ក្រុមប្រឹក្សាសិទ្ធិមនុស្ស អនុម័តសេចក្តីសម្រេចចិត្តថ្កោលទោស “អំពើដុតគម្ពីរកូរ៉ង់”
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃពុធម្សិលមិញ អនុម័តសេចក្តីសម្រេចចិត្តថ្មីមួយ ដោយបានថ្កោលទោស សកម្មភាពយកភ្លើងដុតគម្ពីរកូរ៉ង់ ជាទីសក្ការៈនៃសាសនាអ៊ីស្លាម ព្រមទាំងសកម្មភាពញុះញង់រើសអើងស្អប់ខ្ពើមសាសនាជាទូទៅ។ តែយ៉ាងណា ប្រទេសមួយចំនួនបានលើកឡើងថា ខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ គឺវាប៉ះពាល់ដល់តម្លៃនៃ “សិទ្ធិសេរីភាពបញ្ចេញមតិ”។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៦
ប្រទេសចំនួន២៨ ក្នុងចំណោម៤៧ បានបោះឆ្នោតគាំទ្រ លើអត្ថបទសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានខ្លឹមសារ ថ្កោលទោសចំពោះសកម្មភាព បែបស្អប់ខ្ពើមរើសអើងសាសនា ដូចដែលបានកើតឡើងនាពេលថ្មីៗ នៅទីសាធារណៈ និងដោយមានចេតនាគិតទុកមុន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើតម្លៃជាទីសក្ការៈ នៃគម្ពីរកូរ៉ង់។ អត្ថបទនេះ បានអំពាវនាវ ឲ្យប្រទេសទាំងអស់ត្រូវមានច្បាប់ផ្តន្ទាទោសឲ្យធ្ងន់ ទៅលើអំពើរបៀបនេះ។ តាមរយៈសេចក្តីសម្រេចចិត្តនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានទាមទារផងដែរ ឲ្យអង្គការសហប្រជាជាតិ ត្រូវតែកត់ឈ្មោះប្រទេសទាំងឡាយណា ដែលមិនទាន់មានច្បាប់បែបនេះ ហើយនឹងត្រូវរៀបចំការប្រជុំតុមូលជាបន្ទាន់ ដើម្បីនិយាយអំពីបញ្ហានេះ។
សូមបញ្ជាក់ថា គឺប្រទេសប៉ាគីស្ថាន តាងនាមឲ្យប្រទេសសមាជិក នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលបានផ្តួចផ្តើមគំនិត ស្នើអត្ថបទសេចក្តីសម្រេចចិត្តមួយនេះ។ ជាការស្នើដែលត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីជនជាតិអ៊ីរ៉ាក់ម្នាក់ ជាជនភៀសខ្លួនរស់នៅប្រទេសស៊ុយអែត បានដុតគម្ពីរកូរ៉ង់ ឆេះអស់ប៉ុន្មានសន្លឹក នៅខាងមុខព្រះវិហារអ៊ីស្លាមដ៏ធំមួយ ក្នុងទីក្រុងស្តុកខូលម៍ កាលពីថ្ងៃទី២៨មិថុនា។
លោកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្ស បានលើកឡើងថា សេចក្តីសម្រេចចិត្តនេះ មានអត្ថន័យប្រកបដោយតុល្យភាព និងមិនបានចង្អុរថ្កោលទោសប្រទេសណាមួយ ដោយចំពោះនោះទេ។ លោក ចិន ស៊ូ អគ្គរដ្ឋទូតចិន ដែលបានបោះឆ្នោតគាំទ្រអត្ថបទនេះដែរនោះ បានលើកឡើងថា អំពើស្អប់ខ្ពើមមកលើ សាសនាអ៊ីស្លាម ពិតជាបានកើនឡើងខ្លាំងច្រើនណាស់។
គួរកត់សំគាល់ថា ការលើកឡើងរបស់អគ្គរដ្ឋទូតចិនបែបនេះ បានធ្វើឲ្យមន្ត្រីការទូតមួយចំនួន អស់សំណើចដែរ ព្រោះចិនខ្លួនឯង ក៏ត្រូវបានគេចោទថាបានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ទៅលើប្រជាជនអ៊ុយហ្កួរ និងសហគមអ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀតនៅខេត្តស៊ីនជាំង។
គួរបញ្ជាក់ដែរថា ក្នុងចំណោមប្រទេសដែលបានបោះឆ្នោតបដិសេធទាំង១២ប្រទេស គឺមានភាគច្រើនជាប្រទេសលោកខាងលិច ដូចជាបារាំង អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ លោកស្រី Michèle Taylor អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា គេក៏ថ្កោលទោសទង្វើដុតកុម្ពីកូរ៉ង់ដែរ តែអត្ថបទសេចក្តីសម្រេចចិត្តនេះ វាមានខ្លឹមសារ ប៉ះពាល់ទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ។ ដូចគ្នាដែរ ប្រទេសមិចស៊ិក និងហុងឌូរ៉ាស ដែលបានបោះឆ្នោតអនុប្បវាទ បានលើកឡើងថា សេចក្តីសម្រេចចិត្តនេះត្រូវបានគេយកមកជជែកយ៉ាងតក់ក្រហល់ មិនអាចឲ្យមានការយល់ស្របគ្នាទេ។ សម្រាប់ប្រទេសមិចស៊ិក ការបញ្ចេញមតិទាំងឡាយដែលរិះគន់ទៅលើសាសនា វាមិនមែនសុទ្ធតែជាការញុះញង់ឲ្យមានអំពើហិង្សា ឬការស្អប់ខ្ពើមរើសអើងសាសនាទាំងអស់នោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ