បាន​គោរព​ត្រឹមត្រូវ​មក​ដល់​ថ្ងៃ​នេះ។ អ្វី​ដែល​យើង​ចង់​បាន​នៅ​ពេល​ខាង​មុខ គឺ​យក​ឱកាស​បទឈប់បាញ់​ដើម្បី​ជំរុញ​កិច្ចចរចា និង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ​នៅ​ស៊ីរី »

ក្រៅ​ពី​សំណុំរឿង​អ៊ីរ៉ាក់ និង​ស៊ីរី លោក​ប្រធានាធិបតី​អាមេរិក និង​សមភាគី​បារាំង​ក៏​បាន​លើក​ឡើង​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​លីប៊ី​ដែរ។ ត្រង់​ចំណុច​នេះ វ៉ាស៊ីតោន និង​ប៉ារីស​បាន​សម្តែង​ការ​គាំទ្រ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​លីប៊ីដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​លីប៊ី​ក្លាយ​ជា​ជង្រុក​ថ្មី​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ